ព័ត៌មានអន្ដរជាតិ
ធនាគារពិភពលោក និង IMF ត្រៀមកញ្ចប់ជំនួយរួចរាល់ហើយដើម្បីជួយស្រីលង្កា
កាលពីចុងសប្តាហ៍នេះ ធនាគារពិភពលោកបាននិយាយថា ខ្លួនបានត្រៀមកញ្ចប់ជំនួយគ្រាអាសន្នរួចរាល់ហើយសម្រាប់ប្រទេសស្រីលង្កាដែលកំពុងញាំញីដោយវិបត្តិសេដ្ឋកិច្ច ខណៈមូលនិធិរូបិយប័ណ្ណអន្តរជាតិ (IMF) បាននិយាយថា ខ្លួនបានរៀបចំកិច្ចពិភាក្សាបច្ចេកទេសប្រកបដោយផ្លែផ្កាជាមួយស្រីលង្កាអំពីសំណើរកម្ចី។

ស្រីលង្កាដែលជាប្រទេសកោះមានប្រជាជន២២លានបានកំពុងវេទនាក្នុងការទូទាត់ទំនិញនាំចូល ចំពេលវិបត្តិបំណុលធ្ងន់ធ្ងរ និងធ្លាក់ចុះយ៉ាងខ្លាំងក្នុងទុនបម្រុងរូបិយប័ណ្ណបរទេសដែលកំពុងធ្វើឲ្យកើតមានអតិផរណាខ្លាំង។ ការដាច់ចរន្តអគ្គីសនីរយៈពេលយូរ និងកង្វះឥន្ធនៈ ម្ហូបអាហរ និងបរិក្ខាពេទ្យបានជំរុញឲ្យប្រជាជនចេញតវ៉ាទូទាំងប្រទេស។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុស្រីលង្កា លោក Ali Sabry បានធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះដើម្បីពិភាក្សាជាមួយ មូលនិធិរូបិយប័ណ្ណអន្តរជាតិ ធនាគារពិភពលោក ប្រទេសឥណ្ឌា និងអ្នកផ្សេងៗដើម្បីស្វែងរកដំណោះស្រាយផ្នែកហិរញ្ញវត្ថុដល់ប្រទេសដែលបានពន្យារការទូទាត់បំណុលខាងក្រៅចំនួន៥១ប៊ីលានដុល្លារអាមេរិក។
អ្នកនាំពាក្យធនាគារពិភពលោកបានឲ្យដឹងថា កញ្ចប់ឆ្លើយតបគ្រាអាសន្នរបស់ធនាគារពិភពលោកក្នុងនោះទឹកប្រាក់១០លានដុល្លារអាមេរិកសម្រាប់ទិញបរិក្ខាពេទ្យសំខាន់ជាបន្ទាន់ និងមូលនិធិសម្រាប់គម្រោងដោះស្រាយជំងឺកូវីដ-១៩។
ធនាគារពិភពលោក ដែលមាន IMF ផងបានរៀបចំកិច្ចប្រជុំនៅក្នុងសប្តាហ៍នេះមិនបានផ្តល់ឲ្យដឹងពីតម្លៃសរុបនៃកញ្ចប់ជំនួយរបស់ខ្លួនឡើយ ប៉ុន្តែលោក Sabry បាននិយាយកាលពីថ្ងៃសុក្រថា ទឹកប្រាក់ប្រមាណ៥០០លានដុល្លារក្នុងជំនួយកំពុងត្រូវបានពិចារណា។
អ្នកនាំពាក្យធនាគារពិភពលោកបាននិយាយថា កញ្ចប់ជំនួយនឹងប្រើប្រាស់គម្រោងហិរញ្ញប្បទានរបស់ធនាគារដែលមានស្រាប់ និងរៀបមូលនិធិឡើងវិញដើម្បីផ្តល់ឲ្យបានឆាប់រហ័សនូវបរិក្ខាពេទ្យ អាហារសម្រាប់សិស្សសាលា និងការផ្ទេរក្រដាសប្រាក់សម្រាប់ជនក្រីក្រ ព្រមទាំងគ្រួសារងាយរងគ្រោះ។
ការឧបត្ថម្ភគឺដើម្បីផ្តល់ឧស្ម័នសម្រាប់ការចំអិន ការផ្គត់ផ្គង់អាហារចាំបាច់ គ្រាប់ពូជ និងជី ព្រមទាំងសម្ភារប្រើប្រាស់សំខាន់ៗទៀតក៏ស្ថិតក្រោមការពិភាក្សាដែរ។ អ្នកនាំពាក្យបាននិយាយ និងបន្ថែមថា «ធនាគារពិភពលោកមានការព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីស្ថានភាពនៅស្រីលង្កា»។

កាលពីថ្ងៃសៅរ៍ មូលនិធិរូបិយប័ណ្ណអន្តរជាតិបាននិយាយថា កិច្ចពិភាក្សារវាងបុគ្គលិករបស់ខ្លួនផ្តោតលើតម្រូវការសម្រាប់ស្រីលង្កាដើម្បីអនុវត្ត«យុទ្ធសាស្ត្រប្រកបដោយទំនុកចិត្ត និងស៊ីសង្វាក់គ្នា»ដើម្បីរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងពង្រឹងបណ្តាញសុវត្ថិភាពសង្គម និងការពារជនក្រីក្រ ព្រមទាំងប្រជាជនងាយរងគ្រោះដោយសារវិបត្តិបច្ចុប្បន្ននេះ។
«ក្រុម IMF បានស្វាគមន៍ផែនការរបស់អាជ្ញាធរដើម្បីភ្ជាប់ទំនាក់ទំនងក្នុងកិច្ចសន្ទនាប្រកបដោយផ្លែផ្កាជាមួយម្ចាស់បំណុលរបស់ពួកគេ»។ ប្រធានគណៈកម្មការរបស់ IMF ប្រចាំស្រីលង្កា លោក Masahiro Nozaki បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីប្រទេសបានចាត់វិធានការដើម្បីស្វែងរកមូលបត្របំណុលអធិបតេយ្យ១២ប៊ីលានដុល្លារ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ