ព័ត៌មានអន្ដរជាតិ
ពិភពលោក រងទុក្ខផ្ទួនៗ ដោយសារព្យុះកំណាចចំនួន ២ (មានវីដេអូ)
ថ្មីៗនេះ ពិភពលោកហាក់ដូចជារងគ្រោះយ៉ាងខ្លាំង ជាពិសេសដោយសារ ឥទ្ធិពលនៃព្យុះកំណាច ដោយព្យុះចុងក្រោយបំផុតដែលកំពុងវាយប្រហារគឺព្យុះ Noru និងព្យុះ Ian។

នៅប្រទេសហ្វីលីពីនកាលពីសប្តាហ៍មុន មនុស្សចំនួន១០នាក់ ត្រូវបានគេរាយការណ៍ បាត់បង់ជីវិតដោយសារព្យុះ Noru។
នៅកោះ Luzon, ព្យុះ Noru បាននាំមកនូវខ្យល់បក់ក្នុងល្បឿន ១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង និងភ្លៀងធ្លាក់ខ្លាំងដែលបណ្តាលឲ្យមានការរអិលបាក់ដី និងគ្រោះទឹកជំនន់។

មនុស្សរាប់ពាន់នាក់ នៅតាមបណ្តោយឆ្នេរសមុទ្រ ទន្លេ និងតំបន់វាលទំនាប ត្រូវបានជម្លៀសខណៈមនុស្សរាប់លាននាក់ ដែលរស់នៅចំផ្លូវរបស់ព្យុះ ត្រូវបានប្រាប់ឲ្យស្នាក់នៅក្នុងផ្ទះ។ ការប្រកាសអាសន្នទឹកជំនន់ ត្រូវបានចេញនៅក្នុងទីក្រុងសំខាន់ៗជា ម៉ានីល ផងដែរ។
ក្រុមហ៊ុនអាកាសចរណ៍ បានលុបចោលជើងហោះហើរ ហើយកំពង់ផែ និងខ្សែរថភ្លើង ទាំងអស់ត្រូវបានបិទ។

ងាកមកប្រទេសវៀតណាមឯណេះវិញ ព្យុះទីហ្វុង Noru បានបោកបក់ចូលឆ្នេរសមុទ្រភាគកណ្តាលប្រទេសវៀតណាមកាលពីព្រឹកថ្ងៃពុធ ទី ២៨ខែកញ្ញា ដោយនាំមកនូវខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់យ៉ាងធ្ងន់ធ្ងរ ហើយបង្កការបាក់ដីខណៈមនុស្សរាប់សែននាក់ ត្រូវជម្លៀសទៅទីទួលសុវត្ថិភាព។
នៅ Danang ដែលជាទីក្រុងធំលំដាប់ទី៣របស់វៀតណាម, អគារខ្ពស់ៗបានរង្គើដោយសារកម្លាំងខ្យល់ព្យុះដ៏ខ្លាំង។ ក៏មានការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំផងដែរ។

មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករឧតុនិយមបាននិយាយថា “ល្បឿនខ្យល់គឺចន្លោះពី១០៣ គីឡូម៉ែត្រក្នុងមួយម៉ោងដល់ទៅ ១១៧គីឡូម៉ែត្រក្នុងមួយម៉ោង”។
មនុស្សជាង ២០០ ០០០ នាក់បានជ្រកកោននៅក្នុងជម្រកសុវត្ថិភាព។

ក្រសួងការពារជាតិ បានចល័តទាហានប្រហែល ៤០ ០០០ នាក់ និងកងជីវពល ២០ ០០០ នាក់ រួមជាមួយរថពាសដែក និងទូក ដើម្បីត្រៀមសម្រាប់ប្រតិបត្តិការជួយសង្គ្រោះ។
ស្ទើរតែពាក់កណ្តាលនៃអាកាសយានដ្ឋានរបស់ប្រទេសវៀតណាមត្រូវបានបិទ ហើយ សាលារៀន និងការិយាល័យនៅទូទាំងខេត្តភាគកណ្តាលមួយចំនួន រួមទាំងនៅទីក្រុង Danang ផងនោះ ក៏ត្រូវបិទទ្វារផងដែរ។

ចំណែក នាយកដ្ឋានឧតុនិយមថៃបានឲ្យដឹងថា ព្យុះទីហ្វុង Noru បានបោកបក់ឆ្លងកាត់ប្រទេសឡាវ ហើយឆ្ពោះទៅកាន់ភាគឦសានប្រទេសថៃក្នុងខេត្ត Ubon Ratchathani និង Amnat Charoen នៅល្ងាចថ្ងៃព្រហស្បតិ៍។
ព្យុះ Noru ក៏បានវាយប្រហារភាគខាងជើង និងតំបន់ទំនាបកណ្តាលផងដែរ ខណៈខេត្ត Ubon Ratchathani, ខេត្ត Si Saket, ខេត្ត Surin និងខេត្ត Buri Ram ត្រូវបានណែនាំឲ្យប្រុងជើងការ ក៏ដូចជាប្រឈមនឹងភ្លៀងធ្លាក់ខ្លាំង។

ក្រៅពីព្យុះ Noru ដែលកំពុងបង្កការបំផ្លិចបំផ្លាញនៅតំបន់អាស៊ីអាគ្នេយ៍, ព្យុះសង្ឃរា Ian បានបង្ខំឲ្យមានការជម្លៀសមនុស្សជាង ២.៥ លាននាក់ នៅតាមបណ្តោយឆ្នេរសមុទ្រ Gulf ខណៈវាបោះពួយសំដៅទៅរដ្ឋ Florida។
អាកាសយានដ្ឋាន Tampa Bay និងអាកាសយានដ្ឋានជាច្រើនផ្សេងទៀតក្នុងរដ្ឋ Florida ត្រូវបានបិទ។

Ian បានបង្កឲ្យមានការបាក់ដីនៅម៉ោង ៣:០៥ រសៀល (ម៉ោងនៅអាមេរិក) ជិតកោះ Cayo Costa ភាគខាងលិចទីក្រុង Fort Myers។ Ian ចាប់ផ្តើមវាយប្រហារក្នុងនាមជាព្យុះសង្ឃរាប្រភេទ៤ ជាមួយនឹងកម្លាំងខ្យល់បក់រហូតដល់ ២៤១ គីឡូម៉ែត្រក្នុងមួយម៉ោង។
អភិបាលរដ្ឋលោក Ron DeSantis បាននិយាយថា ព្យុះ Ian គឺជាព្យុះដែលគំរាមកំហែងដល់អាយុជីវិត។ រលកសមុទ្រនៅតាមឆ្នេរ មានកម្ពស់រហូតដល់ ៣.៧ម៉ែត្រនៅកន្លែងខ្លះ។ ដោយសារតែល្បឿនខ្យល់បក់ដ៏ខ្លាំងរបស់វា, ព្យុះ Ian បានជាប់ចំណាត់ថ្នាក់ជាព្យុះសង្ឃរាដ៏កាចសាហាវបំផុតមួយ ដែលវាយប្រហារដីគោករបស់សហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

លោក DeSantis បន្តថា មន្ត្រីសង្គ្រោះបន្ទាន់ រួមទាំងទាហានឆ្មាំជាតិចំនួន ៧០០០ នាក់ផងដែរ កំពុងត្រៀមខ្លួនដឹកនាំប្រតិបត្តិការជួយសង្គ្រោះទៅកាន់តំបន់លិចទឹក។
ជើងហោះហើរជាង ៤០០០ជើង ចូលនិងចេញពីសហរដ្ឋអាមេរិក បច្ចុប្បន្នត្រូវបានលុបចោលនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។

ឆ្មាំព្រំដែន និងឆ្មាំឆ្នេរសមុទ្រអាមេរិក កំពុងស្វែងរកជនចំណាកស្រុកប្រហែល ២០ នាក់ ដែលបាត់ខ្លួន បន្ទាប់ពីទូករបស់ពួកគេ លិចអំឡុងពេលព្យុះ។
មុននេះ ព្យុះសង្ឃរា Ian បានធ្វើឲ្យប្រទេសគុយបា គ្មានអគ្គិសនីប្រើប្រាស់ទាំងស្រុង បន្ទាប់ពី វាយប្រហារភាគខាងលិចកោះនេះ។

មនុស្សពីរនាក់ត្រូវបានគេរាយការណ៍ថាស្លាប់នៅទីនោះ ហើយអគារនានាត្រូវរងការខូចខាតទូទាំងប្រទេស។
ព្យុះនេះមានល្បឿនខ្យល់បក់រហូតដល់ ១៩៥ គីឡូម៉ែត្រក្នុងមួយម៉ោង៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ ព្យុះទីហ្វុង ណូរុ បណ្តាលឲ្យបាក់ដី និងបង្កការបំផ្លិចបំផ្លាញនៅ វៀតណាម

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត