Connect with us

ព័ត៌មានអន្ដរជាតិ

ចាប់ខ្លួនប្រធានការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះថៃម្នាក់ លួចកាំភ្លើងជាង ១០០ ដើម យកទៅលក់​

បានផុស

នៅ

ប្រទេស​ថៃ ៖ តម្រួត​ថៃ​មួយ​រូប ដែល​មាន​តួនាទី​ជា​ប្រធាន​ការិយាល័យ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ ត្រូវ​បាន​ឃាត់ខ្លួន បន្ទាប់ពី​បុគ្គល​រូប​នេះ លួច​យក​កាំភ្លើង​វែង ខ្លី ចេញពី​ឃ្លាំង​អស់​ជាង ១០០ ដើម ទៅ​លក់​ដើម្បី​ដោះ​បំណុល​ ដោយសារ​ចាញ់​ល្បែង​ភ្នាល់​បាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចាប់​ខ្លួន​នេះ​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី ២១ ខែ​តុលា ឆ្នាំ ២០២២ នៅ​ក្នុង​សណ្ឋាគារ​មួយ​កន្លែង ក្នុង​ខេត្ត​ណង​ខាយ ជាប់​ព្រំដែន​ឡាវ តាម​អំណាច នៃ​សាលដីកា​របស់​តុលាការ ដែល​ជនសង្ស័យ​រូប​នេះ បាន​គេច​ខ្លួន​មក​ស្នាក់នៅ​រយៈពេល ៤ ថ្ងៃ​ហើយ ដោយ​គេ​កំពុង​ធ្វើ​ឯកសារ ក្នុង​ការ​ឆ្លងដែន​ទៅ​កាន់​ប្រទេស​វៀតណាម ព្រោះ​ភរិយា​នៅ​ទីនោះ។

លោក​ឧត្ដមសេនីយ៍ សុនសេដ្ឋ ហាក់ផាន អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​របស់​ថៃ បញ្ជាក់​ថា ជនសង្ស័យ​ឈ្មោះ ឆៅវ៉ាលីត ភុំចន អាយុ ៤២ ឆ្នាំ មាន​នា​ទី​ជា​នាយការិយាល័យ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ រយៈពេល ១៨ ឆ្នាំ កន្លង​មក​ហើយ នៅ​ក្នុង​អង្គភាព​តម្រួត ប៉ាកក្រេត ដោយ​គេ​បាន​លួច​យក​អាវុធ​ចេញពី​ឃ្លាំង​អា​ចំនួន ១៣៤ ដើម ដែល​ក្នុង​នោះ ភាគច្រើន​ជា​អាវុធ​ខ្លី ដោយឡែក​មួយ​ចំនួន​តូច​ជា​ប្រភេទ​អាវុធ​វែង និង​គ្រាប់បែក។

លោក​បន្ត​ថា ក្រោយពី​បាន​ស្រាវជ្រាវ ទើប​ដឹង​ថា ជនសង្ស័យ​ត្រៀម​ឯកសារ​ចេញ​ទៅ​ក្រៅ​ប្រទេស ទើប​លោក​ចាត់​កម្លាំង​តាម​ចាប់​នៅ​ក្នុង​ព្រំដែន ដើម្បី​នាំ​ខ្លួន​យក​មក​សាកសួរ ព្រោះ​ទាំង​អ្នកលក់​អាវុធ និង​អ្នកទិញ​អាវុធ ដែល​គ្មាន​ច្បាប់​អនុញ្ញាត សុទ្ធតែ​មានទោស​ស្មើគ្នា។ ប៉ុន្តែ​នៅ​យប់​នោះ​ដែរ ក៏​មាន​បុគ្គល​មួយ​ចំនួន បាន​យក​កាំភ្លើង​មក​ផ្លុង​ចោល​កន្លែង​ស្ថានីយ​តម្រួត​វិញ សរុប​ចំនួន ២៧ ដើម​ហើយ។

លោក​ឧត្ដមសេនីយ៍​បាន​សង្កត់​ធ្ងន់​ថា ការ​លួច​អាវុធ​យក​ទៅ​លក់​ដើម្បី​ដោះ​បំណុល​ល្បែង​នេះ ក្នុង ១ ដើម អាច​បាន​ត្រឹម ៣ ម៉ឺន​បាត​ប៉ុណ្ណោះ។ លោក​នឹង​សន្យា​ថា ប្រមូល​អាវុធ​ទាំងអស់​នោះ​យក​មក​វិញ​ឲ្យ​បាន ក្រោយពី​សាកសួរ​ចម្លើយ​ជនសង្ស័យ​ចប់៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម