ព័ត៌មានអន្ដរជាតិ
មិនទាន់ចប់ទេ! គ្រួសាររបស់នារីអូតែសហ្វីលីពីន ទាមទារឲ្យគាស់សពនាងមកវិញដើម្បីធ្វើរឿងមួយ
ក្រុមគ្រួសាររបស់នារីអូតែសហ្វីលីពីន Christine Dacera ចង់ឲ្យគាស់សពរបស់នាងមកវិញដើម្បីពិនិត្យមើលថាតើ សំណាកសរីរាង្គដែលប៉ូលិសប្រើក្នុងការធ្វើកោសល្យវិច័យពិតជារបស់នាងមែនឬក៏មិនមែន។

មេធាវីនៃក្រុមគ្រួសាររបស់ Dacera គឺលោក Brick Reyes បានប្រកាសបែបនេះនៅក្នុងសន្និសីទកាសែតជាមួយម្តាយរបស់ Dacera នៅថ្ងៃសុក្រទី២៩ខែមករានេះ ពោលគឺមួយថ្ងៃបន្ទាប់ពីប៉ូលិសជាតិហ្វីលីពីន (PNP) បានប្រកាសថា Dacera ស្លាប់ដោយសារជំងឺផ្ទុយពីការជឿជាក់របស់ក្រុមគ្រួសារដែលថា នាងត្រូវបានគេរំលោភ។

លោក Reyes និយាយថាគ្រួសារ Dacera សង្ស័យថា មានការលាក់បាំងមួយផ្សេងទៀត។ ពួកគេជឿថា ប៉ូលិសបានពិនិត្យសំណាកសរីរាង្គដែលមិនមែនយកពីសពរបស់ Dacera ដើម្បីទៅធ្វើការសន្និដ្ឋានថា នាងបានស្លាប់ដោយសាររោគាពាធ។

លោកនិយាយថា “ក្រុមគ្រួសាររបស់ Dacera ទាមទារឲ្យធ្វើតេស្ត DNA លើសំណាកទាំងអស់នៃសរីរាង្គរបស់ Dacera ក៏ដូចជាការគាស់សពមកវិញផងដែរដូច្នេះ យើងអាចប្រៀបធៀប DNA នៅលើដៃនិងជើងរបស់នាង”។

លោកនិយាយថា តាមវិធីនេះ ក្រុមគ្រួសារអាចផ្ទៀងផ្ទាត់ការរកឃើញរបស់ប៉ូលិសបាន។
សពរបស់ Dacera ត្រូវបានបញ្ចុះក្នុងទីក្រុង General Santos កាលពីជាងពីរសប្តាហ៍មុន ពោលគឺនៅថ្ងៃទី១០ខែមករា។

ការស៊ើបអង្កេតបឋមរបស់ប៉ូលិសជាតិហ្វីលីពីនចូលទៅក្នុងករណីចាប់រំលោភ ជាមួយនឹងបណ្តឹងមនុស្សឃាតប្រឆាំងគូកនរបស់ Dacera ចំនួន១១នាក់ក្នុងពិធីជប់លៀងឆ្លងឆ្នាំថ្មី បានចាប់ផ្តើមឡើងវិញកាលពីថ្ងៃពុធទី២៧ខែមករា។

ប៉ូលិសបានបញ្ជូនរបាយការណ៍វេជ្ជសាស្ត្រផ្លូវច្បាប់និងលទ្ធផលតេស្ត DNA ក្នុងអំឡុងពេលនៃដំណើរការនេះទៅឲ្យអយ្យការ។ ឯកសារថតចម្លងក៏ត្រូវបានប្រគល់ជូនក្រុមគ្រួសារផងដែរ។

របាយការណ៍ដែលចុះហត្ថលេខាដោយលោកឧត្តមសេនីយ៍ទោ Joseph Palmero បានបង្ហាញថា “មូលហេតុនៃការស្លាប់ដោយសារការធ្វើមនុស្សឃាតគឺត្រូវបានច្រានចោលក្នុងករណីរបស់កញ្ញា Dacera ពីព្រោះអាការៈប៉ោងសរសៃឈាម ត្រូវបានចាត់ទុកថាជាស្ថានភាពសុខភាពរបស់នាង។ ការរំលោភសេពសន្ថវៈឬការប្រើថ្នាំជ្រុល នឹងមិនបណ្តាលឲ្យមានការវិវត្តនៃជំងឺប៉ោងសរសៃឈាមទេ”។

របាយការណ៍បានលើកឡើងថា ខណៈដែលជំងឺប៉ោងសរសៃឈាមជាទូទៅត្រូវបានគេរកឃើញក្នុងចំណោមអ្នកជំងឺវ័យចំណាស់ដោយសារតែការកកខ្លាញក្នុងសរសៃឈាមនោះ ការកើនឡើងសម្ពាធឈាមក៏អាចបណ្តាលឲ្យមានការស្លាប់ដូចជាករណីរបស់ Dacera ដែរ។

របាយការណ៍បន្ថែមថា “មិនមានជាតិអាល់កុលឬថ្នាំញៀនណាមួយត្រូវបានប្រើប្រាស់នៅយប់ មុនពេលនាងស្លាប់ទេ។ បេះដូងរបស់ Dacera មានទម្ងន់ខុសធម្មតាដែលធ្វើឲ្យនាងលើសឈាម”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Rappler
ចុចអាន៖ ច្បាស់ហើយទាក់ទងការស្លាប់នារីអូតែសហ្វីលីពីន តែមិនមែនជាករណីចាប់រំលោភ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ