Connect with us

ព័ត៌មានអន្ដរជាតិ

Joe Biden ឡើងកាន់តំណែងមិនទាន់បានប៉ុន្មានថ្ងៃផង ក្រុងប៉េកាំងប្រកាសធ្វើសមយុទ្ធក្នុងសមុទ្រចិនខាងត្បូង

បានផុស

នៅ

ប្រទេសចិនបាននិយាយនៅថ្ងៃអង្គារទី២៦នេះថា ខ្លួននឹងធ្វើសមយុទ្ធយោធានៅសមុទ្រចិនខាងត្បូងក្នុងសប្តាហ៍នេះ ប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងប៉េកាំងខឹងសម្បាចំពោះក្រុមនាវាដឹកយន្តហោះអាមេរិកដែលចូលក្នុងដែនទឹកមានជម្លោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីជូនដំណឹងដែលចេញដោយរដ្ឋបាលសុវត្ថិភាពដែនសមុទ្ររបស់ប្រទេសនេះ បានហាមឃាត់ការចូលទៅក្នុងផ្នែកមួយនៃដែនទឹកក្នុងឈូងសមុទ្រ Tonkin ទៅដល់ភាគខាងលិចនៃឧបទ្វីប Leizhou ភាគនិរតីប្រទេសចិនចាប់ពីថ្ងៃទី២៧ខែមករាដល់ថ្ងៃទី៣០ខែមករា ប៉ុន្តែសេចក្តីជូនដំណឹងនេះមិនបានផ្តល់ព័ត៌មានលម្អិតថាតើ សមយុទ្ធនឹងត្រូវធ្វើឡើងនៅពេលណាឬក្នុងទំហំប៉ុនណានោះទេ។

កងនាវាផ្ទុកយន្តហោះអាមេរិកដែលដឹកនាំដោយនាវា USS Theodore Roosevelt បានចូលក្នុងសមុទ្រចិនខាងត្បូងកាលពីថ្ងៃសៅរ៍ដើម្បីលើកកម្ពស់ “សេរីភាពនៃដែនសមុទ្រ” ប៉ុន្មានថ្ងៃបន្ទាប់ពីលោក Joe Biden ចាប់ផ្តើមអាណត្តិរបស់លោកក្នុងនាមជាប្រធានាធិបតី។

ដែនទឹកដែលមានការប្រជែងគ្នានេះ បានក្លាយជាចំណុចក្តៅថ្មីមួយទៀតនៅក្នុងទំនាក់ទំនងទ្វេភាគីដែលតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុង ប៉េកាំងនិងវ៉ាស៊ីនតោន។

យោធាអាមេរិកបានបង្កើនសកម្មភាពរបស់ខ្លួននៅទីនោះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ខណៈប្រទេសចិនបានអះអាងទាមទារទឹកដីរបស់ខ្លួននៅក្នុងតំបន់ដែលមានជម្លោះជាមួយប្រទេសជិតខាងដូចជាវៀតណាម ម៉ាឡេស៊ី ហ្វីលីពីន ប្រ៊ុយណេនិងតៃវ៉ាន់។

កាលពីថ្ងៃចន្ទ ប្រទេសចិនបានត្អូញត្អែរថា សហរដ្ឋអាមេរិកតែងតែបញ្ជូនយន្តហោះនិងនាវាជាច្រើនគ្រឿងចូលសមុទ្រចិនខាងត្បូង ដើម្បីបង្ហាញសាច់ដុំរបស់ខ្លួនហើយនិយាយថា សកម្មភាពបែបនេះមិនអំណោយផលដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ឡើយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ចិនបញ្ចូននាវាដឹកយន្តហោះ ទៅសមុទ្រចិនខាងត្បូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម