អាហ្ស៊ែបៃហ្សង់និងអាមេនីយល់ព្រមលើបទឈប់បាញ់មនុស្សធម៌ថ្មី – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

អាហ្ស៊ែបៃហ្សង់និងអាមេនីយល់ព្រមលើបទឈប់បាញ់មនុស្សធម៌ថ្មី

Published

on

ជាថ្មីម្តងទៀត ប្រទេសអាមេនីនិងអាហ្ស៊ែបៃហ្សង់បានយល់ព្រមគោរពបទឈប់បាញ់មនុស្សធម៌នៅក្នុងជម្លោះដែនដី Nagorno-Karabakh។ នេះយោងតាមសេចក្តីថ្លែងការណ៍រួមពីក្រសួងការបរទេសសហរដ្ឋអាមេរិកនិងរដ្ឋាភិបាលប្រទេសទាំងពីរ។

សេចក្តីថ្លែងការណ៍បាននិយាយកាលពីថ្ងៃអាទិត្យថា បទឈប់បាញ់នេះនឹងចូលជាធរមាននៅម៉ោង៨ព្រឹកថ្ងៃចន្ទ។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ OSCE Minsk Group ដែលបង្កើតឡើងដើម្បីសម្រុះសម្រួលជម្លោះហើយដឹកនាំដោយប្រទេសបារាំង រុស្ស៊ីនិងសហរដ្ឋអាមេរិកបាននិយាយថា សហប្រធាននិងរដ្ឋមន្ត្រីការបរទេសរបស់ខ្លួននឹងជួបគ្នាម្តងទៀតនៅថ្ងៃទី២៩ខែតុលាដើម្បីពិភាក្សាអំពីបញ្ហា Nagorno-Karabakh។

សេចក្តីថ្លែងការណ៍មួយពីក្រុមនេះបាននិយាយថា “នៅក្នុងកិច្ចពិភាក្សាដ៏ក្តៅគគុក សហប្រធាននិងរដ្ឋមន្រ្តីការបរទេសបានពិភាក្សា អនុវត្តបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ដែលអាចធ្វើទៅបានសម្រាប់ការឃ្លាំមើលបទឈប់បាញ់និងការចាប់ផ្តើមពិភាក្សាលើធាតុសំខាន់ៗនៃដំណោះស្រាយគ្រប់ជ្រុងជ្រោយ”។

បទឈប់បាញ់មុននេះត្រូវបញ្ចប់កាលពីថ្ងៃសៅរ៍មុនពេលដែលភាគីនីមួយៗបានចោទប្រកាន់គ្នាទៅវិញទៅមកពីការរំលោភបំពាន។

កាលពីថ្ងៃអាទិត្យ ក្រសួងការពារជាតិនៃតំបន់ Nagorno-Karabakh បាននិយាយថា ខ្លួនបានកត់ត្រាការស្លាប់មនុស្សចំនួន១១នាក់ផ្សេងទៀតក្នុងចំណោមកងកម្លាំងរបស់ខ្លួនដែលនាំឲ្យចំនួនយោធាស្លាប់ឡើងដល់៩៧៤នាក់ចាប់តាំងពីការប្រយុទ្ធគ្នាជាមួយកងកម្លាំងអាហ្ស៊ែបៃហ្សង់ផ្ទុះឡើង។

ចំណែកអាហ្ស៊ែបៃហ្សង់បាននិយាយថា ជនស៊ីវិលរបស់ខ្លួនចំនួន៦៥នាក់ត្រូវបានសម្លាប់និង២៩៨នាក់រងរបួសប៉ុន្តែមិនបានបង្ហាញតួលេខស្លាប់និងរបួសរបស់យោធាខ្លួនទេ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Al Jazeera

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម