ព័ត៌មានអន្ដរជាតិ
ស្ថានភាពប្រទេសថៃរយៈពេល ៨ ឆ្នាំ ក្រោមការដឹកនាំរបស់លោក ប្រាយុទ្ធ ចាន់អូចា
តុលាការធម្មនុញ្ញថៃបានបោះឆ្នោត ៥ ទល់ ៤ ដើម្បីបញ្ជាឲ្យព្យួរលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ពីតួនាទី ខណៈការបញ្ជានេះបានកើតឡើង បន្ទាប់ពីតុលាការបានយល់ព្រមទទួលយកញត្តិសុំឲ្យធ្វើសេចក្តីសម្រេចលើការកាន់តំណែងជានាយករដ្ឋមន្ត្រីរយៈពេល ៨ ឆ្នាំរបស់លោក ប្រាយុទ្ធ ។

ដូច្នេះតើស្ថានភាពប្រទេសថៃក្នុងរយៈពេល ៨ ឆ្នាំក្រោមការដឹកនាំរបស់លោក ប្រាយុទ្ធ ចាន់អូចា ទទួលបានផ្លែផ្កា ឬផលអវិជ្ជមានយ៉ាងណានោះ?
ការវាយតម្លៃពីស្ថានភាពនយោបាយ សេដ្ឋកិច្ច សេរីភាព និងសុខភាពសាធារណៈក្នុងប្រទេសថៃពីរបាយការណ៍ចុងក្រោយបំផុតក្នុងឆ្នាំ ២០២១-២០២២ នៅពេលដែលលោក ប្រាយុទ្ធ ចាន់អូចា ចូលកាន់តំណែងនាយករដ្ឋមន្ត្រីជាលើកដំបូងក្នុងឆ្នាំ ២០១៤ ពោលក្នុងរយៈពេល ៨ ឆ្នាំកន្លងមកនេះ គឺមានទាំងផលវិជ្ជមាន និងអវិជ្ជមាន ។
ស្ថានភាពនយោបាយ ក៏ដូចជាស្ថានភាពសេរីភាព និងលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសថៃ ក្នុងអំឡុងពេលលោក ប្រាយុទ្ធ ចាន់អូចា ចាប់ផ្ដើមចូលកាន់តំណែងជាមេដឹកនាំប្រទេសរហូតដល់បច្ចុប្បន្ន នៅមានកម្រិតទាបនៅឡើយ ប៉ុន្តែភាពលេចធ្លោជាវិជ្ជមាន គឺការគ្រប់គ្រងសុខភាពសាធារណៈរបស់ប្រទេសថៃ ជាពិសេសការដោះស្រាយវិបត្តិជំងឺកូវីដ ១៩ ជាប់ចំណាត់ថ្នាក់ទី ៥ នៅលើពិភពលោក ។

វិទ្យាស្ថានអាមេរិក (The Heritage Foundation) ដែលជាវិទ្យាស្ថានគិតគូរអំពីគោលនយោបាយសាធារណៈនៅទីក្រុងវ៉ាស៊ីនតោន បានដាក់ពិន្ទុសេរីភាពសេដ្ឋកិច្ចរបស់ប្រទេសថៃក្នុងឆ្នាំ ២០២២ នេះគឺក្នុងកម្រិតមធ្យម ពោលជាប់ចំណាត់ថ្នាក់ទី ៧០ ក្នុងចំណោមប្រទេស ១៨៤ ជុំវិញពិភពលោក និងជាប់ចំណាត់ថ្នាក់ទី ១៣ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងចំណោមប្រទេសចំនួន ៣៩ ។
បើប្រៀបធៀបទៅនឹងសន្ទស្សន៍ដូចគ្នានៅក្នុងរបាយការណ៍ដែលបានវាយតម្លៃប្រទេសថៃក្នុងឆ្នាំ ២០១៤ បន្ទាប់ពីរដ្ឋប្រហារថ្មីៗ, ប្រទេសថៃមានពិន្ទុសេរីភាពខាងសេដ្ឋកិច្ចនៅលំដាប់ទី ៧៥ ក្នុងចំណោមប្រទេសទាំងអស់ជុំវិញពិភពលោក និងជាប់ចំណាត់ថ្នាក់ទី ១២ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងចំណោម ៤២ ប្រទេស ។

សន្ទស្សន៍សេរីភាពខាងសេដ្ឋកិច្ចប្រចាំឆ្នាំ ២០២២ និយាយថា ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ សេដ្ឋកិច្ចរបស់ថៃ បានផ្លាស់ប្តូរពីកំណើនខ្លាំងក្នុងឆ្នាំ ២០១៧ និង ២០១៨ ទៅជាកំណើនយឺតក្នុងឆ្នាំ ២០១៩ និងបានធ្លាក់ចុះនៅឆ្នាំ ២០២០ ប៉ុន្តែបានងើបឡើងវិញនៅឆ្នាំ ២០២១ ។
ដោយឡែកអង្គការ Freedom House គឺជាអង្គការមិនស្វែងរកប្រាក់កម្រៃដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានវាយតម្លៃថា សេរីភាពរបស់ប្រទេសថៃបានជាប់ពិន្ទុ ២៩ លើ ១០០ ដែលទាបជាងពិន្ទុឆ្នាំ ២០២១ និងបានចាត់ចំណាត់ថ្នាក់ប្រទេសថៃថា ជាប្រទេសមិនមានសេរីភាព ខណៈដែលប្រទេសថៃបានពិន្ទុ ៥ សម្រាប់សិទ្ធិនយោបាយ ក្នុងចំណោម ៤០ ពិន្ទុ និងពិន្ទុ ២៤ លើ ៦០ សម្រាប់សេរីភាពពលរដ្ឋ ។

ប្រភពដដែលបន្តថា ការធ្លាក់ចុះខាងលទ្ធិប្រជាធិបតេយ្យ និងការមិនពេញចិត្តនឹងតួនាទីរបស់ស្ថាប័នរាជាធិបតេយ្យក្នុងការគ្រប់គ្រងប្រទេសថៃ បានបង្កឲ្យមានការធ្វើបាតុកម្មតវ៉ាកាន់តែធំឡើង ។ រដ្ឋាភិបាលបានឆ្លើយតបដោយប្រើវិធីផ្តាច់ការ រួមទាំងការចាប់ខ្លួនតាមអំពើចិត្ត ការគំរាមកំហែង ការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ និងការធ្វើទុក្ខបុកម្នេញលើសកម្មជនជាដើម ។
របាយការណ៍សេរីភាពក្នុងពិភពលោកឆ្នាំ ២០២២ បាននិយាយថា “សេរីភាពសារព័ត៌មានត្រូវបានរឹតបន្តឹង ។ ដំណើរការផ្លូវច្បាប់គ្មានភាពយុត្តិធម៌ និងមាននិទណ្ឌភាពចំពោះអ្នកដែលប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងសកម្មជន” ។

គួរបញ្ជាក់ថា បន្ទាប់ពីលោក ប្រាយុទ្ធ ចាន់អូចា ត្រូវបានព្យួរពីតួនាទីដោយតុលាការធម្មនុញ្ញកាលពីថ្ងៃពុធ ទី២៤ ខែសីហា លោកឧបនាយករដ្ឋមន្ត្រី Prawit Wongsuwan បានក្លាយជានាយករដ្ឋមន្ត្រីចាំផ្ទះ ខណៈនាយករដ្ឋមន្ត្រីទី ២ គឺលោក Wissanu Krea-ngam ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត និង គង់ សំអាន
ប្រភព ៖ VOA Thai
ចុចអាន ៖ តុលាការធម្មនុញ្ញថៃ ព្យួរតំណែង លោកប្រាយុទ្ធ ចាន់អូចា (មានវីដេអូ)

-
KPT+៣ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ១៧ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង