ព័ត៌មានអន្ដរជាតិ
អ្នកនយោបាយ ថៃ ៣ រូបវិភាគពីការវិលត្រឡប់ចូលស្រុករបស់លោក ថាក់ស៊ីន
អ្នកនយោបាយថៃចំនួន ៣ រូបដែលរួមមានអតីតមេដឹកនាំអាវក្រហម និងមេធាវី សុទ្ធតែបង្ហាញការវិភាគផ្សេងៗគ្នាអំពីការប្រកាសវិលត្រឡប់ចូលស្រុកវិញរបស់អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅថ្ងៃទី១០ ខែសីហាខាងមុខនេះ ។

លោក Jatuporn Prompan អតីតមេដឹកនាំចលនាអាវក្រហម បាននិយាយនៅក្នុងការ Live តាម Facebook កាលពីពេលថ្មីៗនេះថា លោកមិនជឿទេដែលលោក ថាក់ស៊ីន ត្រៀមខ្លួនរួចជាស្រេចក្នុងការជាប់ពន្ធនាគាររយៈពេល ១០ ឆ្នាំនោះ ដូច្នេះហើយលោកដាក់ក្ដីរំពឹងថា អតីតនាយករដ្ឋមន្ត្រីដែលកំពុងរស់នៅនិរទេសខ្លួន នឹងលុបចោលគម្រោងវិលត្រឡប់ចូលស្រុកវិញនៅថ្ងៃទី១០ ខែសីហានេះ ។ លោក ថាក់ស៊ីន នឹងមិនត្រឡប់ចូលស្រុកវិញនោះទេ ព្រោះនៅពេលនេះ គាត់មិនអាចប្រាកដចិត្តនៅឡើយទេថា នឹងទទួលបានការលើកលែងទោសពីព្រះមហាក្សត្រសម្រាប់ការផ្តន្ទាទោសពីបទពុករលួយរបស់គាត់នោះ ។
លោក Jatuporn បានចង្អុលបង្ហាញថា លោក ថាក់ស៊ីន បានព្យាយាមចូលស្រុកចំនួន ២០ ដងមកហើយក្នុងរយៈពេល ១៧ ឆ្នាំចុងក្រោយនេះ សម្រាប់ការចរចាលើកលែងទោសពីព្រះមហាក្សត្រ ដើម្បីសុំកុំឲ្យគាត់ជាប់ពន្ធនាគារ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ការប៉ុនប៉ងទាំង ២០ លើកនោះសុទ្ធតែបរាជ័យ ។

ចំណែកលោកមេធាវី Paisal Puechmongkol ដែលជាអតីតជំនួយការរងរបស់លោកឧត្តមសេនីយ Prawit Wongsuwan បាននិយាយថា ការវិលត្រឡប់របស់លោក ថាក់ស៊ីន នៅថ្ងៃទី១០ ខែសីហា គ្រាន់តែជាការប្រកាសប៉ុណ្ណោះ ហើយគណបក្សភឿថៃអាចយកបញ្ហានេះដើម្បីធ្វើជាល្បែងនយោបាយ ។
លោក Puechmongkol ក៏បានលើកឡើងផងដែរថា បើតាមហោរាសាស្ត្រ ការវិលត្រឡប់របស់លោក ថាក់ស៊ីន នឹងត្រូវបញ្ជាក់ក្រោយថ្ងៃទី២០ ខែសីហា ប៉ុន្តែលោកមិនបានផ្ដល់ពីព័ត៌មានលម្អិតណាមួយឡើយ ។

ជាមួយគ្នានេះដែរ លោក Chuwit Kamolvisit ដែលជាអ្នកនយោបាយ និងជាអតីតសមាជិកសភាតំណាងរាស្ត្រប្រទេសថៃបានសរសេរបង្ហោះនៅលើបណ្ដាញសង្គម Facebook កាលពីថ្ងៃអាទិត្យថា ប្រសិនបើលោក ថាក់ស៊ីន សុខចិត្តជាប់ពន្ធនាគារមែននោះ លោកនឹងវិលត្រឡប់ចូលស្រុកវិញជាយូរយារណាស់មកហើយ ។
អ្នកនយោបាយវ័យ ៦១ ឆ្នាំរូបនេះបាននិយាយថា “អ្នកណាដែលគិតថា លោក ថាក់ស៊ីន នឹងត្រលប់ចូលស្រុកវិញនៅថ្ងៃទី១០ ខែសីហា ស្របពេលដែលប៉ូលិស និងមន្ត្រីកែប្រែ នៅរង់ចាំចាប់គាត់ដាក់ពន្ធនាគាររយៈពេល ១០ ឆ្នាំ គឺជាការគិតខុសទាំងស្រុងហើយ ព្រោះបើលោក ថាក់ស៊ីន ពិតជាចង់ត្រឡប់មកជាន់ដីថៃវិញនោះ លោកមិនមែនអង្គុយរង់ចាំរហូតដល់ ១៥ ទៅ ១៦ ឆ្នាំឡើយ” ។

ទន្ទឹមនោះ លោក Chuwit ជឿជាក់ថា លោក ថាក់ស៊ីន មានរបៀបវារៈលាក់កំបាំងសម្រាប់ពេលវេលានៃការវិលត្រឡប់ចូលស្រុករបស់គាត់ ខណៈពេលដែលប្រទេសនេះកំពុងស្ថិតក្នុងដំណើរការបង្កើតរដ្ឋាភិបាលថ្មី ។ ប៉ុន្តែទោះជាយ៉ាងណា លើកនេះលោក ថាក់ស៊ីន ក៏នឹងពន្យារពេលវិលត្រឡប់មកម្តងទៀតផងដែរ ប្រសិនបើគណបក្សភឿថៃមិនអាចបង្កើតរដ្ឋាភិបាលថ្មីបាន ។
គួរបញ្ជាក់ថា ចាប់តាំងពីត្រូវបានផ្ដួលរំលំដោយរដ្ឋប្រហារយោធានៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០០៦ មក លោក ថាក់ស៊ីន បានរស់នៅនិរទេស លើកលែងតែដំណើរទស្សនកិច្ចរយៈពេលខ្លីមកកាន់ប្រទេសថៃក្នុងឆ្នាំ ២០០៨ ប៉ុណ្ណោះ ខណៈក្នុងអំឡុងពេលអវត្តមានរបស់លោកនៅពេលនោះដែរ នាយកដ្ឋានព្រហ្មទណ្ឌនៃតុលាការកំពូលសម្រាប់អ្នកកាន់តំណែងនយោបាយ បានកាត់ទោសលោកឲ្យជាប់ពន្ធនាគាររយៈពេល ១០ ឆ្នាំនៅក្នុងសំណុំរឿងក្ដីសំខាន់ៗចំនួន ៣ ករណី ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ កាន់តែច្បាស់ពីម៉ោងពេលដែលលោក ថាក់ស៊ីន នឹងជាន់ទឹកដី ថៃ សាជាថ្មី
ចុចអាន ៖ ព្រះមហាក្សត្រ ថៃ មានព្រះបន្ទូលទៅកាន់ប្រជារាស្ត្រ ពាក់ព័ន្ធស្ថានភាពនយោបាយក្នុងប្រទេស

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ