Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូងបង្ហាញមហិច្ឆតាក្លាយជាប្រទេសផលិតសព្វាវុធធំបំផុតលើលោក

បានផុស

នៅ

កូរ៉េខាងត្បូងដាក់គោលដៅប្រែក្លាយខ្លួនជាប្រទេសផលិត និងនាំចេញសព្វាវុធធំបំផុតលើលោកលំដាប់ទី៤ បន្ទាប់ពីប្រកាសតាំងពិព័រណ៌ការពារជាតិដ៏ធំបំផុតមិនធ្លាប់មាន នៅសប្តាហ៍នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិព័រណ៌យន្តហោះ និងសព្វាវុធការពារជាតិអន្តរជាតិទីក្រុងសេអ៊ូល នឹងបើកទ្វារនៅថ្ងៃអង្គារ ទី១៧ ខែតុលា ក្នុងនោះនឹងមានក្រុមហ៊ុនច្រើនជាងពេលណាៗទាំងអស់ទៅចូលរួម និងការហោះហើរដែលមិនធ្លាប់មានពីមុនមកពីយន្តហោះទម្លាក់គ្រាប់បែក B-52 របស់អាមេរិក ដែលនឹងធ្វើការចុះចតដ៏កម្រនៅឯមូលដ្ឋានអាកាសនៅទីតាំងឆ្ងាយមួយពីកន្លែងតាំងពិព័រណ៌។

ការពិព័រណ៌នៅឆ្នាំនេះត្រូវបានរៀបចំឡើងដើម្បីជួយកូរ៉េខាងត្បូងឱ្យសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការក្លាយជាប្រទេសនាំចេញអាវុធធំជាងគេទី៤​របស់ពិភពលោក។ នេះបើតាមសម្ដីលោក Lee Jong-ho ប្រធានការិយាល័យរៀបចំពិធីពិព័រណ៌បានប្រាប់សន្និសីទសារព័ត៌មាន កាលពីថ្ងៃចន្ទ។

ជាមួយគ្នានោះ លោកបាននិយាយថា មន្ត្រីការពារជាតិជាន់ខ្ពស់ជាង ៤៥០នាក់ មកពី ៥៤ប្រទេសនឹងចូលរួមក្នុងការតាំងពិព័រណ៌ រួមជាមួយនឹងអ្នកជំនាញ និងសមាជិកសាធារណៈរាប់សែននាក់ផ្សេងទៀត។ លោក Lee និយាយថា “នេះគឺជាឱកាសមួយសម្រាប់ឧស្សាហកម្មការពារជាតិរបស់ប្រទេសកូរ៉េ ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីអន្តរជាតិ និងឈានជើងឆ្ពោះទៅមុខយ៉ាងធំ” ។

រដ្ឋាភិបាលកូរ៉េបានកំណត់គោលដៅនាំចេញអាវុធរហូតដល់ ២០ពាន់លានដុល្លារអាមេរិក នៅឆ្នាំនេះ បន្ទាប់ពីបានបំបែកកំណត់ត្រាលក់អាវុធចំនួន ១៧.៣ពាន់លានដុល្លារកាលពីឆ្នាំមុន ដែលក្នុងនោះរួមទាំងកិច្ចព្រមព្រៀងដ៏ធំជាមួយប្រទេសប៉ូឡូញសម្រាប់ការលក់រថក្រោះ យន្តហោះចម្បាំង និងគ្រាប់រ៉ុក្កែត។

គួរបញ្ជាក់ថា បច្ចុប្បន្នកូរ៉េខាងត្បូងកំពុងស្ថិតនៅលំដាប់ទី៩ ក្នុងពិភពលោកសម្រាប់ការនាំចេញអាវុធ និងសម្ភារការពារជាតិផ្សេងៗ ប៉ុន្តែប្រធានាធិបតីលោក Yoon Suk Yeol បានអំពាវនាវឱ្យប្រទេសនេះប្រឹងប្រែងឈានទៅមុខទៀត ដើម្បីក្លាយខ្លួនជាប្រទេសកំពូលទាំង ៥ ​(Top 5) លើពិពភលោកក្នុងការនាំអាវុធចេញ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Reuters

ចុចអាន៖ អ៊ីស្រាអែល វាយប្រហារតាមអាកាស បាក់អគារ សង្កត់មនុស្សជាង១០០០នាក់ នៅហ្គាហ្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម