Connect with us

ព័ត៌មានអន្ដរជាតិ

ដឹងទេ អ្នកទោសរុស្ស៊ី ដែលអាមេរិកទើបដោះលែង គឺជាស្តេចជួញដូរអាវុធ មានប្រវត្តិមិនធម្មតា! (មានវីដេអូ)

បានផុស

នៅ

រុស្ស៊ី និងអាមេរិក បានធ្វើការដោះដូរអ្នកទោសកម្រិតខ្ពស់ គឺអ្នកជំនួញ Viktor Bout និងតារា បាល់បោះនារី Brittney Griner។

Brittney Griner (ឆ្វេង) និងលោក Viktor Bout
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ទី០៨ខែធ្នូ ក្រសួង​ការ​បរទេស​រុស្ស៊ី​​និយាយ​ថា បុគ្គល​ទាំង​ពីរ​ត្រូវ​បាន​ដោះដូរ​នៅ​ទីក្រុង​ឌូបៃ។ លោក Bout ​បាន​ជាប់​ពន្ធនាគារ​នៅ​សហរដ្ឋ​អាមេរិក​អស់​រយៈ​ពេល ១១ ឆ្នាំមកហើយ ខណៈ Griner ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ប្រទេស​រុស្ស៊ី ​ពី​បទ​រត់ពន្ធ​គ្រឿងញៀន។

ការ​ដោះដូរ​នេះ​ធ្វើ​ឡើង ​នៅ​អាកាសយានដ្ឋាន​ Abu Dhabi ក្នុង​ប្រទេស​អារ៉ាប់រួម បន្ទាប់​ពី​ការ​ចរចា​ជា​យូរ​មក​ហើយ​ រវាង​ប្រទេស​ទាំង​ពីរ​។

តើលោក Viktor Bout ជានរណា?

លោក Bout គឺជនជាតិរុស្ស៊ីដើមកំណើតតាហ្ស៊ីគីស្ថាន។ គាត់បានចាប់ផ្តើមអាជីព​ ជាអ្នកដឹកជញ្ជូនតាមផ្លូវអាកាសនៅដើមទសវត្សរ៍ឆ្នាំ១៩៩០ បន្ទាប់ពីការដួលរលំនៃសហភាពសូវៀត។

លោក Bout ត្រូវ​បាន​គេ​និយាយ​ថា ​បាន​ចាប់​ផ្តើម​បញ្ជូន​អាវុធ​តាម​រយៈ​ក្រុម​ហ៊ុន​ជួរ​មុខ​មួយ​ចំនួន​ ទៅ​កាន់តំបន់​ដែល​ហែកហួរ​ដោយ​សង្គ្រាម​នៅ​ទ្វីប​អាហ្វ្រិក។

អង្គការសហប្រជាជាតិ (UN) បានដាក់ឈ្មោះគាត់ថាជា សហការីរបស់អតីតប្រធានាធិបតីលីបេរីយ៉ា លោក Charles Taylor ដែលត្រូវបានកាត់ទោសក្នុងឆ្នាំ២០១២ ក្រោមការចោទប្រកាន់ពីបទជួយ និងលុបបំបាត់ឧក្រិដ្ឋកម្មសង្រ្គាម ក្នុងអំឡុងពេលសង្រ្គាមស៊ីវិលនៅប្រទេស សៀរ៉ាឡេអូន។

យោងតាមឯកសាររបស់ UN, “លោក Bout គឺជាអ្នកជំនួញ និងអ្នកដឹកជញ្ជូនអាវុធ និងរ៉ែដែលបានគាំទ្ររបបរបស់អតីតប្រធានាធិបតី Taylor ក្នុងកិច្ចខិតខំប្រឹងប្រែង បង្កអស្ថិរភាពនៅ សៀរ៉ាឡេអូន និងទទួលបានត្បូងពេជ្រដោយខុសច្បាប់”។

ចំណែករបាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​មជ្ឈិមបូព៌ា​បាន​អះអាង​ថា ​គាត់គឺ​ជា​អ្នក​រត់ការ​កាំភ្លើង​សម្រាប់​ក្រុម​អាល់កៃដា និង​តាលីបង់។

គាត់ក៏ត្រូវបានគេចោទប្រកាន់ថា បានបញ្ជូនអាវុធដល់ភាគីទាំងសងខាងនៅក្នុងសង្គ្រាមស៊ីវិលរបស់ប្រទេសអង់ហ្គោឡា ហើយបានផ្គត់ផ្គង់អាវុធដល់ក្រុមមេដឹកនាំសង្រ្គាម និងរដ្ឋាភិបាលពីសាធារណរដ្ឋអាហ្វ្រិកកណ្តាល និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ទៅកាន់ប្រទេសស៊ូដង់ និងលីប៊ីផងដែរ។

គាត់​បាន​ទទួល​ស្គាល់​ថា ​បានបញ្ជូន​អាវុធ​ទៅ​ប្រទេស​អាហ្វហ្គានីស្ថាន ​នៅ​ពាក់​កណ្តាល​ទសវត្សរ៍​ឆ្នាំ១៩៩០ ដោយ​និយាយ​ថា អាវុធត្រូវ​បាន​ប្រើ​ដោយពួក​មេបញ្ជាការ ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​តាលីបង់។

គាត់ក៏បានអះអាងដែរថា បានជួយរដ្ឋាភិបាលបារាំង ដឹកជញ្ជូនទំនិញទៅកាន់ប្រទេស រវ៉ាន់ដា បន្ទាប់ពីអំពើប្រល័យពូជសាសន៍ និងបានដឹកជញ្ជូនកងរក្សាសន្តិភាពរបស់ UN។

ប៉ុន្តែភ្នាក់ងារអនុវត្តច្បាប់ បានដេញតាមគាត់ពេញមួយទសវត្សរ៍ឆ្នាំ២០០០។ គាត់បានចាកចេញពីផ្ទះរបស់គាត់នៅប្រទេសបែលហ្ស៊ិកក្នុងឆ្នាំ២០០២ ពេលដែលអាជ្ញាធរនៅទីនោះ ចេញដីកាចាប់ខ្លួន។

គេគិតថា លោក Bout បានធ្វើដំណើរក្រោមឈ្មោះក្លែងក្លាយជាច្រើន ដោយឆ្លងកាត់ប្រទេសនានាដូចជា អារ៉ាប់រួម និងអាហ្រ្វិកខាងត្បូងជាដើម មុនពេលវិលទៅរុស្ស៊ីវិញក្នុងឆ្នាំ ២០០៣។

ក្នុងឆ្នាំដដែលនោះ អតីតរដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេស លោក Peter Hain បានដាក់ងារឲ្យគាត់ថា “ឈ្មួញមរណៈ”។

ទីបំផុត លោក Bout ត្រូវបានបញ្ជូនទៅឃុំឃាំងក្នុងទីក្រុងវ៉ាស៊ីនតោននៅឆ្នាំ២០០៨ ក្រោយត្រូវបានចាប់ខ្លួននៅក្នុងប្រទេសថៃ បន្ទាប់ពីប្រតិបត្តិការដ៏សាហាវដែលគ្រប់គ្រងដោយរដ្ឋបាលប្រឆាំងគ្រឿងញៀនរបស់សហរដ្ឋអាមេរិក។

គាត់ត្រូវបានគេធ្វើបត្យាប័នជាបន្តបន្ទាប់ទៅកាន់សហរដ្ឋអាមេរិក ហើយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២៥ឆ្នាំក្នុងឆ្នាំ២០១២៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT, BBC

ចុចអាន៖ អ៊ុយក្រែន-រុស្ស៊ី ធ្វើការដោះដូរអ្នកទោសក្នុងទ្រង់ទ្រាយធំបំផុត ចាប់តាំងពីសង្គ្រាម ផ្ទុះឡើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម