ព័ត៌មានអន្ដរជាតិ
ហេតុអ្វីបានជាប្រទេស ប៉ាគីស្ថាន ជួបគ្រោះទឹកជំនន់ ធ្ងន់ធ្ងរបែបនេះ? (មានវីដេអូ)
វិបត្តិអាកាសធាតុ គឺជាកត្តាចម្បងសម្រាប់ទំហំដ៏មហន្តរាយ នៃគ្រោះទឹកជំនន់នៅក្នុងប្រទេសប៉ាគីស្ថាន ដែលបានសម្លាប់មនុស្សជាង ១០០០នាក់ និងប៉ះពាល់ដល់ប្រជាជនជាង៣០លាននាក់។

គ្រោះមហន្តរាយនេះ គឺបណ្តាលមកពីកត្តាសំខាន់ៗរួមបញ្ចូលគ្នានៃភាពងាយរងគ្រោះរបស់ប្រជាពលរដ្ឋក្រីក្រ ជម្រាលភ្នំដ៏ចោតនៅក្នុងតំបន់មួយចំនួន ការធ្លាយទំនប់ទឹក និងការប្រែប្រួលអាកាសធាតុ។
ប៉ាគីស្ថានមានប្រជាជនប្រមាណ ២២១លាននាក់។
ប្រជាជនភាគច្រើនរស់នៅតាមដងទន្លេ Indus ដែលហូរចេញពីជួរភ្នំហិមាល័យ ឆ្លងកាត់តំបន់ភាគច្រើននៃប្រទេស ចុះទៅសមុទ្រអារ៉ាប់នៅទីក្រុង ការ៉ាជី។

ក្នុងរដូវមូសុង ទន្លេ Indus ងាយនឹងមានគ្រោះទឹកជំនន់ជាទីបំផុត។
ស្ថិតនៅភាគខាងជើងនៃជួរភ្នំហិមាល័យ ប្រទេសប៉ាគីស្ថានគឺជាជម្រុកនៃផ្ទាំងទឹកកក ច្រើនជាងកន្លែងផ្សេងទៀតនៅលើពិភពលោក ខាងក្រៅតំបន់អាកទិក និងអង់តាក់ទិក ដែលមានផ្ទាំងទឹកកក ប្រហែល ៧០០០។
សីតុណ្ហភាព ដែលកើនឡើងដល់ជិត ៥០អង្សាសេ នៅក្នុងទីក្រុង Nawabshah កាលពីដើមឆ្នាំនេះ កំពុងបណ្តាលឲ្យផ្ទាំងទឹកកកទាំងនោះរលាយ និងបង្កើតជាបឹងទឹកកក។

បឹងថ្មីប្រហែល ៣០០០ ត្រូវបានបង្កើតឡើង ខណៈក្រុមមន្ត្រី ព្រមានថា បឹងចំនួន ៣៣ ក្នុងចំណោមនោះ កំពុងប្រឈមនឹងហានិភ័យនៃការបង្កជាទឹកជំនន់។
នៅពេលផ្ទាំងទឹកកក Shisper រលាយក្នុងខែឧសភា វាបានបញ្ចេញទឹករាប់លានម៉ែត្រគូប ដែលបណ្តាលឲ្យមានការបាក់ដី និងបង្កើតបានជាបឹងដែលបំផ្លាញស្ពាន រោងចក្រថាមពលចំនួនពីរ និងបំផ្លាញផ្ទះរាប់រយខ្នងនៅជ្រលងភ្នំ Hunza។
បណ្ឌិត Fahad Saeed អ្នកវិទ្យាសាស្ត្រអាកាសធាតុនៃក្រុម Climate Analytics ដែលមានមូលដ្ឋាននៅទីក្រុង អ៊ីស្លាម៉ាបាដ បាននិយាយថា “យើងកំពុងមើលឃើញទឹកជំនន់ដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស”។

ចាប់ពីដើមខែសីហាមក ភ្លៀងធ្លាក់គឺមានកម្រិតខ្ពស់ជាងមធ្យម ៩ដងក្នុងខេត្ត Sindh និងខ្ពស់ជាង ៥ដងនៅទូទាំងប្រទេសប៉ាគីស្ថាន។ ភ្លៀង បានធ្លាក់កាន់តែខ្លាំង នៅជុំវិញពិភពលោក ហើយខ្យល់កាន់តែមានសំណើម។
ការវិភាគរបស់អ្នកវិទ្យាសាស្រ្តអំពីទឹកជំនន់ដ៏អាក្រក់បំផុតក្នុងឆ្នាំ២០១០ បានបង្ហាញថា មហាគ្រោះទឹកជំនន់ ទំនងជាកើតឡើងដោយសារកម្តៅផែនដី ដែលបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំង។
មហាសមុទ្រដែលកាន់តែក្តៅ និងកម្តៅនៅតំបន់អាកទិក បានជាប់ពាក់ព័ន្ធនៅក្នុងមហាគ្រោះទឹកជំនន់ឆ្នាំ ២០១០ ខណៈកត្តាទាំងនេះ បានប៉ះពាល់ដល់ចរន្តខ្យល់កម្រិតខ្ពស់ដែលបក់ជុំវិញភពផែនដី។ ចរន្តខ្យល់កាន់តែច្របូកច្របល់ បាននាំឲ្យមានភ្លៀងធ្លាក់អូសបន្លាយក្នុងប្រទេសប៉ាគីស្ថាន និងរលកកម្ដៅខ្លាំងនៅរុស្ស៊ីក្នុងឆ្នាំនោះ។

ហើយយោងទៅតាមការសិក្សាឆ្នាំ២០២១, កម្តៅផែនដី កំពុងធ្វើឲ្យខ្យល់មូសុងនៅអាស៊ីខាងត្បូងកាន់តែខ្លាំង និងខុសប្រក្រតី ដោយរាល់ការកើនឡើង ១អង្សាសេនៅក្នុងសីតុណ្ហភាពពិភពលោក បាននាំឲ្យមានភ្លៀងធ្លាក់បន្ថែម៥%។
ចាប់តាំងពីឆ្នាំ២០១០មក ប្រទេសប៉ាគីស្ថាន បានរងគ្រោះដោយទឹកជំនន់ជាទៀងទាត់ ក៏ដូចជារលកកម្តៅ និងភ្លើងឆេះព្រៃផងដែរ។
លោក Saeed និយាយថា “ការប្រែប្រួលអាកាសធាតុពិតជាប៉ះពាល់ដល់យើង។ វាបានក្លាយជាបទដ្ឋាន ដែលជារៀងរាល់ឆ្នាំយើងត្រូវប្រឈមមុខនឹងព្រឹត្ដិការណ៍ អាកាសធាតុធ្ងន់ធ្ងរ”។

ស្របពេលជាមួយគ្នានោះ យោងតាមបណ្ឌិត Liz Stephens សាស្ត្រាចារ្យរងផ្នែកហានិភ័យអាកាសធាតុ និងភាពធន់នៅសាកលវិទ្យាល័យ Reading ចក្រភពអង់គ្លេស បានឲ្យដឹងថា ទឹកជំនន់នៅប៉ាគីស្ថាននាពេលបច្ចុប្បន្ននេះ គឺកើតឡើងមិនដល់ម្តងផង ក្នុងមួយសតវត្សរ៍។ យើងអាចមើលឃើញថា វាជាទឹកជំនន់ដ៏សាហាវ ហើយនៅកន្លែងជាច្រើន វានឹងអាក្រក់ជាងឆ្នាំ ២០១០ ដែលបានសម្លាប់មនុស្ស ១៧០០ នាក់ទៅទៀត។
លោកស្រី Stephens និយាយថា កត្តាសំខាន់ពីរដែលបណ្តាលឲ្យមានអ្នកស្លាប់ច្រើនគឺ ទឹកជំនន់កើតឡើងភ្លាមៗ និងការបាក់ទំនប់។ ភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារកន្លែងដែល ទឹកហូរបុកយ៉ាងលឿនចុះពីជម្រាលភ្នំ ខណៈមនុស្សមិនបានត្រៀមខ្លួនសម្រាប់ហានិភ័យ។

លោកស្រី Stephens បន្តថា ការកាប់បំផ្លាញព្រៃឈើ ក៏អាចបង្កើនល្បឿននៃ ទឹកហូរនៅកន្លែងនានាផងដែរ។
ចំណែកអ្នកឧតុនិយម Scott Duncan បាននិយាយថា វដ្ដអាកាសធាតុធម្មជាតិ ដែលជំរុញដោយការប្រែប្រួលសីតុណ្ហភាព និងខ្យល់នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ក៏អាចរួមចំណែកទៅលើគ្រោះទឹកជំនន់នៅប៉ាគីស្ថានផងដែ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky, The Guardian
ចុចអាន៖ ប៉ាគីស្ថាន ខាតបង់ទឹកប្រាក់ ១០ ពាន់លានដុល្លារ ដោយសារទឹកជំនន់

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២០ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង