Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូង ធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅសមុទ្រលឿង ក្រោយបាញ់ព្រមាន កូរ៉េខាងជើង

បានផុស

នៅ

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap បានរាយការណ៍នៅថ្ងៃចន្ទនេះថា កងទ័ពជើងទឹកកូរ៉េខាងត្បូងបានចាប់ផ្តើមធ្វើសមយុទ្ធទ្រង់ទ្រាយធំមួយនៅសមុទ្រលឿង ដោយមានការចូលរួមពីកងទ័ពជើងគោក កងកម្លាំងអាកាស និងឆ្មាំឆ្នេរសមុទ្រ ក៏ដូចជាកងទ័ពសហរដ្ឋអាមេរិកផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមយុទ្ធនៅសមុទ្រលឿងដែលនឹងមានរយៈពេល ៤ ថ្ងៃ ពោលដល់ថ្ងៃទី ២៨ ខែតុលា មានគោលបំណងពង្រឹងសមត្ថភាពប្រតិបត្តិការដែនសមុទ្ររួមគ្នារបស់យោធាប្រឆាំងនឹងការបង្កហេតុរបស់បរទេស ដោយផ្តោតលើការកែលម្អសមត្ថភាពនៃកងកម្លាំងប្រតិបត្តិការពិសេសប្រឆាំងដែនសមុទ្រ និងការឆ្លើយតបចំពោះការបង្កហេតុរបស់កូរ៉េខាងជើងនៅជិតខ្សែបន្ទាត់ព្រំដែនខាងជើងជាដើម ។

សមយុទ្ធនេះមាននាវាចម្បាំងជាង ២០ គ្រឿង រួមទាំងនាវាពិឃាត និងនាវាចម្បាំងបំពាក់ដោយប្រព័ន្ធព័ត៌មាន និងគ្រប់គ្រងការប្រយុទ្ធ Aegis, ឧទ្ធម្ភាគចក្រ, យន្តហោះចម្បាំង F-15K និង F-16 ក៏ដូចជាយន្តហោះ A-10 Thunderbolt របស់កងទ័ពអាកាសអាមេរិក ។

ទន្ទឹមនោះ ការធ្វើសមយុទ្ធនេះបានកើតឡើង បន្ទាប់ពីកូរ៉េខាងត្បូងបានបាញ់ព្រមានប្រហែល ២០ គ្រាប់ទាំងព្រឹកព្រលឹមទៅលើកប៉ាល់កូរ៉េខាងជើងដែលឆ្លងកាត់ព្រំដែនសមុទ្រកូរ៉េទាំងពីរក្បែរកោះ Baengnyeongdo ដោយសារតែ នាវាចម្បាំងកូរ៉េខាងត្បូងមួយគ្រឿងបានបំពានព្រំដែនសមុទ្រខាងលិចនៅចម្ងាយ ២.៥ ទៅ ៥ គីឡូម៉ែត្រ ក្នុងពេលតែមួយ ដូច្នេះហើយត្រូវតែទទួលរងការបាញ់ប្រហារ ។

ស្របពេលជាមួយគ្នានេះ ទីក្រុងសេអ៊ូលបានព្រមានក្រុងព្យុងយ៉ាងម្តងហើយម្តងទៀតថា ការបាញ់ផ្លោងដោយកាំភ្លើងធំនៅក្នុងតំបន់ការពារក្នុងសមុទ្រជប៉ុន និងសមុទ្រលឿង គឺជាការរំលោភយ៉ាងច្បាស់លាស់នៃកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េឆ្នាំ ២០១៨ ។

កិច្ចព្រមព្រៀងយោធាអន្តរកូរ៉េត្រូវបានចុះហត្ថលេខានៅក្នុងកិច្ចប្រជុំកំពូលរវាងមេដឹកនាំនៃប្រទេសទាំងពីរក្នុងខែកញ្ញា ឆ្នាំ ២០១៨ ហើយកិច្ចព្រមព្រៀងនេះមានគោលបំណងទប់ស្កាត់ការប្រឈមមុខដាក់គ្នាផ្នែកយោធានៅលើឧបទ្វីបកូរ៉េ ក៏ដូចជាបង្កើតតំបន់ការពារដោយផ្អែកលើបន្ទាត់កំណត់ព្រំដែនយោធានៅលើដីគោក និងនៅតាមព្រំដែនសមុទ្រ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ឡើងកម្តៅ! កូរ៉េទាំង២ បាញ់ព្រមានដាក់គ្នា ក្បែរព្រំដែនសមុទ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម