លោក Pompeo ប្រាប់ឲ្យអាមេរិកនិងឥណ្ឌាផ្តោតលើការគំរាមកំហែងដែលបង្កឡើងដោយចិន – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

លោក Pompeo ប្រាប់ឲ្យអាមេរិកនិងឥណ្ឌាផ្តោតលើការគំរាមកំហែងដែលបង្កឡើងដោយចិន

Published

on

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បាននិយាយនៅថ្ងៃអង្គារនេះថា សហរដ្ឋអាមេរិកនិងឥណ្ឌាត្រូវតែធ្វើការរួមគ្នាដើម្បីប្រឈមមុខនឹងការគំរាមកំហែងដល់សន្តិសុខនិងសេរីភាពដែលបង្កឡើងដោយប្រទេសចិន។ លោកនិយាយបែបនេះខណៈលោកត្រៀមខ្លួនសម្រាប់កិច្ចពិភាក្សាជាមួយមេដឹកនាំឥណ្ឌា។

លោក Pompeo បានទៅដល់ទីក្រុងញូវដេលីកាលពីថ្ងៃចន្ទរួមជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិលោក Mark Esper សម្រាប់កិច្ចសន្ទនាជាយុទ្ធសាស្ត្រប្រចាំឆ្នាំចំពេលមានភាពតានតឹងកើនឡើងខ្លាំងនៅក្នុងតំបន់ដោយកងទ័ពឥណ្ឌាកំពុងប្រឈមមុខជាមួយកងទ័ពចិននៅព្រំដែនដែលមានជម្លោះ។

មុនកិច្ចពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសឥណ្ឌា Subrahmanyam Jaishankar និងរដ្ឋមន្ត្រីការពារជាតិ Rajnath Singh, លោក Pompeo បាននិយាយថា “ថ្ងៃនេះគឺជាឱកាសថ្មីមួយសម្រាប់ប្រទេសលទ្ធិប្រជាធិបតេយ្យធំទាំងពីរដូចជាប្រទេសយើងដើម្បីខិតកាន់តែជិតគ្នា”។

លោកបន្តថា “មានការងារជាច្រើនទៀតដែលត្រូវធ្វើ។ យើងមានការពិភាក្សាគ្នាជាច្រើននៅថ្ងៃនេះ។ នោះគឺកិច្ចសហប្រតិបត្តិការរបស់យើងលើជំងឺរាតត្បាតដែលមានដើមកំណើតនៅទីក្រុង Wuhan, ការប្រឈមមុខនឹងការគំរាមកំហែងរបស់គណបក្សកុម្មុយនីស្តចិនចំពោះសន្តិសុខនិងសេរីភាពដើម្បីលើកកម្ពស់សន្តិភាពនិងស្ថិរភាពនៅទូទាំងតំបន់”។

This image has an empty alt attribute; its file name is 2020-10-27T063928Z_1_LYNXMPEG9Q0HV_RTROPTP_3_USA-ASIA-INDIA.jpg

ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាន់ជំហរតឹងរ៉ឹងលើប្រទេសចិន ជាផ្នែកដ៏សំខាន់មួយនៃយុទ្ធនាការរបស់លោកដើម្បីធានាឲ្យបាននូវអាណត្តិទី២ក្នុងការបោះឆ្នោតប្រធានាធិបតីនៅសប្តាហ៍ក្រោយហើយលោក Pompeo បានព្យាយាមពង្រឹងសម្ព័ន្ធមិត្តដើម្បីប្រឆាំងនឹងឥទ្ធិពលរបស់ចិនដែលកំពុងកើនឡើងនៅក្នុងតំបន់។

ប្រទេសឥណ្ឌាក៏មានបញ្ហាផ្ទាល់ខ្លួនជាមួយចិនដែរ។

កាលពីខែមិថុនា ទាហានឥណ្ឌាចំនួន២០នាក់ត្រូវបានសម្លាប់ក្នុងការប៉ះទង្គិចជាមួយកងទ័ពចិននៅព្រំដែនដែលជាហេតុបង្កឲ្យមានអារម្មណ៍ពុះកញ្ជ្រោលប្រឆាំងចិននៅក្នុងប្រទេសឥណ្ឌានិងជំរុញឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Narendra Modi ស្វែងរកទំនាក់ទំនងយោធាកាន់តែជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក។

ក្នុងខែនេះ ឥណ្ឌាបានអញ្ជើញអូស្រ្តាលីឲ្យចូលរួមក្នុងសមយុទ្ធកងនាវាចរដែលខ្លួនប្រារព្ធធ្វើឡើងរៀងរាល់ឆ្នាំជាមួយសហរដ្ឋអាមេរិកនិងជប៉ុន៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Reuters

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម