Connect with us

ព័ត៌មានអន្ដរជាតិ

អែលសាល់វ៉ាឌ័រ​ ដាក់​​ប្រទេស​ក្នុង​​គ្រាអាសន្ន​ ព្រោះ​មនុស្ស​​ឃាត​កើន​​​ឡើង​​ដោយ​​ក្រុម​ជន​ពាល

បានផុស

នៅ

រដ្ឋ​សភា​របស់​ប្រទេស អែលសាល់វ៉ាឌ័រ បាន​អនុម័ត​ច្បាប់​​ដាក់​រដ្ឋ​ក្នុង​គ្រា​​អាសន្ន​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ​ដើម្បី​ដោះ​ស្រាយ​អត្រាមនុស្ស​ឃាត​ដែល​កើន​​ឡើង​ដោយ​​ក្រុម​​ទំនើង​​ Barrio 18 និង​ MS-13 បន្ទាប់​ពី​កម្លាំង​ប៉ូលិស​បាន​រាយការណ៍​ថា​ មាន​ការ​សម្លាប់​មនុស្ស​៦២​នាក់​កាល​ពី​ថ្ងៃ​សៅរ៍។

សិទ្ធិ​រដ្ឋ​ធម្មនុញ្ញ​រាប់​ទាំង​សេរីភាពសមាគម និង​សិទ្ធិ​ទទួល​បាន​ការការពារ​​ក្នុង​តុលាការ​ដែល​​គាំទ្រ​​ដោយ​រដ្ឋ​​​នឹង​ត្រូវ​បាន​ផ្អាក​រយៈ​ពេល​៣០​ថ្ងៃ​ដើម្បី​ដាក់​គោល​ដៅ​លើ​ក្រុម​ឧក្រិដ្ឋជន​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។ នេះ​បើ​យោង​តាម​ក្រឹត្យ។ កម្លាំង​សន្តិសុខក៏​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ស្ទាក់​ចាប់​ការ​ហៅ​ទូរសព្ទ និង​ឃុំ​ខ្លួន​ជន​សង្ស័យ​ជា​បឋម​​​រយៈ​ពេល​វែង​​​ដែល​ស្ថិត​ក្រោម​ក្រឹត្យ​គ្រាអាសន្ន​ថ្មី​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Ernesto Castro ប្រធាន​សភា​បាន​និយាយ​តាម​បណ្តាញ​សង្គម បន្ទាប់​ពី​សេចក្តី​ប្រកាស​របស់​រដ្ឋាភិបាល​ថា ៖«យើង​បាន​ធ្វើ​វា​ត្រឹម​ត្រូវ​សម្រាប់​ប្រជា​ជនអែលសាល់វ៉ាឌ័រ។ យើង​បាន​អនុម័តច្បាប់​​គ្រា​អាសន្ន​ដើម្បី​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ការពារ​ជីវិត​ប្រជា​ជន អែលសាល់វ៉ាឌ័រ និង​ដើម្បី​​ដោះ​ស្រាយ​បទ​ឧក្រិដ្ឋ​ជា​បន្ត​បន្ទាប់»។

ប្រទេស អែលសាល់វ៉ាឌ័រ មាន​ប្រវត្តិ​សាស្ត្រ​ជា​យូរ​មក​ហើយ​​នៃ​ក្រុម​ឧក្រិដ្ឋ​កម្ម​ដែល​កើត​មាន​ឡើង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​កងកម្លាំង​សន្តិសុខ និង​ក្នុង​ចំណោម​ឧក្រិដ្ឋ​ជន​ផ្ទាល់​ដើម្បី​គ្រប់​គ្រង​ដែន​ដី និង​ផ្លូវ​រត់​គ្រឿង​ញៀន​ឆ្លង​កាត់​អាមេរិក​កណ្តាល។ ប្រទេស​តូច​​​នៅ​អាមេរិក​កណ្តាល​​​មួយ​នេះ​ឈាន​មុខ​​គេ​ក្នុង​ពិភព​លោក​​អំពី​​ឃាតកម្ម​ពាក់​ព័ន្ធ​នឹង​ទំហំ​នៃ​ប្រជា​ជន​​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ពោល​គឺ​ចាប់​តាំង​ពី​ឆ្នាំ​២០១០​មក។

លោកប្រធានាធិបតី Nayib Bukele បាន​កាន់​តួនាទី​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៩​ដោយ​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង បន្ទាប់​ពី​បាន​សន្យាក្រោកឈរ​ដើម្បី​បង្ក្រាប​ក្រុម​ទំនើង​ដែល​បាន​អុក​ឡុក​ អែលសាល់វ៉ាឌ័រ រាប់​ឆ្នាំ​មក​ហើយ។

កាល​ពី​ឆ្នាំ​២០២០ លោក​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​កម្លាំង​សាហាវ​ដល់​ប៉ូលិស និង​ទាហាន​ដើម្បីបង្ក្រាប​ក្រុម​ទំនើង​ដែល​លោក​បាន​និយាយ​ថា កំពុង​កេង​ចំណេញ​ពីជំងឺ​រាត​ត្បាត​កូវីដ-១៩ បន្ទាប់​ពី​ហិង្សា​មួយ​ចុង​សប្តាហ៍​សម្លាប់​មនុស្ស​ទូទាំង​ប្រទេស​ហោច​ណាស់​៥០​នាក៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម