ព័ត៌មានអន្ដរជាតិ
តើលោកស្រី Pelosi មានសាវតារយ៉ាងណា និងធ្លាប់ឌឺដងពាក្យសម្ដីអ្វីខ្លះដល់ ចិន?
ដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ីរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ជាពិសេសនៅកោះតៃវ៉ាន់កាលពីយប់ថ្ងៃអង្គារកំពុងផ្ទុះការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់ប្រទេសចិនដែលចាត់ទុកកោះនេះជាទឹកដីក្រោមការគ្រប់គ្រងរបស់ខ្លួន ក៏ដូចជាក្រោមគោលនយោបាយចិនតែមួយ ។

ដូចនេះតើលោកស្រី Nancy Pelosi មានឥទ្ធិពលខ្លាំងយ៉ាងណា និងធ្លាប់មានបញ្ហាអ្វីខ្លះជាមួយចិន?
ឈ្មោះពេញរបស់លោកស្រីគឺ Nancy Patricia Pelosi កើតនៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ១៩៤០ បច្ចុប្បន្នមានវ័យ ៨២ ឆ្នាំជាអ្នកនយោបាយជនជាតិអាមេរិក ដែលបម្រើការជាប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ ២០១៩ ពោលទាំងក្នុងរដ្ឋបាលលោក Donald Trump និងប្រធានាធិបតីបច្ចុប្បន្ន Joe Biden ហើយក៏ធ្លាប់កាន់តំណែងមួយនេះពីមុនមកដែរគឺពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១១ ។
មុនឡើងកាន់តំណែងមួយនេះ លោកស្រី Pelosi បានបម្រើការជាអ្នកតំណាងរាស្ត្រមកពីរដ្ឋកាលីហ្វ័រញ៉ា ចាប់តាំងពីឆ្នាំ ១៩៨៧ បន្ទាប់ពីប្រឡូកក្នុងឆាកនយោបាយតាំងពីឆ្នាំ ១៩៨១ ហើយលោកស្រីគឺជាសមាជិកស្ត្រីនៃគណបក្សប្រជាធិបតេយ្យតែម្នាក់គត់ដែលបានបម្រើការជាប្រធានសភាអាមេរិក ។

ចំណែកពាក់ព័ន្ធនឹងបញ្ហាជាមួយប្រទេសចិនវិញ ចាប់តាំងពីការសម្លាប់រង្គាលនៅទីលានធានអានមិន ឆ្នាំ ១៩៨៩ លោកស្រី Pelosi បានប្រឆាំងនឹងការពង្រីកទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចិន ។ ក្នុងឆ្នាំ ១៩៩៩ មុនពេលដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីចិនលោក Zhu Rongji ទៅកាន់សហរដ្ឋអាមេរិកសម្រាប់ការពិភាក្សាអំពីការទទួលយកអង្គការពាណិជ្ជកម្មពិភពលោកសម្រាប់ប្រទេសចិន លោកស្រី Pelosi បានអំពាវនាវឲ្យប្រធានាធិបតីលោក Bill Clinton និងអនុប្រធានាធិបតី Al Gore សុំឲ្យលោក Zhu ទទួលស្គាល់ការតវ៉ាឆ្នាំ ១៩៨៩ ថាជាការខិតខំប្រឹងប្រែងគាំទ្រលទ្ធិប្រជាធិបតេយ្យ ។
នៅក្នុងឆ្នាំ ២០០៨ បន្ទាប់ពីកិច្ចប្រជុំជាមួយសម្ដេចសង្ឃ Dalai Lama និងមន្ត្រីរដ្ឋាភិបាលតំបន់ទីបេដែលកំពុងនិរទេសខ្លួន លោកស្រី Pelosi បានរិះគន់សាធារណរដ្ឋប្រជាមានិតចិនចំពោះការដោះស្រាយភាពចលាចលនៅទីបេ ។ ថ្លែងទៅកាន់ហ្វូងមនុស្សរាប់ពាន់នាក់នៃជនជាតិទីបេក្នុងទីក្រុង Dharamsala ប្រទេសឥណ្ឌា លោកស្រី Pelosi បានអំពាវនាវឲ្យ “ប្រជាជនដែលស្រឡាញ់សេរីភាព” ទូទាំងពិភពលោក ថ្កោលទោសប្រទេសចិនចំពោះការរំលោភសិទ្ធិមនុស្សរបស់ខ្លួននៅក្នុងប្រទេសទីបេ ។

ក្នុងឆ្នាំដដែលនោះ លោកស្រី Pelosi បានសរសើរសភាអ៊ឺរ៉ុបសម្រាប់ “ការសម្រេចចិត្តដ៏អង់អាច” របស់ខ្លួនក្នុងការផ្តល់រង្វាន់ Sakharov សម្រាប់សេរីភាពនៃការគិតដល់អ្នកប្រឆាំងចិន និងសកម្មជនសិទ្ធិមនុស្ស Hu Jia ហើយបានអំពាវនាវដល់រដ្ឋាភិបាលចិនឲ្យដោះលែង Hu Jia ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ក៏ដូចជាគោរពសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាជនទាំងអស់នៅក្នុងប្រទេសចិនផងដែរ ។
ទន្ទឹមនោះ លោកស្រី Pelosi ក៏បានរិះគន់ការចាប់ដាក់គុកសកម្មជនប្រជាធិបតេយ្យហុងកុងក្នុងខែសីហា ឆ្នាំ ២០១៧ សម្រាប់តួនាទីរបស់ពួកគេក្នុងការតវ៉ានៅទីលាន Civic Square ទល់មុខមជ្ឈមណ្ឌលរដ្ឋាភិបាលកណ្តាលក្នុងទីក្រុងហុងកុង ខណៈលោកស្រីបានហៅការសម្រេចនេះថាជា ភាពអយុត្តិធម៌ចំពោះមនសិការរបស់ពិភពលោក ។
ដោយឡែកមុនពេលរដ្ឋបាលលោក Trump ចាត់វិធានការជាក់ស្តែងប្រឆាំងនឹងប្រទេសចិននៅចុងខែមីនា ឆ្នាំ ២០១៨ លោកស្រី Pelosi និងមេដឹកនាំគណបក្សប្រជាធិបតេយ្យផ្សេងទៀតបានជំរុញឲ្យលោក Trump ផ្តោតលើប្រទេសចិនបន្ថែមទៀត និងដាក់ទណ្ឌកម្មជាក់ស្តែង ដូចជាតម្រូវឲ្យលោក Trump ដាក់ឈ្មោះប្រទេសចិនថាជាអ្នករៀបចំរូបិយប័ណ្ណ និងបញ្ឈប់ប្រទេសចិនពីការគាបសង្កត់ក្រុមហ៊ុនបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកឲ្យបោះបង់សិទ្ធិកម្មសិទ្ធិបញ្ញា ហើយលោកស្រី Pelosi ក៏បានជំរុញឲ្យលោក Trump ប្រកាន់ជំហររឹងមាំប្រឆាំងនឹងរបាំងទីផ្សារអយុត្តិធម៌នៅក្នុងប្រទេសចិនផងដែរ ។

ចំណែកនៅខែកញ្ញា ឆ្នាំ ២០១៩ លោកស្រី Pelosi បានជួបជាមួយសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យហុងកុងលោក Joshua Wong នៅ Capitol Hill ហើយប្រព័ន្ធផ្សព្វផ្សាយចិនបានឆ្លើយតបជាមួយនឹងការចោទប្រកាន់លោកស្រី Pelosi ថា “គាំទ្រ និងលើកទឹកចិត្តសកម្មជនរ៉ាឌីកាល់និយមមួយនេះ” ។
រីឯនៅមុនព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ឆ្នាំ ២០២២ នៅទីក្រុងប៉េកាំង លោកស្រី Pelosi បានផ្តល់ដំបូន្មានដល់អត្តពលិកអាមេរិកដែលចូលរួមប្រកួតថា “ខ្ញុំនឹងនិយាយទៅកាន់អត្តពលិករបស់យើងថា អ្នកនៅទីនោះដើម្បីប្រកួតប្រជែង ហើយកុំរងសម្ពាធពីការខឹងសម្បាររបស់រដ្ឋាភិបាលចិន ទោះពួកគេមិនមានធម៌មេត្តាក៏ដោយ” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Wikipedia
ចុចអាន ៖ ទីបំផុត យន្តហោះដឹកលោកស្រី Pelosi ចុះចតនៅ តៃវ៉ាន់ ហើយ (មានវីដេអូ)

-
សន្តិសុខសង្គម១៩ ម៉ោង ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ