Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកស្លាប់កើនឡើងជាបន្តបន្ទាប់ក្នុងគ្រោះរញ្ជួយដីនៅទួរគីនិងក្រិក

បានផុស

នៅ

ក្រុមអ្នកជួយសង្គ្រោះបានប្រើដៃទទេ រើកកាយបំណែកអគារដើម្បីស្វែងរកអ្នកដែលសង្ឃឹមថាអាចនៅរស់រានមានជីវិតពីការរញ្ជួយដីដ៏មានឥទ្ធិពលដែលបានសម្លាប់មនុស្សដល់៣៩នាក់ហើយនៅក្នុងប្រទេសទួរគីនិងក្រិក។

មនុស្សជាង៨០០នាក់បានរងរបួសដោយសារការរញ្ជួយដីដែលបានផ្ដួលរលំអគារក្នុងទីក្រុងធំទី៣របស់ប្រទេសទួរគីឈ្មោះ Izmir និងបង្កជារលកយក្សស៊ូណាមិនៅស្រុក Seferihisar និងលើកោះ Samos។

ការរញ្ជួយដីនេះបានវាយប្រហារនៅម៉ោង២និង៥១នាទីរសៀល (ម៉ោងក្នុងស្រុក) នៅប្រទេសទួរគី។ ចំណុចកណ្តាលរបស់វាគឺនៅក្នុងសមុទ្រ Aegean ភាគឦសានកោះ Samos។

យោងតាមការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយនិងគ្រាអាសន្នរបស់ប្រទេសទួរគី (AFAD) បានឲ្យដឹងថា ក្រោយការរញ្ជួយដី មានការរញ្ជួយតូចៗជាង៤០០លើក។

ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បាននិយាយថា មនុស្សយ៉ាងតិច៣៧នាក់ត្រូវបានសម្លាប់ក្នុងទីក្រុង Izmir។ ក្នុងចំណោមអ្នកស្លាប់មានស្ត្រីចំណាស់ម្នាក់ដែលលង់ទឹកស្លាប់ក្នុងរលកយក្សស៊ូណាមិ។

ក្មេងជំទង់ពីរនាក់ត្រូវបានសម្លាប់នៅលើកោះ Samos បន្ទាប់ពីជញ្ជាំងបាក់សង្កត់លើ។ អាជ្ញាធរសុខាភិបាលនិយាយថា មនុស្សចំនួន១៩នាក់បានរងរបួសនៅលើកោះនេះ។

អាជ្ញាធរបានព្រមានប្រជាជនឲ្យនៅឆ្ងាយពីឆ្នេរសមុទ្រនិងពីអគារដែលខូចខាត។

ក្រុមមន្រ្តីបានប្រាប់ Al Jazeera ថា យ៉ាងហោចណាស់មានអគារចំនួន៧ត្រូវបានបំផ្លាញខណៈដែលអគារចំនួន១០ស្ថិតក្នុងគ្រោះថ្នាក់នៃការដួលរលំ។ មន្ត្រីដដែលបន្ថែមថា មន្ត្រីប្រហែល១,៥០០នាក់បានចូលរួមក្នុងប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Al Jazeera

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម