Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ឲ្យ ហ្វីលីពីន អូសនាវាចម្បាំងដែលច្រែះចាប់ជំនាន់សង្គ្រាមលោកលើកទី ២ ចេញពីដែនទឹកមានជម្លោះជាបន្ទាន់

បានផុស

នៅ

ក្រសួងការបរទេសចិននៅថ្ងៃអង្គារនេះបានធ្វើការអំពាវនាវសាជាថ្មីម្តងទៀតទៅដល់ប្រទេសហ្វីលីពីន ឲ្យអូសនាវាចម្បាំងច្រែះចាប់ជំនាន់សង្គ្រាមលោកលើកទី២ ចេញពីតំបន់ថ្មប៉ប្រះទឹកដែលមានជម្លោះ បន្ទាប់ពីទីក្រុងម៉ានីលបានប្រាប់ទីក្រុងប៉េកាំងថានឹងមិនបោះបង់ចោលតំបន់នោះឡើយ ។

(រូបភាព ៖ AFP)

ជម្លោះ​ជុំវិញតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​បាន​កើត​ឡើង ​បន្ទាប់​ពី​ក្រុង​ម៉ានីល​បាន​ចោទ​ប្រកាន់​ឆ្មាំ​សមុទ្រ​របស់​ប្រទេស​ចិន​ថាបានធ្វើសកម្មភាពដ៏គ្រោះថ្នាក់ និង​វាយប្រហារមកលើ​នាវា​ហ្វីលីពីនជាច្រើនគ្រឿង ។

ក្រសួងការបរទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រទេសចិនជាថ្មីម្តងទៀតបានជំរុញឲ្យភាគីហ្វីលីពីន អូសនាវាចម្បាំងចេញពីតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ជាបន្ទាន់ ហើយស្ដារវាឲ្យក្លាយទៅជាតំបន់ដែលមិនមានការកាន់កាប់” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលជាមួយគ្នានេះ ប្រទេសចិនបានទាក់ទងជាមួយហ្វីលីពីនជាច្រើនដងមកហើយ អំពីបញ្ហានៅតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal តាមរយៈបណ្តាញការទូត ប៉ុន្តែសុច្ឆន្ទៈ និងភាពស្មោះត្រង់របស់ចិនត្រូវបានហ្វីលីពីនមិនអើពើឡើយ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ឆ្មាំឆ្នេរសមុទ្រហ្វីលីពីនកាលពីថ្ងៃអាទិត្យបានថ្កោលទោសយ៉ាងខ្លាំងលើសកម្មភាពហួសហេតុ និងការប្រើប្រាស់កាណុងបាញ់ទឹកខុសច្បាប់របស់ឆ្មាំឆ្នេរសមុទ្រចិនមកលើនាវាហ្វីលីពីននៅជិតតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ដែលទីក្រុងម៉ានីលហៅថា Ayungin Shoal ។

ទន្ទឹមនោះ ឆ្មាំសមុទ្រចិនបានធ្វើការតបតវិញថា សកម្មភាពបាញ់កាណុងទឹកដាក់នាវាហ្វីលីពីន គឺដោយសារតែទូកដឹកទំនិញចំនួន ២ គ្រឿង និងនាវាឆ្មាំឆ្នេរសមុទ្រហ្វីលីពីន ២ គ្រឿងបានចូលដែនទឹកនៃប្រជុំកោះ Spratly របស់ចិនដោយមិនមានការអនុញ្ញាត ដូច្នេះចិនមានអធិបតេយ្យភាពមិនអាចប្រកែកបានលើប្រជុំកោះមួយនេះ និងដែនទឹកជុំវិញនោះ ។

បន្ថែមពីនេះ ភាព​តានតឹង​រវាងប្រទេសទាំងពីរ ​​ជុំវិញ​សមុទ្រ​ចិន​ខាងត្បូង ​ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី​ហ្វីលីពីន Ferdinand Marcos Jr បានកើនឡើងយ៉ាងខ្លាំង ជាពិសេសបន្ទាប់ពីរដ្ឋាភិបាលទី​ក្រុង​ម៉ានីល​បាន​ងាក​ទៅរក​សហរដ្ឋអាមេរិក ឲ្យគាំទ្រប្រទេសហ្វីលីពីន​ក្នុង​ជម្លោះ​ដែនសមុទ្រ​ជាមួយ​ចិន ។

គួរបញ្ជាក់ថា តំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ដែលចិនហៅថាជា Ren’ai Jiao និង Ayungin Shoal ក្នុងប្រទេសហ្វីលីពីន គឺជាផ្នែកមួយនៃប្រជុំកោះ Spratly ដែលមានជម្លោះ ហើយក៏ជាប្រជុំកោះដ៏សំខាន់ដែលចិន និងប្រទេសអាស៊ីមួយចំនួនទៀតដូចជា ម៉ាឡេស៊ី វៀតណាម ព្រុយណេ និងតៃវ៉ាន់ បានទាមទារមកធ្វើជាចំណែកអធិតេយ្យរៀងៗខ្លួនផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Reuters

ចុចអាន ៖ អាមេរិក គាំទ្រ ហ្វីលីពីន សម្រាប់ការថ្កោលទោសលើសកម្មភាពដ៏គ្រោះថ្នាក់​របស់ ចិន នៅដែនទឹកមានជម្លោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម