Connect with us

ព័ត៌មានអន្ដរជាតិ

យានអវកាសណាសា វិលមកផែនដីវិញ ជាមួយសំណាកអាចម៍ផ្កាយ ក្រោយរង់ចាំអស់រយៈពេល ៧ឆ្នាំ

បានផុស

នៅ

ទីភ្នាក់ងារអវកាសអាមេរិក (ណាសា) បានអបអរភាពជោគជ័យចំពោះយានអវកាស Osiris-Rex ដែលចុះមកដល់ផែនដីវិញ នាំមកជាមួយនូវសំណាកអាចម៍ផ្កាយធំបំផុត បន្ទាប់ពីការធ្វើដំណើរអស់រយៈពេល៧ឆ្នាំ ចូលជ្រៅទៅក្នុងលំហអាកាស។

(រូបថត៖ CBS 58)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហរដ្ឋអាមេរិក គឺជាប្រទេសទី២ ដែលបញ្ជូនសំណាកអាចម៍ផ្កាយមកផែនដីវិញ ដោយសុវត្ថិភាព បន្ទាប់ពីជប៉ុន។

Capsule ដែលផ្ទុកកម្ទេចថ្ម និងធូលី ពីអាចម៍ផ្កាយ Bennu នឹងជួយឲ្យអ្នកវិទ្យាសាស្ត្រ យល់កាន់តែច្បាស់អំពីថាតើប្រព័ន្ធព្រះអាទិត្យរបស់យើង ត្រូវបានបង្កើតឡើងដោយរបៀបណា និងថាតើ ផែនដីបានក្លាយទៅជាកន្លែងរស់នៅ យ៉ាងដូចម្តេច។

(រូបថត៖ ណាសា)

Capsule ដែលវិលមកផែនដីក្នុងល្បឿនជាង ៤៤ ៥០០ គីឡូម៉ែត្រក្នុងមួយម៉ោង ចុះចតនៅរដ្ឋ Utah គឺបានធ្វើដំណើររាប់ពាន់លានគីឡូម៉ែត្រដើម្បីទៅដល់ចំណុចគោលដៅ។

ថ្លែងបន្ទាប់ពី Capsule ចុះចត, អ្នកគ្រប់គ្រងអង្គការណាសា លោក Bill Nelson និយាយថា គម្រោងនេះបង្ហាញថា “គ្មានអ្វីដែលមិនអាចទៅរួចនោះទេ។ វា​បាន​នាំ​មក​នូវ​អ្វី​ដែល​មិន​ធម្មតា, សំណាកអាចម៍ផ្កាយដ៏ធំបំផុតមិនធ្លាប់មាននៅលើផែនដី។ វានឹងជួយអ្នកវិទ្យាសាស្ត្រ ឲ្យស៊ើបអង្កេតអំពីការបង្កើតភព វា​នឹង​ធ្វើ​ឲ្យ​ការ​យល់​ដឹង​របស់​យើង​កាន់​តែ​ប្រសើរ​ឡើង​ អំពី​អាចម៍​ផ្កាយ​ដែល​អាច​ប៉ះ​ពាល់​ដល់​ផែនដី”។

លទ្ធផលដំបូងនៃការវិភាគថ្ម និងកម្ទេចកម្ទីអវកាស នឹងត្រូវប្រកាសក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១១ខែតុលា ហើយសំណាកភាគច្រើន នឹងត្រូវរក្សាទុកសម្រាប់ការសិក្សាដោយអ្នកវិទ្យាសាស្ត្រជំនាន់ក្រោយ។

(រូបថត៖ ណាសា)

តាមការព្យាករ, អាចម៍ផ្កាយ Bennu ដែលមានអង្កត់ផ្ចិត៤៩៩ម៉ែត្រ គឺសម្បូរទៅដោយកាបូន ហើយវាទំនងជាផ្ទុកនូវម៉ូលេគុលទឹក ដែលជាបណ្តុំសក្តានុពលនៃជីវិត។

អាចម៍ផ្កាយនេះទំនងជានឹងត្រូវគេសិក្សាពេញមួយសតវត្សរ៍ក្រោយ ព្រោះតាមការប៉ាន់ស្មានបច្ចុប្បន្ន វាមានឱកាសមួយក្នុងចំនោម២៧០០ ដែលអាចជះឥទ្ធិពលមហន្តរាយដល់ផែនដីក្នុងឆ្នាំ២១៨២៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ យានអវកាស ឥណ្ឌា បង្កើតប្រវត្តិសាស្ត្រចុះចតយ៉ាងជោគជ័យលើឋា​ន​ព្រះចន្ទ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម