ទ្វីបអឺរ៉ុបកំពុងចលាចលធ្ងន់ធ្ងរដោយសារតែបាតុកម្ម – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

ទ្វីបអឺរ៉ុបកំពុងចលាចលធ្ងន់ធ្ងរដោយសារតែបាតុកម្ម

Published

on

ការធ្វើបាតុកម្មប្រឆាំងការបិទប្រទេសកាន់តែពុះកញ្ជ្រោលខ្លាំងឡើងៗនៅជុំវិញទ្វីបអឺរ៉ុបខណៈក្រុមអ្នកតវ៉ានៅទីក្រុង Rome បានគប់គ្រាប់បែកភ្លើង ដបនិងដុំថ្មដាក់ប៉ូលិសហើយក៏មានភាពតានតឹងកើនឡើងផងដែរនៅទីក្រុង Barcelona និង Dresden។

កាលពីយប់ថ្ងៃសៅរ៍ក្នុងទីក្រុង Rome, ការអង្គុយតវ៉ានៅទីលាន Campo dei Fiori ដ៏ល្បីល្បាញបានបញ្ចប់ទៅដោយការប៉ះទង្គិចជាមួយប៉ូលិសខណៈមនុស្សមួយចំនួននៅក្នុងហ្វូងបាតុករដែលមានគ្នាពីរបីរយនាក់បានចាប់ផ្តើមគប់ដបនិងផាវមុនពេលត្រូវបានបំបែកដោយប៉ូលិស។

នៅទីក្រុង Barcelona ក្នុងប្រទេសអេស្ប៉ាញ ក្រុមបាតុករបានគប់ដុំថ្មនិងរបស់របរផ្សេងៗដាក់ប៉ូលិសនៅក្នុងរាត្រីទី២នៃភាពចលាចលក្នុងទីក្រុងធំបំផុតទី២របស់ប្រទេសអេស្ប៉ាញមួយនេះ។ អគ្គិភ័យតូចៗក៏បានផ្ទុះឡើងផងដែរនៅពេលបាតុករដុតបន្ទះក្តារ។

ក៏មានការប៉ះទង្គិចគ្នាផងដែរក្នុងរាជធានី Madrid និងទីក្រុងភាគខាងជើង Logroño ដែលនៅទីនោះ មនុស្សចំនួន១៥០នាក់បានវាយប្រហារប៉ូលិសជាមួយដុំថ្ម ដុតកុងតឺន័រនិងចូលលួចក្នុងហាង។

ថ្វីបើមិនសូវតានតឹងដូចនៅកន្លែងផ្សេង ការតវ៉ាក៏បានផ្ទុះឡើងផងដែរក្នុងទីក្រុង Dresden របស់ប្រទេសអាល្លឺម៉ង់ដែលរៀបចំឡើងដោយក្រុមប្រឆាំងការបិទប្រទេស Querdenken 571។

ការតវ៉ាដែលជាឈុតឆាកដដែលៗក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះបានកើតឡើងនៅក្នុងបរិបទនៃវិធានការបិទប្រទេសថ្មីនៅទូទាំងទ្វីបអឺរ៉ុបដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃករណីជំងឺឆ្លងកូវីដ១៩។

ក្នុងប្រទេសអ៊ីតាលី នៅទីក្រុង Naples និង Turin បាតុកម្មបានធ្វើឡើងដើម្បីរិះគន់ការរឹតបន្តឹងថ្មីៗក្នុងគោលបំណងបញ្ឈប់ការកើនឡើងនៃករណីឆ្លងវីរុស។

ពួកគេបានធ្វើឡើងនៅពេលប្រទេសនេះរាយការណ៍ពីការឆ្លងថ្មីចំនួន៣១,៧៥៨ករណីដែលជាកំណត់ត្រាប្រចាំថ្ងៃថ្មី។ ចំនួនអ្នកស្លាប់ថ្មីមានចំនួន២៩៧នាក់។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ Luciana Lamorgese បាននិយាយកាលពីថ្ងៃសៅរ៍ថា បាតុករមួយចំនួនកំពុងស្វែងរកការកេងចំណេញពីភាពអាសន្ននៃមេរោគនេះ។

លោក Lamorgese បានប្រាប់កាសែត Il Foglio ថា “ជាអកុសល មានធាតុផ្សំនៃអំពើហិង្សាជាច្រើនកំពុងព្យាយាមជ្រៀតចូលទៅក្នុងទីលានដើម្បីទាញយកផលប្រយោជន៍ពីភាពចលាចលខាងសង្គមនិងសេដ្ឋកិច្ចក្នុងពេលដ៏លំបាកនេះ”។

ក្នុងនាមជាប្រទេសដំបូងបង្អស់នៅអ៊ឺរ៉ុបដែលរងការវាយប្រហារពីជំងឺរាតត្បាតកាលពីខែមីនា, អ៊ីតាលីបានដាក់វិធានការនៅដាច់ដោយឡែករយៈពេលជាងពីរខែដែលបានបំផ្លាញសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម