ព័ត៌មានអន្ដរជាតិ
ប្រវត្តិសាហាវព្រៃផ្សៃរបស់មេក្រុម Mafia ដែលអ៊ីតាលី ទើបចាប់បាន
នៅកោះ Sicily អ្នកណាក៏ព្រឺរឆ្អឹងខ្នងដែរ ពេលឮឈ្មោះ Matteo Messina Denaro។ បុរសម្នាក់នេះ បានធ្វើឲ្យប្រជាជននៅទីនោះ រស់នៅដោយភាពភ័យខ្លាចអស់រយៈពេលរាប់ទសវត្សរ៍។

អស់រយៈពេល៣០ឆ្នាំមកនេះ មេក្រុមឧក្រិដ្ឋកម្មរូបនេះ បានបន្តកាន់អំណាច និងជួយសម្របសម្រួលអំពើភេរវកម្មដែលបណ្តាលឲ្យមនុស្សស្លាប់ជាច្រើននាក់ ថ្វីបើគាត់មិនដែលបង្ហាញមុខជាសាធារណៈ បន្ទាប់ពីបានរត់គេចខ្លួនកាលពីដើមទសវត្សរ៍ទី៩០ក៏ដោយ។
មេក្រុម Mafia រូបនេះត្រូវបង្ខំចិត្តលាក់ខ្លួន បន្ទាប់ពីគាត់បញ្ជាឲ្យបើកការវាយប្រហារដ៏សាហាវឃោរឃៅជាបន្តបន្ទាប់ រួមទាំងការសម្លាប់រដ្ឋអាជ្ញា Giovanni Falcone និង Paolo Borsellino ក៏ដូចជាការបំផ្ទុះគ្រាប់បែកក្នុងរថយន្តនៅទីក្រុង Florence, Milan និង Rome ដែលបណ្តាលឲ្យមនុស្ស ១០ នាក់ស្លាប់ និង ៩៣ នាក់រងរបួសក្នុងឆ្នាំ ១៩៩៣ផងដែរ។

សូម្បីកុមារក៏បុរសម្នាក់នេះមិនលើកលែងដែរ។ ក្នុងឆ្នាំដដែលនោះ Messina Denaro បានជួយរៀបចំការចាប់ពង្រត់ក្មេងប្រុសអាយុ១២ឆ្នាំឈ្មោះ Giuseppe Di Matteo ដើម្បីព្យាយាមរារាំងឪពុករបស់កុមារនោះ មិនឲ្យផ្តល់ព័ស្តុតាងប្រឆាំងនឹងក្រុម Mafia។
ក្មេងប្រុសនេះត្រូវបានឃុំឃាំងអស់រយៈពេល២ឆ្នាំ មុនពេលគាត់ត្រូវបានគេច្របាច់.កសម្លាប់យ៉ាងព្រៃផ្សៃ ហើយសាកសពរបស់គាត់ ត្រូវបានដាក់ចូលរំលាយនៅក្នុងធុងទឹកអាស៊ីដ។

ឥឡូវ បន្ទាប់ពីរត់គេចខ្លួនអស់រយៈពេល៣ទសវត្សរ៍ ទីបំផុតជនដែលគេតាមចាប់ខ្លួនខ្លាំងបំផុតរបស់ប្រទេសអ៊ីតាលី ត្រូវបានប៉ូលិសចាប់ខ្លួននៅគ្លីនិកឯកជនមួយកន្លែងក្នុងទីក្រុង Palermo។
មានរហស្សនាមថា “Diabolik” និង “U Siccu”, លោក Messina Denaro ត្រូវបានកាត់ទោសកំបាំងមុខឲ្យជាប់ពន្ធនាគារពេញមួយជីវិតសម្រាប់តួនាទីរបស់គាត់ក្នុងការសម្លាប់ឆ្នាំ១៩៩២ លើរដ្ឋអាជ្ញាប្រឆាំងក្រុម Mafia ឈ្មោះ Falcone និង Borsellino។

Messina Denaro កើតនៅថ្ងៃទី២៦ខែមេសាឆ្នាំ១៩៦២ នៅទីក្រុងតូច Castelvetrano ក្បែរតំបន់ Trapani ភាគខាងលិចកោះ Sicily ហើយធំធាត់ឡើងនៅក្នុងសម្បុកក្រុមឧក្រិដ្ឋកម្ម។
គាត់គឺជាកូនប្រុសរបស់មេ Mafia ដ៏មានឥទ្ធិពលឈ្មោះ Francesco Messina Denaro ហើយគាត់បានឡើងតំណែងយ៉ាងឆាប់រហ័ស។ នៅទីបំផុត គាត់បានដើរតាមគន្លងរបស់ឪពុក ក្លាយជាចៅហ្វាយនាយក្រុម Cosa Nostra។
គាត់ត្រូវបានគេនិយាយថា ចេះប្រើកាំភ្លើងលើកដំបូងនៅអាយុ១៤ឆ្នាំ និងចេះសម្លាប់មនុស្សនៅអាយុ១៨ឆ្នាំ ហើយត្រូវបានចោទប្រកាន់ដោយរដ្ឋអាជ្ញាថា គាត់ទទួលខុសត្រូវតែម្នាក់ឯង ឬរួមគ្នាចំពោះឃាតកម្មជាច្រើនករណីផ្សេងទៀតនៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០។

Messina Denaro រស់នៅក្នុងជីវិតបែប Playboy។ គាត់ត្រូវបានគេស្គាល់ថាមានរថយន្តថ្លៃៗ និងនិយមការស្លៀកពាក់ឈុតដែលរចនាយ៉ាងល្អឥតខ្ចោះ ព្រមទាំងពាក់នាឡិកាម៉ាក Rolex។ ក្នុងនាមជាតារាកំពុងរះក្នុងក្រុម Mafia នៅទសវត្សរ៍ឆ្នាំ១៩៨០ គាត់បានស្លៀកពាក់ម៉ាកយីហោល្បីដូចជា Versace និង Armani។
គាត់ត្រូវប្រឈមមុខនឹងច្បាប់លើកដំបូងក្នុងឆ្នាំ១៩៨៩ នៅពេលគាត់ចូលរួមក្នុងការតស៊ូបង្ហូរឈាមរវាងក្រុមជើងកាងជាគូប្រជែងនឹងគ្នា។ គាត់ត្រូវបានគេចោទប្រកាន់នៅឆ្នាំនោះពីបទសម្លាប់ Nicola Consales ដែលជាម្ចាស់សណ្ឋាគារ។

នៅឆ្នាំ១៩៩២ គាត់ស្ថិតក្នុងចំណោមមនុស្សមួយក្រុម ដែលត្រូវបានបញ្ជូនទៅទីក្រុង Rome ដើម្បីសម្លាប់ចៅក្រមប្រឆាំង Mafia លោក Giovanni Falcone។ ក្រោយមក Falcone ត្រូវបានសម្លាប់ក្នុងការបំផ្ទុះរថយន្តជិតទីក្រុង Palermo នៅថ្ងៃទី២៣ខែឧសភាឆ្នាំ១៩៩២។
ក្នុងឆ្នាំ១៩៩៣ គាត់បានធ្វើឃាតមេក្រុមគូប្រជែង Vincenzo Milazzo។ ក្រោយមក គោលដៅរបស់គាត់បានងាកទៅរកមិត្តស្រីមានផ្ទៃពោះរបស់លោក Milazzo ដែលគាត់បានច្របាច់ករហូតដល់ស្លាប់។ សាកសពអ្នកទាំងពីរ ត្រូវបានគេកប់នៅជនបទ។

បន្ទាប់ពីការវាយប្រហារដោយគ្រាប់បែក ដែលបានកំណត់គោលដៅលើវិមានប្រវត្តិសាស្ត្រមួយចំនួនរបស់អ៊ីតាលី បានបង្ខំឲ្យ Messina Denaro លាក់ខ្លួន។ គាត់ប្រឈមមុខនឹងការកាត់ទោសជាប់ពន្ធនាគារអស់មួយជីវិតសម្រាប់តួនាទីរបស់គាត់។
ក្នុងឆ្នាំ ១៩៩៤ និង ១៩៩៦ សេចក្តីថ្លែងការណ៍ពីក្រុមជើងកាងមួយចំនួន ដែលស្ម័គ្រចិត្តធ្វើជាសាក្សីរបស់រដ្ឋ បានបង្ហាញតម្រុយខ្លះៗអំពីតួនាទីរបស់គាត់នៅក្នុងក្រុម Cosa Nostra។ នៅឆ្នាំ២០០០ បន្ទាប់ពីនីតិវិធីប្រឆាំងក្រុម Mafia នៅកោះ Sicily គាត់ត្រូវបានកាត់ទោសកំបាំងមុខឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ ទោះជាយ៉ាងណាក៏ដោយ ការកាត់ទោស មិនអាចធ្វើអ្វីគាត់បានទេ។ គាត់នៅតែអាចរត់គេចខ្លួនបានរយៈពេលរាប់ឆ្នាំ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អ៊ីតាលី ចាប់បានមេក្រុមបងធំ ដ៏មានឥទ្ធិពលបំផុត ក្រោយរត់គេចខ្លួន ៣០ឆ្នាំ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង