ព័ត៌មានអន្ដរជាតិ
តួអង្គសំខាន់ៗនៅពីក្រោយលោក ពូទីន ក្នុងការវាយលុក អ៊ុយក្រែន (មានវីដេអូ)
ពិភពលោកកំពុងតែផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើវិបត្តិជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន ហើយអ្វីដែលធ្វើឲ្យគេកាន់តែបារម្ភនោះគឺថា លោក ពូទីន ទើបតែបានប្រកាសត្រៀមបាញ់អាវុធនុយក្លេអ៊ែរទៀតផង។

អន្តរជាតិកំពុងតែថ្កោលទោស និងដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើប្រទេស រុស្ស៊ី ដោយសារតែសកម្មភាពរបស់លោក ពូទីន។
ទោះបីជាយ៉ាងណាក៏ដោយ ក្រៅពីលោក ពូទីន គេនៅឃើញមានតួអង្គសំខាន់ៗមួយចំនួនទៀត ដែលពាក់ព័ន្ធនឹងការវាយលុក អ៊ុយក្រែន៖ តើពួកគេជានរណា?
ក្រុមអ្នកនយោបាយជាន់ខ្ពស់ Siloviki

ដំបូងគេគឺចាប់ផ្តើមជាមួយ Siloviki ជាក្រុមសន្តិសុខនៅជុំវិញលោក វ្ល៉ាឌីមៀរ ពូទីន ដែលភាគច្រើនដុះដាលចេញតាមរយៈភ្នាក់ងារសន្តិសុខ KGB ជាក្រុមមានផ្នត់គំនិតសង្រ្គាមត្រជាក់។
ពួកគេជឿជាក់លើខ្លួនឯងក្នុងការប្រយុទ្ធជាមួយលោកខាងលិច ហើយជឿជាក់ថា គោលដៅចុងក្រោយរបស់សហរដ្ឋអាមេរិកទល់នឹងរុស្ស៊ី គឺការផ្លាស់ប្តូររបប។
នេះជាមូលហេតុដែលពួកគេលើកឡើងថា “ប្រតិបត្តិការយោធាពិសេស” នៅអ៊ុយក្រែន គឺមានភាពត្រឹមត្រូវក្នុងការការពាររុស្ស៊ី និងប្រជាជនរុស្ស៊ី។
ពួកគេចាត់ទុកអ៊ុយក្រែនជាលេសរបស់អាមេរិក ហើយមើលឃើញថា ការវាយលុករបស់រុស្ស៊ីជា ជំហានចាំបាច់ក្នុងការរារាំងសហរដ្ឋអាមេរិកពីការបំផ្លាញរដ្ឋរុស្ស៊ី។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឥទ្ធិពលរបស់ពួកគេបានកើនឡើងយ៉ាងខ្លាំង នៅពេលលោក ពូទីន បង្វែរការយកចិត្តទុកដាក់របស់លោកពីបញ្ហាសេដ្ឋកិច្ច និងសង្គម ទៅរកការគម្រាមកំហែងដែលទាក់ទងនឹងសន្តិសុខ រួមទាំងការបំផ្លាញសង្គមស៊ីវិល និងការមិនចុះសម្រុងផ្ទៃក្នុងវិញ។
លោក Nikolai Patrushev

បុរសម្នាក់នេះ ជាអ្នកមានឥទ្ធិពលបំផុតក្នុងចំណោមពួកគេទាំងអស់។ លោក Nikolai Patrushev គឺជាប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី។
លោកបានប្រាប់កាសែត Kommersant របស់រុស្ស៊ីក្នុងឆ្នាំ២០១៥ថា “សហរដ្ឋអាមេរិកមិនចង់ឲ្យរុស្ស៊ី គឺជាឈ្មោះប្រទេសមួយទាល់តែសោះ”។
កាលពីខែមករាឆ្នាំមុន ដោយសំដៅទៅលើមេដឹកនាំគណបក្សប្រឆាំងដែលជាប់ពន្ធនាគារឈ្មោះ Alexei Navalny, លោកបានអះអាងថា “ប្រទេសលោកខាងលិច ត្រូវការបុគ្គលម្នាក់នេះ ដើម្បីធ្វើឲ្យស្ថានការណ៍នៅក្នុងប្រទេសរុស្ស៊ីវឹកវរ, ឲ្យមានចលាចលក្នុងសង្គម, កូដកម្ម និងបង្កើតពួក Maidan ថ្មី”។
លោកក៏ត្រូវបានគេរាយការណ៍ថា ជាប្រតិភូក្រៅផ្លូវការរបស់វិមានក្រឹមឡាំងសម្រាប់តំបន់បាល់កង់ ហើយត្រូវបានគេគិតថា ដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំរដ្ឋប្រហារនៅម៉ុងតេណេក្រូឆ្នាំ ២០១៦ ដែលជាការប៉ុនប៉ង បញ្ឈប់ប្រទេសនេះមិនឲ្យចូលអង្គការណាតូ ផងដែរ។
លោក Alexander Bortnikov

លោក Alexander Bortnikov បច្ចុប្បន្នជានាយកទីភ្នាក់ងារចារកម្មរុស្ស៊ីហៅកាត់ FSB និងជាអ្នកស្នងតំណែងរបស់ទីភ្នាក់ងារចារកម្មសូវៀត KGB។
ក្នុងនាមជាប្រមុខនៃស្ថាប័នមានអំណាចបំផុតមួយនៅក្នុងប្រទេស, លោក Bortnikov បានប្រើប្រាស់កណ្តាប់ដៃដែកលើជីវិតរបស់ប្រជាជនរុស្ស៊ី ហើយទទួលខុសត្រូវចំពោះការឃុំខ្លួនមនុស្សរាប់ម៉ឺននាក់ និងការរឹតបន្តឹងយ៉ាងខ្លាំងលើសង្គមស៊ីវិល ជាពិសេសចាប់តាំងពីការជាប់ពន្ធនាគាររបស់លោក Alexei Navalny។
គឺជា FSB ដែលនៅពីក្រោយការបំពុលលោក Navalny ហើយអ្នកប្រឆាំងរបបផ្សេងទៀតដូចជា Vladimir Kara-Murza និង Bortnikov ត្រូវបានគេដាក់ទណ្ឌកម្មចំពោះតួនាទីរបស់ពួកគេក្នុងការបំពុល Navalny។
លោក Sergei Shoigu

លោក Sergei Shoigu គឺជារដ្ឋមន្ត្រីការពារជាតិរុស្ស៊ី និងជាសហការីជិតស្និទ្ធរបស់លោក ពូទីន។
ពួកគេចេញប្រមាញ់សត្វ និងការបាញ់ប្រហារជាមួយគ្នានៅតំបន់ ស៊ីបេរី។
Shoigu មិនមែនជាយោធាទទួលបានការហ្វឹកហ្វឺនទេ ប៉ុន្តែចាប់តាំងពីគាត់ត្រូវបានតែងតាំងឲ្យទៅកាន់ក្រសួងការពារជាតិក្នុងឆ្នាំ២០១២មក គាត់បានមើលការខុសត្រូវលើការកាត់បញ្ចូលឧបទ្វីបគ្រីមេជាឧបសម្ព័ន្ធក្នុងឆ្នាំ២០១៤ និងអន្តរាគមន៍របស់រុស្ស៊ី នៅក្នុងប្រទេសស៊ីរី។
លោក Valery Gerasimov

លោកឧត្តមសេនីយ៍ Valery Gerasimov គឺជាប្រធានអគ្គសេនាធិការ។
គាត់គឺជាឧត្តមសេនីយ៍សម័យសូវៀតវ័យចំណាស់ និងជាអ្នកយុទ្ធសាស្ត្រយោធាដែលមានបទពិសោធន៍ជោកជាំ។
ផែនការវាយលុកអ៊ុយក្រែន ត្រូវបានប្រគល់ជូនលោក Gerasimov ហើយរាល់ការបរាជ័យនឹងធ្វើឲ្យគាត់មានគ្រោះថ្នាក់។
ប្រសិនបើសហរដ្ឋអាមេរិកជាសត្រូវ ហើយកងទ័ពណាតូ និងសព្វាវុធយុទ្ធសាស្ត្រត្រូវបានដាក់នៅអ៊ុយក្រែននោះ វាប្រហែលជាយុទ្ធសាស្ត្រដ៏សំខាន់ដែលគាត់នឹងត្រូវទទួលបន្ទុក។
លោក Anton Vaino

លោក Anton Vaino គឺជានាយសេនាធិការនៃការិយាល័យប្រតិបត្តិប្រធានាធិបតី ដូច្នេះហើយ គាត់បានចំណាយពេលយ៉ាងច្រើនជាមួយប្រធានាធិបតីរុស្ស៊ី។
លោក Vaino និងលោក Shoigu ត្រូវបាន EU ដាក់ទណ្ឌកម្ម នៅក្នុងទណ្ឌកម្មដំណាក់កាលទីមួយ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។
លោក Sergei Lavrov

លោក Sergei Lavrov ជារដ្ឋមន្ត្រីការបរទេសចាប់តាំងពីឆ្នាំ ២០០៤មក។
ជាអ្នកការទូតដែលមានបទពិសោធន៍ម្នាក់ គាត់ត្រូវបានគេស្គាល់ថា ជាប្រតិបត្តិករដ៏ស្វិតស្វាញ និងជាអ្នកប្រឈមមុខនឹងកិច្ចខិតខំប្រឹងប្រែងការទូតរបស់រុស្ស៊ីពេញមួយវិបត្តិអ៊ុយក្រែន។
ជាមួយភាពលេចធ្លោជាអន្តរជាតិ គាត់គឺជាអ្នកនាំសារច្រើនជាងអ្នកមានឥទ្ធិពលសំខាន់ផ្សេងទៀតរបស់ប្រធានាធិបតីរុស្ស៊ី។
មានពាក្យចចាមអារ៉ាមមិនឈប់ឈរអស់រយៈពេលជាច្រើនឆ្នាំមកហើយថា គាត់ចង់ចូលនិវត្តន៍៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ