ព័ត៌មានអន្ដរជាតិ
៧ ចំណុចសំខាន់ នៃសុន្ទរកថារបស់លោក ស៊ី ក្នុងសមាជបក្សកុម្មុយនិស្ត ចិន
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅថ្ងៃអាទិត្យទី១៦ខែតុលា បានចាប់ផ្តើមសមាជរយៈពេលប្រាំឆ្នាំម្តងរបស់គណបក្សកុម្មុយនិស្ត ជាមួយនឹងសុន្ទរកថាដ៏វែងអន្លាយ ដែលគូសបញ្ជាក់ពីសមិទ្ធផលរបស់បក្សកាន់អំណាចនាប៉ុន្មានឆ្នាំថ្មីៗនេះ និងទិសដៅសម្រាប់ឆ្នាំខាងមុខ។

ខាងក្រោមនេះ គឺជាចំណុចសំខាន់ៗ នៅក្នុងសុន្ទរកថារបស់លោក ស៊ី ដែលបានថ្លែងនៅចំពោះមុខគណៈប្រតិភូចិនប្រមាណ ២៣០០ នាក់ក្នុងមហាវិមានប្រជាជន នៃទីក្រុងប៉េកាំង។
១. កូវីដ១៩
លោក ស៊ី និយាយថា ប្រទេសចិន បានទទួលការកោតសរសើរពីអន្តរជាតិ សម្រាប់វិធីសាស្រ្តរបស់ខ្លួនចំពោះជំងឺរាតត្បាតកូវីដ១៩។

លោកនិយាយថា ប្រទេសចិន បានដាក់ប្រជាជន និងជីវិតរបស់ពួកគេជាអាទិភាព ហើយសម្រេចបាននូវលទ្ធផលវិជ្ជមានសំខាន់ៗ ក្នុងការសម្របសម្រួលបង្ការ និងគ្រប់គ្រងការរីករាលដាលនៃជំងឺនេះ។
ប្រទេសនេះចាំបាច់ត្រូវធ្វើឲ្យប្រសើរឡើងបន្ថែមទៀត នូវហេដ្ឋារចនាសម្ព័ន្ធថែទាំសុខភាពរបស់ខ្លួន, បង្កើតគោលនយោបាយគាំទ្រគ្រួសារ និងដោះស្រាយឲ្យកាន់តែប្រសើរឡើងជាមួយនឹងប្រជាជនវ័យចំណាស់របស់ខ្លួន។
២.កោះតៃវ៉ាន់
លោក ស៊ី និយាយថា ប្រទេសចិនបានធ្វើការតស៊ូដ៏ធំមួយប្រឆាំងនឹងការបំបែកខ្លួនរបស់តៃវ៉ាន់ និងការជ្រៀតជ្រែកពីបរទេសនៅលើកោះដែលគ្រប់គ្រងដោយស្វ័យភាព មួយនេះ។
ប្រទេសចិន ចាត់ទុកតៃវ៉ាន់ជាខេត្តធ្វើអ្វីតាមតែអំពើចិត្ត ដែលកំពុងរង់ចាំការបង្រួបបង្រួមជាមួយដីគោកជាថ្មី ប្រសិនបើចាំបាច់។

លោកប្រធានាធិបតីនិយាយថា “ការដោះស្រាយបញ្ហាតៃវ៉ាន់ គឺជាបញ្ហាសម្រាប់ប្រជាជនចិនខ្លួនឯង ដែលត្រូវសម្រេចដោយប្រជាជនចិន។ យើងនឹងមិនបោះបង់សិទ្ធិក្នុងការប្រើប្រាស់កម្លាំងទេ ក្នុងការដោះស្រាយបញ្ហាតៃវ៉ាន់ ហើយនឹងចាត់គ្រប់វិធានការចាំបាច់ ដើម្បីបញ្ចប់ចលនាផ្តាច់ខ្លួនទាំងអស់”។
ទោះជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា គណបក្សនឹងតែងតែ គោរព យកចិត្តទុកដាក់ និងធ្វើការដើម្បីជាប្រយោជន៍ដល់ជនរួមជាតិនៅតៃវ៉ាន់។
៣. ហុងកុង
ដោយសំដៅទៅការតវ៉ាប្រឆាំងរដ្ឋាភិបាល ដែលបានអង្រួនទីក្រុងក្នុងឆ្នាំ២០១៩, លោក ស៊ី និយាយថា ប្រទេសចិន បានសម្រេចការគ្រប់គ្រងយ៉ាងធំធេងលើទីក្រុងហុងកុង ដោយបានបង្វែរស្ថានការណ៍ពីភាពវឹកវរទៅជាអភិបាលកិច្ច។

លោកនិយាយថា វាគឺជាការប្រែក្លាយដ៏សំខាន់សម្រាប់ភាពកាន់តែប្រសើរ។ ហុងកុង និងម៉ាកាវ ត្រូវតែប្រកាន់ខ្ជាប់នូវគោលនយោបាយ “ប្រទេសមួយ ប្រព័ន្ធពីរ” ក្នុងរយៈពេលវែង ដូចដែលវាត្រូវបានបង្ហាញថា ជាយន្តការស្ថាប័នដ៏ល្អបំផុតសម្រាប់ទីក្រុងទាំងពីរ។
ឥឡូវនេះ ប្រទេសចិនត្រូវតែធានាថា ហុងកុងត្រូវបានគ្រប់គ្រងដោយអ្នកស្នេហាជាតិ ដោះស្រាយបញ្ហាសង្គម និងសេដ្ឋកិច្ចដ៏ស៊ីជម្រៅរបស់ខ្លួន ហើយទីក្រុងប៉េកាំង នឹងគាំទ្រហុងកុង ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើសមាហរណកម្មជាមួយចិនដីគោក។
៤. ទំនាក់ទំនងអន្តរជាតិ
លោក ស៊ី និយាយថា ប្រទេសចិន សូមប្រឆាំងនឹង “គំនិតនៃសង្រ្គាមត្រជាក់” ក្នុងទំនាក់ទំនងការទូតពិភពលោក។ ចិនប្រឆាំងដាច់ខាត ចំពោះគ្រប់ទម្រង់នៃអនុត្តរភាព និងនយោបាយអំណាច ប្រឆាំងនឹងចិត្តគំនិតសង្រ្គាមត្រជាក់ ប្រឆាំងការជ្រៀតជ្រែកក្នុងនយោបាយក្នុងស្រុករបស់ប្រទេសដទៃ ប្រឆាំងនឹងស្តង់ដារ២។ ទីក្រុងប៉េកាំង នឹងមិនស្វែងរកអនុត្តរភាព ហើយនឹងមិនដែល ចូលរួមក្នុងការវាតទីឡើយ។

លោក ស៊ី បន្តថា ខណៈដែលប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មពិភពលោកដ៏សំខាន់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ, ខ្លួននឹងមិនចូលរួមក្នុង ការវាតទីនិយមឡើយ ហើយនឹងនៅតែប្តេជ្ញាចិត្តចំពោះគោលនយោបាយទូលំទូលាយរបស់ខ្លួន ក្នុងការបើកសេដ្ឋកិច្ចរបស់ខ្លួនទៅកាន់ពិភពខាងក្រៅ។
ចំណែកលើបញ្ហាការពារជាតិវិញ មេដឹកនាំចិននិយាយថា គណបក្សមានគោលបំណង កសាងយោធាដ៏រឹងមាំក្នុងយុគសម័យថ្មី។ លោកបានសន្យានូវរូបរាងថ្មី និងរចនាសម្ព័ន្ធថ្មីសម្រាប់កងទ័ពរំដោះប្រជាជន ជាមួយនឹងឧបករណ៍ទំនើបៗ បច្ចេកវិទ្យា និងសមត្ថភាពយុទ្ធសាស្ត្រ។
៥. ការអភិវឌ្ឍន៍ និងសេដ្ឋកិច្ច
លោក ស៊ី និយាយថា ការអភិវឌ្ឍន៍ គឺជាអាទិភាពចម្បងរបស់ប្រទេសចិន ខណៈដែលលោកបានដាស់តឿនប្រទេសនេះឲ្យផ្តោតលើការអភិវឌ្ឍន៍ដែលមានគុណភាពខ្ពស់ និងពង្រីកតម្រូវការក្នុងស្រុកដើម្បីជំរុញសេដ្ឋកិច្ចចិន។
ប្រទេសចិន នឹងរួមបញ្ចូលការបង្កើតតម្រូវការក្នុងស្រុក ជាមួយនឹងកំណែទម្រង់រចនាសម្ព័ន្ធផ្នែកផ្គត់ផ្គង់ ហើយបង្កើនល្បឿននៃការអភិវឌ្ឍន៍យុទ្ធសាស្ត្រសេដ្ឋកិច្ចទ្វេដងរបស់ខ្លួន។

ស្របពេលជាមួយគ្នានោះដែរ លោក ស៊ី បានសាទរចំពោះការអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសចិនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ រួមទាំងរបកគំហើញផ្នែកឱសថ និងការរុករកអវកាសផងដែរ។
នៅក្នុងសុន្ទរកថារបស់លោក លោក ស៊ី ក៏បានលើកឡើងផងដែរ អំពីសមិទ្ធផលរបស់ប្រទេសចិនក្នុងការកាត់បន្ថយភាពក្រីក្រ ដែលជាគោលដៅមួយក្នុងចំណោមគោលដៅមួយរយឆ្នាំចំនួន២របស់គណបក្ស។
ប្រទេសចិននឹងលើកកម្ពស់យុទ្ធសាស្រ្ត “វិបុលភាពរួម” របស់ខ្លួន ដោយបង្កើនទំហំប្រជាជនដែលមានប្រាក់ចំណូលមធ្យម។ ប្រទេសចិន ក៏នឹងបង្កើតប្រព័ន្ធលំនៅដ្ឋានដែលធានាការផ្គត់ផ្គង់ពីមធ្យោបាយផ្សេងៗ និងផ្តល់ការគាំទ្រពីបណ្តាញផ្សេងៗគ្នា ដើម្បីលើកទឹកចិត្តទាំងការជួល និងការទិញផងដែរ។
៦. បរិស្ថាន
លោក ស៊ី បានប្តេជ្ញាផ្តល់អាទិភាពដល់បរិស្ថាន ការពារធម្មជាតិ និងលើកកម្ពស់ការរស់នៅបៃតង។

ដោយលើកឡើងពី “បដិវត្តន៍ថាមពល”, លោកបានសន្យាថា នឹងលុបបំបាត់ការបំពុលខ្យល់ និងទឹកយ៉ាងធ្ងន់ធ្ងរ គ្រប់គ្រងការបំពុលដីឲ្យបាន ហើយប្រើប្រាស់ធ្យូងថ្មឲ្យកាន់តែស្អាត និងមានប្រសិទ្ធភាពជាងមុន។
៧.សង្គម និងវប្បធម៌
លោក ស៊ី បានសង្កត់ធ្ងន់លើសារសំខាន់នៃវប្បធម៌ “សង្គមនិយម” ដ៏រឹងមាំនៅក្នុងប្រទេសចិន តម្រូវការក្នុងការផ្សព្វផ្សាយវប្បធម៌ក្នុងចំណោមយុវជនជំនាន់ក្រោយ និងផ្សព្វផ្សាយ “រឿងចិន” ទៅកាន់ពិភពលោកទាំងមូល។

ទីក្រុងប៉េកាំង នឹងធ្វើឲ្យការអប់រំស្នេហាជាតិកាន់តែស៊ីជម្រៅ និងដឹកនាំសាសនាឆ្ពោះទៅរកភាពស៊ីគ្នា ជាមួយនឹងសង្គម សង្គមនិយមរបស់ខ្លួន។
លោកបានបន្ថែមថា ការគ្រប់គ្រងយ៉ាងម៉ឺងម៉ាត់របស់គណបក្សលើមនោគមវិជ្ជា និងប្រព័ន្ធផ្សព្វផ្សាយ បានរួមចំណែកដល់ស្ថិរភាពសង្គម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Straits Times
ចុចអាន៖ ថ្លែងបើកសមាជបក្ស, លោក ស៊ី ប្តេជ្ញាតស៊ូប្រឆាំងការបំបែកខ្លួនរបស់ កោះតៃវ៉ាន់

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?