ព័ត៌មានអន្ដរជាតិ
អ្នកគាំទ្រលោក Pita គប់ម្សៅកណ្ដាលមុខសមាជិកសភារបស់លោក Prayuth ហើយថា បក្សភឿថៃភ្លេចរដ្ឋប្រហារហើយ
អ្នកគាំទ្រគណបក្សចលនាឆ្ពោះទៅមុខ (Move Forward) បានសម្រុកចូលទៅក្នុងទីស្នាក់ការកណ្តាលរបស់គណបក្សភឿថៃ ហើយគប់ម្សៅទៅលើមន្ត្រីគណបក្សភឿថៃ និងបក្ស Palang Pracharath (PPRP) ខណៈដែលពួកគេកំពុងរៀបចំជួបអ្នកសារព័ត៌មាន។

កាលពីថ្ងៃទី២៣ ខែកក្កដាកន្លងទៅ គណបក្សភឿថៃ និងគណបក្ស Palang Pracharath បានធ្វើសន្និសីទសារព័ត៌មាននៅម៉ោង ៤ និង ៣០ នាទីរសៀល បន្ទាប់ពីភាគីទាំងពីរបានបើកកិច្ចប្រជុំបិទទ្វារស្ដីពីការកំណត់លក្ខខណ្ឌការងាររួមគ្នា ។ មុនពេលសារព័ត៌មានត្រូវបានហៅចូល ក្រុមអ្នកតវ៉ាបានសម្រុកចូលដោយស្រែកទាំងកំហឹងថា ភឿថៃមិនអាចបង្កើតសម្ព័ន្ធភាពជាមួយគណបក្ស Palang Pracharath របស់លោកឧត្តមសេនីយ៍ Prawit និងគណបក្ស ថៃរួបរួមជាតិ (UTNP) របស់លោក Prayut បាននោះទេ ។
ក្នុងការតវ៉ានេះក្រុមអ្នកគាំទ្រលោក ភីថា បានគប់ម្សៅមួយប្រភេទឈ្មោះ talcum ទៅលើមេដឹកនាំបក្សភឿថៃ លោក Cholnan Srikaew និងសមាជិកសភាមកពីបក្ស Palang Pracharath លោក Thamanat Prompow នៅពេលដែលពួកគេកំពុងដើរទៅកាន់វេទិកានិយាយទៅកាន់អ្នកសារព័ត៌មាន។ ក្រុមបាតុករបាននិយាយថា គណបក្សភឿថៃគួរតែបន្តរួមរស់ជាមួយក្រុមចម្រុះទាំង ៨ ដដែល ហើយគួរតែកុំយកគណបក្សផ្សេងទៀតមកចូលរួមបន្ថែមធ្វើអ្វី ជាពិសេសគណបក្ស Palang Pracharath និងគណបក្សថៃរួបរួមជាតិ (UTNP) ។
ទន្ទឹមនោះ ពួកគេក៏បានរម្លឹកផងដែរថា តើមេដឹកនាំគណបក្សភឿថៃបានបំភ្លេចចោលការបង្ក្រាបដោយយោធាដ៏សាហាវលើបាតុករអាវក្រហមក្នុងឆ្នាំ ២០១០ ហើយឬយ៉ាងណា ។ ជាពិសេសលោក Prayut ជាមួយលោក Prawit បានដឹកនាំរដ្ឋប្រហារយោធាក្នុងឆ្នាំ ២០១៤ ដោយទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី Yingluck ។ ក្នុងនោះពួកគេទាមទារឲ្យលោក Cholnan លាលែងពីតំណែងជាមេដឹកនាំគណបក្ស ប្រសិនបើបក្ស Palang Pracharath និងបក្សថៃរួបរួមជាតិ ត្រូវបានបន្ថែមទៅក្នុងសម្ព័ន្ធក្រុមចម្រុះ ។
ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីមានការរំខាន ទាំងមេដឹកនាំគណបក្សភឿថៃ និងគណបក្ស Palang Pracharath បានដើរចេញផងដែរ ។ លោក Thamanat ដែលជាជំនួយការរបស់លោក Prawit និងលោក Santi អគ្គលេខាធិការបក្ស Palang Pracharath ត្រូវគេរាយការណ៍ថា បានបង្ហាញខ្លួននៅមុនថ្ងៃដើម្បីជួបជាមួយមេដឹកនាំរងគណបក្សភឿថៃផងដែរ ។

ក្រោយមក លោក Cholnan បានប្រាប់អ្នកសារព័ត៌មានថា លោកមិនបានអញ្ជើញគណបក្ស Palang Pracharath ឲ្យពិភាក្សាអំពីការចូលរួមក្នុងក្រុមចម្រុះនោះទេ ប៉ុន្តែដើម្បីបង្ហាញពីជំហររបស់ខ្លួនក្នុងការបោះឆ្នោតជ្រើសរើសបេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្សភឿថៃ ។ លោកថា អ្នកតវ៉ាមានសិទ្ធិបញ្ចេញមតិ ប៉ុន្តែលោកបារម្ភពីសុវត្ថិភាពអ្នកសារព័ត៌មាន និងភ្ញៀវ ហើយក៏បានសុំទោសចំពោះឧបទ្ទវហេតុនេះ ។
ដោយឡែក លោក Santi បានមានប្រសាសន៍ថា «បក្ស Palang Pracharath ប្រកាន់ខ្ជាប់នូវគោលការណ៍នៃរបបប្រជាធិបតេយ្យដែលមានព្រះមហាក្សត្រជាប្រមុខ ។ គណបក្សនានាដែលបក្ស Palang Pracharath នឹងធ្វើការជាមួយ មិនត្រូវប៉ះពាល់ ឬកែប្រែមាត្រា ១១២ ឡើយ ។ គណបក្សមិនអាចធ្វើការជាមួយបក្សចលនាឆ្ពោះទៅមុខបានទេ ដោយសារមានគោលនយោបាយនេះ ហើយរដ្ឋធម្មនុញ្ញចែងថា យើងជាជនជាតិថៃ ត្រូវតែគោរពព្រះមហាក្សត្រ» ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ភេសជ្ជៈសំណព្វរបស់កូនស្រីលោក ថាក់ស៊ីន យកមកទទួលថ្នាក់ដឹកនាំធំៗក្នុងស្រុកថៃ មានប្រវត្តិបែបណា?

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ