Connect with us

ព័ត៌មានអន្ដរជាតិ

លោក Lula da Silva ជាប់ឆ្នោតជាប្រធានាធិបតីប្រេស៊ីល ក្រោយឈ្នះគូប្រជែង ទាំងប៉ផុតប៉ផើយ (មានវីដេអូ)

បានផុស

នៅ

លោក Luiz Inácio Lula da Silva បានជាប់ឆ្នោតជាប្រធានាធិបតីថ្មី របស់ប្រទេសប្រេស៊ីល នៅក្នុងការវិលត្រលប់ដ៏គួរឲ្យភ្ញាក់ផ្អើល បន្ទាប់ពីការប្រកួតប្រជែងដ៏តឹងតែងកាលពីថ្ងៃអាទិត្យទី៣០ខែតុលា។

លោក Luiz Inácio Lula da Silva

បើយោងតាមអាជ្ញាធរបោះឆ្នោតរបស់ប្រទេសប្រេស៊ីលបានបង្ហាញថា លោក Lula da Silva បានយកឈ្នះលើលោក Jair Bolsonaro យ៉ាងប៉ផុតប៉ផើយបំផុត ជាមួយសំឡេងឆ្នោត៥០,៩០% ទល់នឹង ៤៩,១០%។

ជ័យជម្នះ​របស់​គាត់ ​បង្ហាញ​ពីការផ្លាស់ប្តូរ​មុខមាត់​នយោបាយ​សម្រាប់​ប្រទេស​ធំ​បំផុត​នៅ​អាមេរិក​ឡាទីន បន្ទាប់ពីការកាន់កាប់ដោយ​រដ្ឋបាល​ស្តាំនិយម​របស់លោក Jair Bolsonaro រយៈពេល៤ឆ្នាំ។

ជ័យជម្នះរបស់អ្នកនយោបាយអាយុ៧៦ឆ្នាំរូបនេះ តំណាងឲ្យការវិលត្រលប់របស់ក្រុមឆ្វេងនិយម ក្នុងអំណាចរបស់ប្រទេសប្រេស៊ីល ហើយជាការវាយបករបស់លោក Lula da Silva បន្ទាប់ពីមានការចោទប្រកាន់ជាបន្តបន្ទាប់ពាក់ព័ន្ធអំពើពុករលួយ ដែលនាំឲ្យគាត់ជាប់ពន្ធនាគាររយៈពេល៥៨០ថ្ងៃ។ ក្រោយ​មក​ទោស​នេះ​ត្រូវ​បាន​តុលាការ​កំពូល​លុប​ចោល ហើយត្រួសត្រាយ​ផ្លូវឲ្យគាត់​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ឡើង​វិញ។

លោក Lula da Silva ដែលត្រូវបានគេរំពឹងថានឹងចូលកាន់តំណែងនៅថ្ងៃទី ១ខែមករា នឹងត្រូវគ្រប់គ្រងប្រទេសមួយ ដែលកំពុងញាំញីដោយវិសមភាព។

មនុស្សប្រមាណ ៩.៦លាននាក់ បានធ្លាក់ក្រោមបន្ទាត់នៃភាពក្រីក្រចន្លោះឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២១ ហើយអត្រាអក្ខរកម្ម និងអត្រាចូលរៀនបានធ្លាក់ចុះ។ គាត់ក៏នឹងត្រូវប្រឈមមុខជាមួយនឹងប្រទេសដែលមានការប្រេះស្រាំយ៉ាងខ្លាំង និងបញ្ហាបរិស្ថានជាបន្ទាន់ រួមទាំងការកាប់បំផ្លាញព្រៃឈើដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងតំបន់ព្រៃ អាម៉ាហ្សូន ផងដែរ។

គួរបញ្ជាក់ថា នេះ​នឹង​ក្លាយ​ជា​អាណត្តិ​ទី​បី​របស់​គាត់ បន្ទាប់​ពី​ធ្លាប់​គ្រប់គ្រង​ប្រទេស​ប្រេស៊ីល​ពីរ​អាណត្តិ​ជាប់​គ្នា​ចន្លោះ​ឆ្នាំ ២០០៣ ដល់​ឆ្នាំ ២០១០៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNN

ចុចអាន៖ ប្រធានាធិបតីប្រេស៊ីល និយាយថា មានផែនការបញ្ចប់ជម្លោះ រុស្ស៊ី-អ៊ុយក្រែន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម