ព័ត៌មានអន្ដរជាតិ
ខួប១ឆ្នាំនៃសង្គ្រាមលុកលុយរុស្ស៊ី-អ៊ុយក្រែន៖ តើមានព្រឹត្តិការណ៍សំខាន់ៗអ្វីខ្លះកើតឡើង?
សង្គ្រាមលុកលុយនៅអ៊ុយក្រែន ដែលចាប់ផ្តើមកាលពីមួយឆ្នាំមុន បានសម្លាប់មនុស្សរាប់ពាន់នាក់ បង្ខំមនុស្សរាប់លាននាក់ឲ្យភៀសខ្លួនចេញពីផ្ទះសម្បែង បំផ្លាញទីក្រុងទាំងមូលទៅជាគំនរបាក់បែក និងជំរុញឲ្យមានការភ័យខ្លាចថា ការប្រឈមមុខដាក់គ្នាអាចប្រែក្លាយទៅជាជម្លោះបើកចំហររវាងរុស្ស៊ី និងអង្គការណាតូ។
![](https://www.kampucheathmey.com/wp-content/uploads/2023/02/image-2184-1024x681.png)
ខាងក្រោម គឺជាព្រឹត្តិការណ៍សំខាន់ៗមួយចំនួនដែលកើតឡើងក្នុងជម្លោះ រុស្ស៊ី-អ៊ុយក្រែន នារយៈពេល១ឆ្នាំមកនេះ៖
ឆ្នាំ២០២២
ខែកុម្ភៈ
ថ្ងៃទី២៤ខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បើកការវាយលុកអ៊ុយក្រែន ពីខាងជើង ខាងកើត និងខាងត្បូង។ គាត់និយាយថា “ប្រតិបត្តិការយោធាពិសេស” នេះ គឺសំដៅលើភាពគ្មានយោធា និងលុបបំបាត់មនោគមន៍វិជ្ជាណាស៊ីរបស់អ៊ុយក្រែន ដើម្បីការពារជនជាតិរុស្សី ការពារសមាជិកភាពណាតូរបស់ទីក្រុងកៀវ និងដាក់អ៊ុយក្រែននៅក្រោមឥទ្ធិពលរបស់រុស្ស៊ី។
![](https://www.kampucheathmey.com/wp-content/uploads/2023/02/image-2185-1024x682.png)
យ៉ាងណាក្តី ប្រទេសអ៊ុយក្រែន និងលោកខាងលិចនិយាយថា វាជាទង្វើខុសច្បាប់នៃការលុកលុយប្រឆាំងនឹងប្រទេសមួយ ដែលមានរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ និងប្រឆាំងប្រធានាធិបតីជ្វីហ្វ ដែលមានសាច់ញាតិ ស្លាប់នៅក្នុងសោកនាដកម្ម Holocaust។
ទាហានរុស្ស៊ីបានទៅដល់ជាយក្រុង កៀវ យ៉ាងឆាប់រហ័ស ប៉ុន្តែការប៉ុនប៉ងរបស់ពួកគេដើម្បីដណ្តើមយករដ្ឋធានី និងទីក្រុងផ្សេងទៀតនៅភាគឦសាន ត្រូវជួបប្រទះការតស៊ូយ៉ាងខ្លាំងក្លា។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានថតវីដេអូនៅខាងក្រៅទីស្នាក់ការកណ្តាលរបស់គាត់ ដើម្បីបង្ហាញថា គាត់កំពុងស្នាក់នៅ និងនៅតែកាន់តំណែង។
ខែមីនា
នៅថ្ងៃទី២ខែមីនា ប្រទេសរុស្ស៊ីបានអះអាងដណ្តើមការគ្រប់គ្រងទីក្រុង Kherson ភាគខាងត្បូង។ នៅដើមខែមីនា កងកម្លាំងរុស្ស៊ីក៏បានដណ្តើមយកផ្នែកសេសសល់នៃតំបន់ Kherson និងកាន់កាប់មួយផ្នែកធំនៃតំបន់ Zaporizhzhia ដែលនៅជិតខាងនោះ រួមទាំងរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលជារោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុបផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2023/02/image-2186-1024x682.png)
មិនបានប៉ុន្មានផង កងទ័ពរុស្ស៊ីត្រូវជាប់គាំងនៅជិតទីក្រុង កៀវ ហើយក្បួនរថយន្តរបស់ពួកគេ ត្រូវរងការវាយប្រហារដោយកាំភ្លើងធំ និងយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន។
នៅថ្ងៃទី១៦ខែមីនា រុស្ស៊ីបានវាយប្រហាររោងមហោស្រពមួយក្នុងទីក្រុងកំពង់ផែយុទ្ធសាស្ត្រ Mariupol ជាកន្លែងដែលជនស៊ីវិលជ្រកកោន ដោយបានសម្លាប់មនុស្សរាប់រយនាក់។
ទីក្រុងមូស្គូបានប្រកាសដកទ័ពចេញពីទីក្រុង កៀវ និងតំបន់ផ្សេងទៀតនៅថ្ងៃទី២៩ខែមីនា ដោយនិយាយថា ខ្លួននឹងផ្តោតលើតំបន់ឧស្សាហកម្មភាគខាងកើត Donbas វិញ។ នោះជាកន្លែងដែលក្រុមបំបែកខ្លួនគាំទ្រដោយរុស្ស៊ី បានប្រយុទ្ធជាមួយកងកម្លាំងអ៊ុយក្រែនចាប់តាំងពីឆ្នាំ២០១៤មក បន្ទាប់ពីការកាត់បញ្ចូលតំបន់ គ្រីមៀ ជាឧបសម្ព័ន្ធ។
ខែមេសា
ការដកថយរបស់រុស្ស៊ីចេញពីទីក្រុង កៀវ បានបង្ហាញឲ្យឃើញសាកសពជនស៊ីវិលរាប់រយនាក់នៅក្នុងផ្នូរធំៗ ឬទុកចោលតាមដងផ្លូវនៃទីក្រុង Bucha ដែលភាគច្រើននៃពួកគេមានសញ្ញានៃការធ្វើទារុណកម្ម។ រឿងនេះបានជំរុញឲ្យមេដឹកនាំពិភពលោកនិយាយថា ប្រទេសរុស្ស៊ីគួរតែទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្គ្រាមដែលអាចកើតមាន។
![](https://www.kampucheathmey.com/wp-content/uploads/2023/02/image-2187-1024x682.png)
នៅថ្ងៃទី៩ ខែមេសា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី ទៅលើស្ថានីយរថភ្លើងមួយកន្លែងក្នុងទីក្រុង Kramatorsk ភាគខាងកើត បានសម្លាប់ជនស៊ីវិល៥២នាក់ និងរបួសជាង១០០នាក់។
នៅថ្ងៃទី១៣ខែមេសា នាវាចម្បាំង Moskva របស់កងនាវាចរសមុទ្រខ្មៅរុស្ស៊ី ត្រូវបានវាយប្រហារដោយមីស៊ីលរបស់អ៊ុយក្រែន ហើយលិចនៅថ្ងៃបន្ទាប់។
ខែឧសភា
នៅថ្ងៃទី១៦ខែឧសភា អ្នកការពារអ៊ុយក្រែននៃរោងក្រដែក Azovstal ដែលជាបន្ទាយរឹងមាំចុងក្រោយរបស់អ៊ុយក្រែននៅទីក្រុង Mariupol បានយល់ព្រមចុះចាញ់កងកម្លាំងរុស្ស៊ី បន្ទាប់ពីការឡោមព័ទ្ធអស់រយៈពេលជិតបីខែ។
![](https://www.kampucheathmey.com/wp-content/uploads/2023/02/image-2189-1024x682.png)
នៅថ្ងៃទី១៨ខែឧសភា ប្រទេសហ្វាំងឡង់ និងស៊ុយអែត បានដាក់ពាក្យសុំចូលរួមជាមួយអង្គការណាតូ។
ខែមិថុនា
សព្វាវុធលោកខាងលិចកាន់តែច្រើន បានបញ្ជូនចូលប្រទេសអ៊ុយក្រែន រួមទាំងគ្រាប់រ៉ុកកែត HIMARS ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកផងដែរ។
នៅថ្ងៃទី៣០ខែមិថុនា កងទ័ពរុស្ស៊ីបានដកថយចេញពីកោះពស់ ដែលមានទីតាំងនៅជិតទីក្រុងកំពង់ផែ Odesa នៃសមុទ្រខ្មៅ។
ខែកក្កដា
នៅថ្ងៃទី២២ខែកក្កដា ជាមួយការសម្រុះសម្រួលដោយតួកគី និងអង្គការសហប្រជាជាតិ, រុស្ស៊ីនិងអ៊ុយក្រែន បានយល់ព្រមលើកិច្ចព្រមព្រៀងមួយ ឈប់រឹតត្បិតការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិដែលបានជាប់គាំងនៅក្នុងកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន។
នៅថ្ងៃទី២៩ខែកក្កដា មីស៊ីលបានវាយប្រហារពន្ធនាគារមួយនៅទីក្រុង Olenivka ភាគខាងកើតដែលគ្រប់គ្រងដោយរុស្ស៊ី។ ទីនោះជាកន្លែងដែលទាហានអ៊ុយក្រែន ត្រូវបានឃុំឃាំង។ ការវាយប្រហារនោះបានសម្លាប់មនុស្ស៥៣នាក់ ខណៈអ៊ុយក្រែននិងរុស្ស៊ី បានចោទគ្នាទៅវិញទៅមក។
ខែសីហា
នៅថ្ងៃទី៩ខែសីហា ការបំផ្ទុះដ៏ខ្លាំង បានវាយប្រហារមូលដ្ឋានអាកាសមួយនៅតំបន់គ្រីមេ។ ការបំផ្ទុះបន្ថែមទៀតបានវាយប្រហារស្ថានីយថាមពល និងឃ្លាំងរំសេវនៅទីនោះមួយសប្តាហ៍ក្រោយមក។ ក្រោយមក មន្ត្រីយោធាកំពូលរបស់អ៊ុយក្រែន ទទួលស្គាល់ថា ការវាយប្រហារលើតំបន់គ្រីមៀ គឺជាស្នាដៃរបស់កងកម្លាំងទីក្រុងគៀវ។
![](https://www.kampucheathmey.com/wp-content/uploads/2023/02/image-2191-1024x535.png)
ថ្ងៃទី២០ខែសីហា នាង Darya Dugina កូនស្រីរបស់អ្នកមានមនោគមវិជ្ជាជាតិនិយមរុស្ស៊ី Alexander Dugin បានស្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកក្នុងរថយន្ត នៅខាងក្រៅទីក្រុងមូស្គូ ដែលអាជ្ញាធររុស្ស៊ីស្តីបន្ទោសទៅលើអ៊ុយក្រែន។
ខែកញ្ញា
នៅថ្ងៃទី៦ខែកញ្ញា កងកម្លាំងអ៊ុយក្រែន បានបើកការវាយបកយ៉ាងឆាប់រហ័សដ៏គួរឲ្យភ្ញាក់ផ្អើល នៅក្នុងតំបន់ Kharkiv ភាគឦសាន ដោយបង្ខំឲ្យរុស្ស៊ី ដកថយពីតំបន់ដែលខ្លួនកាន់កាប់អស់រយៈពេលជាច្រើនខែមកហើយ។
នៅថ្ងៃទី២១ខែកញ្ញា លោក ពូទីន បានបញ្ជាឲ្យមានការកែនទាហានបម្រុងចំនួន ៣០ម៉ឺននាក់ ដែលវិធានការនេះ បានបង្ខំឲ្យបុរសរុស្ស៊ីរាប់សែននាក់ ភៀសខ្លួនទៅកាន់ប្រទេសជិតខាងដើម្បីចៀសវាងការកែនឲ្យចូលបម្រើទ័ព។
ក្នុងពេលជាមួយគ្នានេះ រុស្ស៊ីបានប្រញាប់ប្រញាល់រៀបចំការធ្វើប្រជាមតិ នៅក្នុងតំបន់ Donetsk, Luhansk, Kherson និង Zaporizhzhia។
នៅថ្ងៃទី៣០ខែកញ្ញា លោកពូទីន បានចុះហត្ថលេខា កាត់បញ្ចូលតំបន់ទាំងបួននេះ ក្នុងពិធីមួយនៅវិមានក្រឹមឡាំង។
ខែតុលា
នៅថ្ងៃទី៨ខែតុលា រថយន្តផ្ទុកគ្រឿងផ្ទុះ បានបំផ្ទុះនៅលើស្ពានតភ្ជាប់គ្រីមៀទៅកាន់ដីគោករុស្ស៊ី ក្នុងការវាយប្រហារដែលលោកពូទីនបន្ទោសលើអ៊ុយក្រែន។ រុស្ស៊ីបានឆ្លើយតបវិញ ដោយការវាយប្រហារមីស៊ីលលើរោងចក្រថាមពលរបស់អ៊ុយក្រែន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀត។
![](https://www.kampucheathmey.com/wp-content/uploads/2023/02/image-2193-1024x682.png)
ខែវិច្ឆិកា
នៅថ្ងៃទី៩ខែវិច្ឆិកា ប្រទេសរុស្ស៊ី បានប្រកាសពីការដកថយចេញពីទីក្រុង Kherson ដោយសារការវាយបករបស់អ៊ុយក្រែន ដោយបោះបង់ចោលមជ្ឈមណ្ឌលក្នុងតំបន់តែមួយគត់ដែលទីក្រុងមូស្គូដណ្តើមបាន។
ខែធ្នូ
នៅថ្ងៃទី៥ខែធ្នូ យោធារុស្ស៊ីនិយាយថា អ៊ុយក្រែនបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ដើម្បីកំណត់គោលដៅលើមូលដ្ឋានផ្ទុកយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយចំនួនពីរកន្លែង នៅក្នុងទឹកដីរុស្ស៊ី។ ការវាយប្រហារមួយផ្សេងទៀតកើតឡើងនៅចុងខែនេះ។
![](https://www.kampucheathmey.com/wp-content/uploads/2023/02/image-2194-1024x682.png)
នៅថ្ងៃទី២១ខែធ្នូ លោក Zelensky បានបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ក្នុងការធ្វើដំណើរលើកដំបូងរបស់គាត់នៅបរទេស ចាប់តាំងពីជម្លោះផ្ទុះឡើង ដោយបានជួបជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដើម្បីទទួលបានប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot និងសព្វាវុធផ្សេងទៀត ហើយក៏ថ្លែងទៅកាន់សភាអាមេរិកផងដែរ។
ឆ្នាំ២០២៣
ខែមករា
នៅថ្ងៃទី១ខែមករា ក្រោយឆ្លងឆ្នាំមិនបានប៉ុន្មានផង ទាហានរុស្ស៊ីជាច្រើននាក់ដែលទើបនឹងកែនបាន ត្រូវបានសម្លាប់ដោយការវាយប្រហារមីស៊ីលរបស់អ៊ុយក្រែនទៅលើទីក្រុង Makiivka ។ ក្រសួងការពារជាតិរុស្ស៊ី និយាយថា ទាហាន ៨៩ នាក់ត្រូវបានសម្លាប់ ខណៈមន្ត្រីអ៊ុយក្រែនដាក់ចំនួនអ្នកស្លាប់ដល់ទៅរាប់រយនាក់ឯណោះ។
បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងសាហាវអស់រយៈពេលជាច្រើនខែ រុស្ស៊ីបានប្រកាសពីការដណ្តើមយកទីក្រុង Soledar នៅថ្ងៃទី ១២ ខែមករា។
នៅថ្ងៃទី១៤ខែមករា ពេលដែលរុស្ស៊ីបើកការវាយប្រហារមួយទៀតលើរោងចក្រថាមពលរបស់អ៊ុយក្រែន មីស៊ីលរុស្ស៊ីបានវាយប្រហារអគារផ្ទះល្វែងមួយនៅទីក្រុង Dnipro ដោយបានសម្លាប់មនុស្ស ៤៥ នាក់។
ខែកុម្ភៈ
នៅថ្ងៃទី២០ខែកុម្ភៈ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានធ្វើទស្សនកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៅកាន់ទីក្រុង កៀវ ជាកន្លែងដែលគាត់បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែនក្នុងការបង្ហាញនូវសាមគ្គីភាពដ៏អស្ចារ្យ និងរឹងមាំ៕
![](https://www.kampucheathmey.com/wp-content/uploads/2023/02/image-2195-1024x682.png)
ប្រែសម្រួល៖ Vann Vann
ប្រភព៖ AP
ចុចអាន៖ លោក បៃដិន ធានាសន្តិសុខដល់សម្ព័ន្ធមិត្តណាតូ ភាគខាងកើត ក្រោយរុស្ស៊ីគំរាមបាញ់នុយក្លេអ៊ែរ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?