Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុងប៉េកាំង ព្រមានថា ជម្លោះ​​​ចិន-​អាមេរិក នឹង​ក្លាយ​ជា​មហន្តរាយ​​សម្រាប់​ពិភពលោកទាំងមូល

បានផុស

នៅ

រដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu ព្រមានថា ជម្លោះយោធារវាងចិន និងសហរដ្ឋអាមេរិក នឹងមានផលវិបាកដ៏អាក្រក់ មិនត្រឹមតែសម្រាប់ប្រជាជាតិទាំងពីរនេះប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ពិភពលោកទាំងមូលផងដែរ។

រដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំឡុងសុន្ទរកថានៅឯកិច្ចប្រជុំកំពូលសន្តិសុខ Shangri-La Dialogue ក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃអាទិត្យទី៤ខែមិថុនា លោក Li បានគូសបញ្ជាក់ថា “ចិននិងអាមេរិកមានប្រព័ន្ធផ្សេងៗគ្នា ហើយខុសគ្នាតាមវិធីជាច្រើន។ យ៉ាងណាក្តី រឿងនេះ មិនគួររារាំងភាគីទាំងពីរពីការស្វែងរកមូលដ្ឋានរួម និងផលប្រយោជន៍រួម ដើម្បីបង្កើនទំនាក់ទំនងទ្វេភាគី និងធ្វើឲ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនោះទេ”។

លោក​​បន្ថែម​ថា “​គ្មានអ្វី​អាច​ប្រកែក​បាន​ឡើយដែលថា ​ជម្លោះ​ឬ​ការ​ប្រឈម​មុខ​ដាក់​គ្នា​ធ្ងន់ធ្ងរ​រវាង​ចិន​និង​អាមេរិក ​នឹង​ក្លាយ​ជា​មហន្តរាយ​​សម្រាប់​ពិភពលោក​”។

ទន្ទឹមនោះ រដ្ឋមន្ត្រីការពារជាតិចិនក៏បានព្រមានដែរថា “ឥឡូវនេះ ចិត្តគំនិតសង្រ្គាមត្រជាក់ កំពុងកកើតឡើងវិញ ដែលជាហេតុបង្កើនហានិភ័យសន្តិសុខយ៉ាងខ្លាំងក្លា”។

រដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu (រូបថត៖ AFP)

ទោះមិននិយាយអំពីទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួនដោយផ្ទាល់ ប៉ុន្តែលោក Li បានអះអាងថា “ប្រទេសមួយចំនួន បាននិងកំពុងបង្កើនការប្រកួតប្រជែងអាវុធ និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងទៀត”។

យោងតាមលោករដ្ឋមន្ត្រី, អ្នកដែលព្យាយាមបង្កើតប្លុកយោធាដូចអង្គការណាតូ នៅឥណ្ឌូប៉ាស៊ីហ្វិក កំពុងសម្លឹងមើល ចាប់ប្រទេសក្នុងតំបន់ធ្វើជាចំណាប់ខ្មាំង ហើយលលេងជាមួយជម្លោះ និងការប្រឈមមុខដាក់គ្នា។

លើសពីនេះ លោក Li ក៏បានបញ្ជាក់ជំហររបស់ទីក្រុងប៉េកាំងដែរថា “កោះតៃវ៉ាន់គឺជាតៃវ៉ាន់របស់ចិន ហើយរបៀបដោះស្រាយបញ្ហាតៃវ៉ាន់ គឺចិនជាអ្នកសម្រេចចិត្ត”។

គួរបញ្ជាក់ថា លោក Li ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិចិន កាលពីពាក់កណ្តាលខែមីនា ហើយមន្ត្រីរូបនេះ ត្រូវបានអាមេរិកដាក់ក្នុងបញ្ជីខ្មៅកាលពីឆ្នាំ២០១៨ ដោយចោទប្រកាន់ពាក់ព័ន្ធការទិញអាវុធពីរុស្ស៊ី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ទោះចិននិងរុស្ស៊ី ពួតដៃគ្នា ក៏អាមេរិក មិនចាំបាច់ បង្កើនឃ្លាំងអាវុធនុយក្លេអ៊ែរ ដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម