Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសជាសមាជិកចំនួន ១៥ ហើយអនុញ្ញាតឲ្យ អ៊ុយក្រែន ចូលណាតូ

បានផុស

នៅ

លោកស្រី Olga Stefanishyna ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនទទួលបន្ទុកសមាហរណកម្មអឺរ៉ុប និងអាត្លង់ទិកបាននិយាយថា យ៉ាងហោចណាស់មានប្រទេសចំនួន ១៥ ហើយបានធ្វើការសម្រេចចិត្តផ្នែកនយោបាយ ស្ដីពីការអនុញ្ញាតឲ្យអ៊ុយក្រែនចូលជាសមាជិកអង្គការណាតូ ។

លោក Olga Stefanishyna

លោកស្រីបានប្រាប់ទីភ្នាក់ងារព័ត៌មានអ៊ុយក្រែន RBC ថា “ក្នុងចំណោមសមាជិកអង្គការណាតូចំនួន ៣១ ប្រទេស មាន ១៥ ប្រទេសទៅហើយបានយល់ច្បាស់ពីតម្រូវការរបស់អ៊ុយក្រែន ក្នុងការចូលជាសមាជិករបស់សម្ព័ន្ធភាពយោធាមួយនេះក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងវីនីញូស ប្រទេសលីទុយអានី នាថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកក្កដា” ។

យោងតាមលោកស្រីបានឲ្យដឹងទៀតថា ការសម្រេចចិត្តមួយគួរតែត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំនៅទីក្រុងវីនីញូស ដើម្បីពង្រីកការអញ្ជើញជាផ្លូវការឲ្យប្រទេសអ៊ុយក្រែនក្លាយជាសមាជិកនៃអង្គការណាតូ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Stefanishyna ជឿជាក់ថា គ្រប់ប្រទេសនៃសមាជិកអង្គការណាតូ នឹងគាំទ្រដល់រដ្ឋាភិបាលទីក្រុងកៀវ ហើយយ៉ាងហោចណាស់ពាក់កណ្តាលនៃសម្ព័ន្ធភាពយោធាមួយនេះ យល់យ៉ាងច្បាស់អំពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃការសម្រេចចិត្តអញ្ជើញអ៊ុយក្រែនទៅកាន់អង្គការណាតូក្នុងកិច្ចប្រជុំកំពូលនាពេលខាងមុខ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បានលើកឡើងថា ការចូលជាសមាជិករបស់អ៊ុយក្រែន ក្នុងអំឡុងពេលជម្លោះគឺមិនអាចទៅរួចទេ ហើយប្រទេសសម្ព័ន្ធមិត្ត ក៏ដូចជាទីក្រុងកៀវ បានយល់ច្បាស់ហើយអំពីរឿងនេះ ។

ប្រមុខណាតូរូបនេះបានឲ្យដឹងទៀតថា កិច្ចប្រជុំកំពូលរបស់អង្គការនៅទីក្រុងវីនីញូសនាពេលខាងមុខ គឺគ្រាន់តែគ្រោងនាំអ៊ុយក្រែនឲ្យកាន់តែមានភាពជិតស្និទ្ធជាមួយណាតូ បង្កើតក្រុមប្រឹក្សាអ៊ុយក្រែន-ណាតូ និងធានានូវកម្មវិធីជាច្រើនឆ្នាំនៃការផ្គត់ផ្គង់យោធាដល់អាជ្ញាធរក្រុងកៀវប៉ុណ្ណោះ ។

ទន្ទឹមនោះ លោកប្រធានាធិបតី Volodymyr Zelensky ក៏ទទួលស្គាល់ដែរថា ការអញ្ជើញឲ្យចូលរួមជាសមាជិកអង្គការណាតូមិនទាន់ត្រូវបានពង្រីកនៅឡើយទេ ពោលវាគ្រាន់តែការលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ឲ្យមានទឹកចិត្តប្រយុទ្ធជាមួយរុស្ស៊ីតែប៉ុណ្ណោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ TASS

ចុចអាន ៖ តើការបះបោរប្រដាប់អាវុធនៅ រុស្ស៊ី ជាសេណារីយ៉ូរៀបចំឡើងដោយលោក ពូទីន ឬយ៉ាងណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម