ទៀតហើយ! YouTube ផ្អាកឆានែលរបស់ Trump មួយសប្ដាហ៍ ក្រោយទទួលសារព្រមានជាបន្តបន្ទាប់ – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

ទៀតហើយ! YouTube ផ្អាកឆានែលរបស់ Trump មួយសប្ដាហ៍ ក្រោយទទួលសារព្រមានជាបន្តបន្ទាប់

Published

on

គណនីរបស់លោក Trump ត្រូវបានហាមឃាត់នៅលើបណ្តាញសង្គមជាច្រើនដូចជា Twitter និង Facebook ជាដើម បន្ទាប់ពីកុបកម្មនៅវិមានកាពីតូលកាលពីថ្ងៃទី ៦ ខែមករា ខណៈដែលប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះបានចោទប្រកាន់ប្រធានាធិបតីអាមេរិករូបនេះពីបទញុះញង់ឲ្យមានអំពើហិង្សា ។

ទន្ទឹមនោះក្រុមហ៊ុន YouTube ក៏កំពុងផ្អាកឆានែលរបស់ប្រធានាធិបតី Donald Trump យ៉ាងហោចណាស់មួយសប្តាហ៍ដោយសារតែក្រុមហ៊ុនទទួលបានការព្រមាន បន្ទាប់ពីការបង្ហោះវីដេអូដែលបង្ហាញពីការញុះញង់ឲ្យមានអំពើហិង្សា ។

អ្នកនាំពាក្យរបស់ YouTube បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “បន្ទាប់ពីការពិនិត្យឡើងវិញយ៉ាងប្រុងប្រយ័ត្ន ហើយដោយមានការព្រួយបារម្ភអំពីសក្តានុពលនៃអំពើហិង្សាដែលកំពុងកើតមាន យើងបានលុបចោលមាតិកាថ្មីដែលត្រូវបានដាក់ចូលទៅក្នុងឆានែល Donald J. Trump ដោយសារវាបានរំលោភគោលនយោបាយរបស់យើងចំពោះការញុះញង់ឲ្យមានអំពើហិង្សា ។ ជាលទ្ធផលយោងទៅតាមប្រព័ន្ធការរំលោភបំពានរបស់យើង ឥឡូវឆានែលរបស់លោក Trump ត្រូវបានរារាំងមិនឲ្យដាក់បញ្ចូលវីដេអូថ្មី ឬការផ្សាយផ្ទាល់ក្នុងរយៈពេលយ៉ាងតិច ៧ ថ្ងៃ ឬអាចលើសនេះ” ។

ការសម្រេចចិត្តនឹងត្រូវពិនិត្យឡើងវិញក្នុងរយៈពេលមួយសប្តាហ៍ ។ ទោះជាយ៉ាងណាក៏ដោយប្រសិនបើឆានែលរបស់ Trump ទទួលបានការបំពានមួយទៀត ក្រុមហ៊ុននឹងផ្អាករយៈពេល ២ សប្តាហ៍  ហើយការបំពានទី ៣ នឹងបណ្តាលឲ្យមានការដកចេញជាអចិន្ត្រៃយ៍តែម្ដង ។

បំរាមលើប្រធានាធិបតី និងការលុបបំបាត់ទ្រង់ទ្រាយធំនៃបណ្តាញសង្គមកើតឡើង បន្ទាប់ពីកុបកម្មនៅវិមានកាពីតូលនៅក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ីកាលពីសប្តាហ៍មុន ។ អ្នកគាំទ្ររបស់លោក Trump បានប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនឹងការបញ្ជាក់លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០ ដោយបញ្ជាក់ថា ពួកគេត្រូវបានលួចបន្លំសន្លឹកឆ្នោត ខណៈដែលភាពចលាចលដោយអំពើហិង្សានោះបានបណ្តាលឲ្យមានមនុស្សស្លាប់ ៥ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ គ្រាន់តែបិទគណនីរបស់ Trump, Twitter ខាតលុយអស់៥ពាន់លានដុល្លារ

ចុចអាន ៖ ជនជាតិអាមេរិកជាងកន្លះលាននាក់ងាកទៅប្រើ Telegram ក្រោយបណ្ដាញសង្គមធំៗបិទគណនីលោក Trump

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម