Connect with us

ព័ត៌មានអន្ដរជាតិ

តើសំណុំរឿងអ្វីខ្លះដែលលោក ថាក់ស៊ីន ប្រឈមជាប់ពន្ធនាគារ ១២ ឆ្នាំ ពេលត្រឡប់ចូលស្រុកវិញ?

បានផុស

នៅ

លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ត្រា បានបង្ហោះសារនៅលើបណ្ដាញសង្គម Facebook កាលពីថ្ងៃពុធថា អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា នឹងចុះចតនៅ​ព្រលានយន្តហោះ​ដន​មឿងក្នុងទីក្រុងបាងកកដើម្បីត្រឡប់ចូលស្រុកវិញនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់តាំងពីត្រូវបានផ្ដួលរំលំដោយរដ្ឋប្រហារយោធានៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០០៦ មក លោក ថាក់ស៊ីន បានរស់នៅនិរទេស លើកលែងតែដំណើរទស្សនកិច្ចរយៈពេលខ្លីមកកាន់ប្រទេសថៃក្នុងឆ្នាំ ២០០៨ ប៉ុណ្ណោះ ខណៈក្នុងអំឡុងពេលអវត្តមានរបស់លោកនៅពេលនោះដែរ នាយកដ្ឋានព្រហ្មទណ្ឌនៃតុលាការកំពូលសម្រាប់អ្នកកាន់តំណែងនយោបាយ បានកាត់ទោសលោកឲ្យជាប់ពន្ធនាគាររយៈពេល ១២ ឆ្នាំនៅក្នុងសំណុំរឿងក្ដីសំខាន់ៗចំនួន ៤ ករណី ។

ក្នុងនោះករណីទី១ ពាក់ព័ន្ធនឹងបញ្ហា ឆ្នោតលេខ ២ ខ្ទង់ និង ៣ ខ្ទង់របស់ការិយាល័យឆ្នោតជាតិ ដែលដាក់ចេញក្នុងអំឡុងការគ្រប់គ្រងរបស់លោក ថាក់ស៊ីន ។ នាយកដ្ឋានព្រហ្មទណ្ឌនៃតុលាការកំពូលសម្រាប់អ្នកកាន់តំណែងនយោបាយបានរកឃើញថា លោក ថាក់ស៊ីន ប្រព្រឹត្តទោសកំហុសក្នុងការបំពេញការងារ និងបំពានក្រមសីលធម៌ក្នុងនាមជានាយករដ្ឋមន្ត្រី ហើយលោកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ ។

ទន្ទឹមនោះ ករណីទី២ គឺការផ្តល់ប្រាក់កម្ចីចំនួន ៤ ពាន់លានបាតដល់រដ្ឋាភិបាលមីយ៉ាន់ម៉ាតាមរយៈធនាគារ Exim Bank of Thailand ដើម្បីទិញឧបករណ៍ និងសេវាកម្មពីក្រុមហ៊ុន Shin Satellite ដែលលោក ថាក់ស៊ីន និងក្រុមការងាររបស់លោកកាន់កាប់ភាគហ៊ុនភាគច្រើន ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក ថាក់ស៊ីន ​ត្រូវ​បាន​តុលាការ​កំពូល​កាត់ទោសឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ៣ ​ឆ្នាំ​ដោយមិនមានការប្រឆាំងជំទាស់ ។

ចំណែកករណីទី៣ លោក ថាក់ស៊ីន នឹងត្រូវជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ ដោយសារតែតុលាការបានរកឃើញថា លោកមានទោសកំហុសក្នុងការប្រើប្រាស់តួនាទីជាបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រី ហើយកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុន Shin Corp ជាក្រុមហ៊ុនទូរគមនាគមន៍ដែលត្រូវបានហាមឃាត់សម្រាប់អ្នកនយោបាយ ។

ចំពោះករណីចុងក្រោយវិញ លោក ថាក់ស៊ីន ត្រូវបានតុលាការរកឃើញថា មានពិរុទ្ធពីបទរំលោភសិទ្ធិអំណាចក្នុងការទិញដីធ្លីរបស់អតីតភរិយាគឺលោកស្រី Khunying Potjaman na Pombejra នៅតំបន់ Ratchadapisek ក្នុងតម្លៃទាបជាងទីផ្សារ ហើយនាំឲ្យមានការកាត់ក្ដីឲ្យអតីតនាយករដ្ឋមន្ត្រីវ័យ ៧៤ ឆ្នាំរូបនេះជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ ប៉ុន្តែទោះជាយ៉ាង សេចក្ដី​សម្រេច​របស់​តុលាការពាក់ព័ន្ធនឹងករណីនេះ​បាន​ផុត​កំណត់​នៅ​ខែ​តុលា ឆ្នាំ ២០១៨ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះលោក ថាក់ស៊ីន បាន​ពន្យារ​ពេល​វិល​ត្រឡប់​ចូលស្រុក​វិញ​ចំនួន ១៩ ដង​មកហើយ រាប់ចាប់តាំងពីការសន្យាចូលមកកាលពីដើមខែនេះផងដែរ បន្ទាប់ពីត្រូវបានទម្លាក់ចេញពីអំណាចក្នុងរដ្ឋប្រហារយោធាកាលពីឆ្នាំ ២០០៦ ហើយចាប់តាំងពីពេលនោះមកលោកបានរស់នៅក្នុងលក្ខណៈនិរទេសខ្លួនអស់រយៈពេល ១៧ ឆ្នាំមកហើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Thai PBS / Bangkok Post

ចុចអាន ៖ កូនស្រីលោក ថាក់ស៊ីន បញ្ជាក់ច្បាស់ៗពីថ្ងៃដែលឪពុកនឹងត្រឡប់ចូលស្រុក វិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម