ព័ត៌មានអន្ដរជាតិ
ប្រធានក្រុមហ៊ុនអចលនទ្រព្យ ចិន Evergrande សង្ស័យជាប់ពាក់ព័ន្ធបទឧក្រិដ្ឋ
ក្រុមហ៊ុនអភិវឌ្ឍន៍ចិន Evergrande Group ដែលជំពាក់បំណុលរាប់ពាន់លានដុល្លារចេញបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានក្រុមហ៊ុនរបស់ខ្លួន លោក Hui Ka Yan ត្រូវប៉ូលិសសង្ស័យជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋ ហើយភាគហ៊ុននៅក្នុងក្រុមហ៊ុនត្រូវបានផ្អាករហូតដល់មានការជូនដំណឹងបន្ថែម ។

ការជួញដូរភាគហ៊ុនរបស់ក្រុមហ៊ុន Evergrande និងក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ២ ផ្សេងទៀតត្រូវបានបញ្ឈប់នៅក្នុងទីក្រុងហុងកុងកាលពីថ្ងៃព្រហស្បតិ៍ ដោយបង្កឲ្យមានការភ័យខ្លាចអំពីសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការរៀបចំរចនាសម្ព័ន្ធបំណុលដ៏ធំ ក៏ដូចជាការរំលាយអាជីវកម្មជាដើម ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានឲ្យដឹងថា លោក Hui Ka Yan ដែលធ្លាប់ជាបុរសមានបំផុតរបស់ប្រទេសចិន ត្រូវបានប៉ូលិសដាក់ការឃ្លាំមើលនៅក្នុងលំនៅដ្ឋានរបស់លោក ដោយមិនឲ្យមានការទាក់ទងជាមួយមនុស្សជុំវិញខ្លួន ឬចេញទៅក្រៅឡើយ ។
ទន្ទឹមនោះ ក្រុមហ៊ុនក៏បានបញ្ចាក់កាលពីថ្ងៃអាទិត្យដែរថា ខ្លួនមិនអាចចេញបំណុលថ្មីបាននោះទេ ខណៈដែលក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺ Hengda Real Estate Group នៅចិនដីគោក ក៏កំពុងត្រូវបានស៊ើបអង្កេត ហើយការប្រជុំជាមួយម្ចាស់បំណុលក៏ត្រូវបានពន្យារពេល ។

ការប្រកាសនេះបានកើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីមានព័ត៌មានលេចចេញថា ប៉ូលិសចិនបានចាប់ផ្តើមការស៊ើបអង្កេតបទឧក្រិដ្ឋលើកដំបូងរបស់ពួកគេទៅកាន់ក្រុមហ៊ុន Evergrande ចាប់តាំងពីធ្លាក់ខ្លួនក្នុងបំណុលកាលពី ២ ឆ្នាំមុន ។ ទន្ទឹមនឹងនេះ ប៉ូលិសចិននៅទីក្រុង Shenzhen ក៏បានឃុំខ្លួនបុគ្គលិកមួយចំនួននៅអង្គភាពគ្រប់គ្រងទ្រព្យសម្បត្តិរបស់ Evergrande ផងដែរ បន្ទាប់ពីក្រុមហ៊ុនបរាជ័យក្នុងការសងប្រាក់អ្នកវិនិយោគ។
Evergrande ធ្លាក់ខ្លួនក្នុងបំណុលសរុបចំនួន ៣២៨ ពាន់លានដុល្លារនៅចុងខែមិថុនា ហើយភាគហ៊ុនបានធ្លាក់ចុះពេញមួយសប្តាហ៍ ដោយសារការព្យាយាមរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ខណៈបច្ចុប្បន្នភាគហ៊ុនក្រុមហ៊ុនបានធ្លាក់ចុះជាង ៨០ ភាគរយ ចាប់តាំងពីបានបន្តការជួញដូរក្នុងខែសីហា បន្ទាប់ពីការផ្អាកអស់រយៈពេល ១៧ ខែ ។
ដោយឡែកក្រុមហ៊ុន Hengda Real Estate ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធឈានមុខគេនៅចិនដីគោករបស់ Evergrande បានចេញបញ្ជាក់កាលពីថ្ងៃចន្ទថា ក្រុមហ៊ុននៅតែធ្វើការជាមួយភាគីទាំងអស់ដើម្បីដោះស្រាយហានិភ័យបំណុល បន្ទាប់ពីខ្លួនខកខានការទូទាត់លើមូលបត្របំណុលជាង ៥៤៧ លានដុល្លារ ។

ក្រុមហ៊ុន Evergrande បាននឹងកំពុងព្យាយាមអនុវត្តការរៀបចំរចនាសម្ព័ន្ធបំណុល ដែលគ្រប់គ្រងដោយរដ្ឋាភិបាល ។ ក្រុមហ៊ុនកំពុងរៀបចំផែនការសងបំណុលរាប់ពាន់លានដុល្លារជាមួយម្ចាស់បំណុលអន្តរជាតិ ហើយក៏បានដាក់ពាក្យសុំការពារក្ស័យធនដូចគ្នានៅក្នុងសហរដ្ឋអាមេរិក ។
ប្រសិនបើការរៀបចំរចនាសម្ព័ន្ធបំណុលនេះត្រូវបានបរាជ័យ ហើយ Evergrande មិនអាចឈានដល់កិច្ចព្រមព្រៀងថ្មីជាមួយម្ចាស់បំណុលបាន នោះក្រុមហ៊ុនអាចប្រឈមនឹងការរំលាយចោល ហើយជាពិសេសនឹងឈានដល់ការបញ្ឈប់ប្រតិបត្តិការទាំងអស់របស់ក្រុមហ៊ុនតែម្ដង ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CNN

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ