ព័ត៌មានអន្ដរជាតិ
ចំនួនមនុស្សប្រឈមការអត់ឃ្លានខ្លាំងកើនជាង ៥០ ភាគរយក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ
ទិន្ន័យអង្គការជួយសង្គ្រោះកុមារបង្ហាញថា ចំនួនមនុស្សដែលប្រឈមមុខនឹងកម្រិតនៃភាពអត់ឃ្លានធ្ងន់ធ្ងរបានកើនឡើងដល់ ២៥.៣ លាននាក់ ស្មើនឹង ៥៧ ភាគរយ ចាប់តាំងពីឆ្នាំ ២០១៩ មក នៅក្នុងប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេទាំង ៨ ចំពេលមានវិបត្តិភាពអត់ឃ្លានជាសាកលដែលមិនធ្លាប់មានពីមុនមក ជាមួយនឹងការកើនឡើងនៃស្ថានភាពដូចជាគ្រោះទុរ្ភិក្ស ។

យោងតាមអង្គការនេះបានឲ្យដឹងទៀតថា ប្រទេសអាហ្វហ្គានីស្ថាន, សាធារណរដ្ឋអាហ្រ្វិកកណ្តាល (CAR), សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC), ប្រទេសហៃទី, សូម៉ាលី, ស៊ូដង់, ស៊ូដង់ខាងត្បូង និងយេម៉ែន គឺជាប្រទេសដែលមានចំនួនប្រជាជនខ្ពស់បំផុតប្រឈមមុខនឹងគ្រោះមហន្តរាយធ្ងន់ធ្ងរនៃភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភ ។

ក្នុងនោះ អាហ្វហ្គានីស្ថាន គឺជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេបំផុត ដោយចំនួនប្រជាជនប្រឈមមុខនឹងកម្រិតនៃភាពអត់ឃ្លានធ្ងន់ធ្ងរបានកើនឡើងដល់ ៦.៦ លាននាក់ក្នុងឆ្នាំ ២០២២ ខណៈនៅឆ្នាំ ២០១៩ មានត្រឹម ២.៥ លាននាក់ប៉ុណ្ណោះ ។ ជាមួយកង្វះអាហាររូបត្ថម្ភនេះ ធ្វើឲ្យកុមារអាហ្វហ្គានីស្ថានជាច្រើននាក់ ងាយទទួលរងនូវជំងឺគំរាមកំហែងដល់អាយុជីវិត ដូចជាជំងឺអាសន្នរោគជាដើម ។

ដោយឡែក យេម៉ែន គឺជាប្រទេសទី ២ ដែលរងគ្រោះដោយភាពអត់ឃ្លានខ្លាំងបំផុត តាមរយៈជម្លោះជិត ៨ ឆ្នាំ និងការធ្លាក់ចុះនៃសេដ្ឋកិច្ចធ្ងន់ធ្ងរ ធ្វើឲ្យចំនួនប្រជាជនដែលប្រឈមមុខនឹងកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរបានកើនឡើងពី ៣.៦ លាននាក់ទៅ ៦ លាននាក់ ពោលកើនឡើង ៦៦ ភាគរយក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ។
ចំពោះសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) វិញ មានប្រជាជនជាង ៤.១ លាននាក់ប្រឈមនឹងកម្រិតនៃភាពអត់ឃ្លានធ្ងន់ធ្ងរ ។ ចំណែកនៅប្រទេសស៊ូដង់ និងស៊ូដង់ខាងត្បូង មានប្រជាជនប្រមាណ ២.៣ លាននាក់ ជិតដល់ភាពអត់ឃ្លាន ខណៈសូម៉ាលីមាន ១.៣ លាននាក់ និងសាធារណរដ្ឋអាហ្រ្វិកកណ្តាលមានប្រមាណ ៦៥២,០០០ នាក់ ប្រឈមនឹងកម្រិតនៃភាពអត់ឃ្លានធ្ងន់ធ្ងរ ។

ដោយឡែកយោងតាមកម្មវិធីស្បៀងអាហារពិភពលោក (WFP) ក៏បានបញ្ជាក់ដែរថា បច្ចុប្បន្នពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិអត់ឃ្លានដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រទំនើប ដោយកុមារប្រហែល ៦០ លាននាក់ដែលមានអាយុក្រោម ៥ ឆ្នាំអាចខ្វះអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរនៅចុងឆ្នាំ ២០២២ ។
មិនតែប៉ុណ្ណោះ មនុស្សដែលមានហានិភ័យនៃអសន្តិសុខស្បៀងធ្ងន់ធ្ងរ ឬប្រឈមនឹងភាពអត់ឃ្លានបានកើនឡើងដល់ ៣៤៥ លាននាក់ក្នុងប្រទេសចំនួន ៨២ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតកូវីដ ១៩ មក ៕
ប្រែសម្រួលដោយ ៖ រតនៈ
ប្រភព ៖ Sputnik

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?