ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា អង្គការសេវាកម្មសម្ងាត់របស់អ៊ីស្រាអែលឈ្មោះ Mossad បានទទួលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ របស់ប្រទេសចិនធ្វើជាថ្នាំសម្រាប់ការសិក្សា ខណៈអ៊ីស្រាអែលក៏បានបង្កើតវ៉ាក់សាំងដោយខ្លួនឯងរួចហើយផងដែរ ប៉ុន្តែកំពុងឆ្លងកាត់ការសាកល្បងព្យាបាលលើមនុស្ស ។
ប៉ុស្តិ៍ទូរទស្សន៍ Channel 12 របស់អ៊ីស្រាអែលបានរាយការណ៍កាលពីថ្ងៃចន្ទថា អង្គការ Mossad បាននាំវ៉ាក់សាំងរបស់ចិនទៅអ៊ីស្រាអែលក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ។ គេមិនទាន់ដឹងច្បាស់ទេថាតើទីភ្នាក់ងារនេះទទួលថ្នាំនោះយ៉ាងដូចម្តេច ។
ទន្ទឹមនោះប្រភពរដ្ឋាភិបាលជាច្រើនបានបញ្ជាក់របាយការណ៍នេះដោយប្រយោលដល់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ។ គោលដៅនៃការផ្ដល់ឲ្យនេះត្រូវបានគេនិយាយថាគឺជាការសិក្សាអំពីសមាសធាតុ និងការស្វែងរកជម្រើសនៃការចាក់វ៉ាក់សាំងបន្ថែមទៀតរបស់ប្រទេសចិន ។ ក្រៅពីនេះមន្ត្រីក្រសួងសុខាភិបាលជាន់ខ្ពស់បានបញ្ជាក់ថា ប្រទេសអ៊ីស្រាអែលក៏កំពុងស្វែងរកទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ ពីប្រទេសដទៃទៀតផងដែរ ។
មន្ដ្រីនោះបានប្រាប់កាសែត Jerusalem Post ថា “មានកិច្ចប្រឹងប្រែងខាងការទូតជាច្រើនដែលកំពុងកើតឡើងនៅពីក្រោយរឿងនេះ ។ យើងកំពុងព្យាយាមគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីធានាថា ប្រជាជនអ៊ីស្រាអែលអាចទទួលបានវ៉ាក់សាំងយ៉ាងរហ័ស” ។
អ៊ីស្រាអែលបានបង្កើតវ៉ាក់សាំងប្រឆាំងកូវីដ ១៩ ដោយខ្លួនឯងរួចហើយ ប៉ុន្តែដំណើរការសាកល្បងព្យាបាលរបស់វានៅតែស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ ។ កាលពីសប្តាហ៍មុនវិទ្យាស្ថានអ៊ីស្រាអែលសម្រាប់ការស្រាវជ្រាវជីវសាស្ត្រនៅទីក្រុង Ness Ziona បានប្រកាសពីវ៉ាក់សាំងរបស់ខ្លួនដែលមានឈ្មោះថា ‘Brilife’ ។
វ៉ាក់សាំងនេះបានទទួលការយល់ព្រមរាល់ការចាំបាច់ទាំងអស់ ហើយការធ្វើតេស្តមនុស្សដំណាក់កាលទី ១ របស់ខ្លួនត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ ។ ដំបូងថ្នាំនេះនឹងត្រូវបានធ្វើការសាកល្បងលើអ្នកស្ម័គ្រចិត្តចំនួន ១០០ នាក់ ហើយប្រសិនបើអ្វីៗដំណើរការបានល្អប្រជាជន ១,០០០ នាក់ផ្សេងទៀតនឹងចូលរួមក្នុងការសាកល្បងដំណាក់កាលទី ២ នៅរដូវផ្ការីកនាពេលខាងមុខ ។
គួរបញ្ជាក់ថា ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះប្រទេសអ៊ីស្រាអែលមានការកើនឡើងយ៉ាងខ្លាំងនៃករណីឆ្លងជំងឺកូវីដ ១៩ ថ្មី ខណៈដែលមានចំនួនឆ្លងសរុប ៣១០,៨៥១ ករណី និងមានអ្នកស្លាប់ចំនួន ២,៤៥៣ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ លោក Maduro ថា អ្នកវិទ្យាសាស្ត្រវ៉េណេហ្ស៊ុយអេឡាបានបង្កើតថ្នាំកម្ចាត់ជំងឺកូវីដ ១៩ ដែលមានប្រសិទ្ធភាព ១០០ ភាគរយ
ចុចអាន ៖ មន្ត្រីសុខាភិបាលជប៉ុនណែនាំឲ្យប្រជាជនចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយ