ព័ត៌មានអន្ដរជាតិ
តើវត្តមានលោក ចូ បាយដិន នៅអ៊ីស្រាអែល ជាការបន្ធូរស្ថានការណ៍ ឬបំប៉នបញ្ហានៅមជ្ឈឹមបូព៌ា?
លោក ចូ បាយដិន ប្រធានាធិបតីអាមេរិក បានធ្វើដំណើរទស្សនកិច្ចដ៏កម្រមួយទៅកាន់ប្រទេសអ៊ីស្រាអែលកាលពីថ្ងៃពុធ ដើម្បីជួបជជែកដោយផ្ទាល់ជាមួយសមភាគី Benjamin Netanyahu នាយករដ្ឋមន្រ្តីអ៊ីស្រាអែល។ លោក Benjamin Netanyahu បានទៅរង់ចាំទទួលលោក ចូ បាយដិន ដល់ជណ្តើរចុះពីលើយន្តហោះតែម្តង ហើយភាគីទាំង២បានអោបរឹតគ្នា មុនចូលទៅជជែកពិភាក្សាជាផ្លូវការ។

ដំណើរទស្សនកិច្ចរបស់លោក ចូ បាយដិន នៅអ៊ីស្រាអែលនេះ គឺបន្ទាប់ពីមានការទម្លាក់គ្រាប់បែកទៅលើមន្ទីរពេទ្យ Al Ahli ក្នុងតំបន់កាហ្សាដែលបានសម្លាប់ជីវិតមនុស្សអស់ប្រមាណ៥០០នាក់។ ប្រទេសនៅតំបន់មជ្ឈឹមបូព៌ា បានចោទប្រកាន់ថា ជាទង្វើរបស់កងទ័ពអ៊ីស្រាអែល ដោយហេតុថា ការផ្ទុះមន្ទីរពេទ្យនេះ ក្នុងពេលដែលអ៊ីស្រាអែលកំពុងទម្លាក់គ្រាប់បែកឥតឈប់ឈរ និងឡោមព័ន្ធតំបន់កាហ្សា ដើម្បីកម្ទេចក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន។ ប៉ុន្តែ រដ្ឋាភិបាលអ៊ីស្រាអែល បានទាត់ចោល ហើយបានទម្លាក់ការទទួលខុសត្រូវនេះទៅលើក្រុមអ៊ីស្លាមជីហាតទៅវិញ។
ពេលអង្គុយចុះជជែកគ្នាភ្លាម លោកប្រធានាធិបតីអាមេរិក ចូ បាយដិន បាននិយាយទៅលោក Benjamin Netanyahu នាយករដ្ឋមន្រ្តីអ៊ីស្រាអែលថា ការទម្លាក់គ្រាប់បែកសម្លាប់ជីវិតមនុស្សនៅមន្ទីរពេទ្យកាហ្សា ហាក់ដូចជាទង្វើរបស់ក្រុមផ្សេង ប៉ុន្តែ មិនមែនជាទង្វើរបស់«អ្នក»នោះទេ។ ក្រោយមក សេតវិមានក៏បានចេញមកបញ្ជាក់ថា ការផ្ទុះនៅមន្ទីរពេទ្យកាហ្សា មិនមែនជាទង្វើរបស់អ៊ីស្រាអែលទេ ប៉ុន្តែ ក៏មិនទាន់បានវាយតម្លៃឱ្យឃើញថា ជាការទទួលខុសត្រូវរបស់ភាគីណា ឬក្រុមណាមួយនៅឡើយដែរ។ ភ្នាក់ងារស៊ើបការសំងាត់របស់អាមេរិកតាមរយៈសេតវិមាន ត្រឹមតែបានគូសបញ្ជាក់ថា កំពុងតែប្រមូលព័ត៌មានបន្ថែមពាក់ព័ន្ធនឹងករណីមួយនេះ។

- លោក ចូ បាយដិន ទៅអ៊ីស្រាអែល ប្រៀបដូចយក«អាវក្រោះ»ទៅពាក់ឱ្យអ៊ីស្រាអែលដែលកំពុងប្រយុទ្ធ
មែនទែនទៅ លោក ចូ បាយដិន ទៅកាន់ប្រទេសអ៊ីស្រាអែលនេះ មិនមែនទៅដោយដៃទទេនោះទេ តែផ្ទុយទៅវិញ គឺនាំយកទៅទាំងការគាំទ្រផ្នែកស្មាតី និងគម្រោងថវិកាគាំទ្រទៅជាមួយផង។ និយាយឱ្យចំ វត្តមានរបស់លោក ចូ បាយដិន នេះ ប្រៀបដូចជាយក«អាវក្រោះ»ទៅពាក់ឱ្យអ៊ីស្រាអែល ឬអាចនិយាយម្យ៉ាងទៀតថា ជាការប្រកាសបញ្ជាក់ប្រាប់ទៅប្រទេសនៅមជ្ឈឹមបូព៌ា និងក្រុមប្រដាប់អាវុធអ៊ីស្លាមដទៃទៀតឱ្យកាន់តែច្បាស់ថា «អ៊ីស្រាអែល គឺមានអាមេរិកនៅគាំទ្រ និងនៅការពារ»។
លោក ចូ បាយដិន ទាំងនៅអាមេរិក និងទាំងទៅដល់អ៊ីស្រាអែល បានប្រកាសដដែលៗថា អាមេរិកនៅឈរខាងអ៊ីស្រាអែលនៅក្នុងជម្លោះប្រដាប់អាវុធជាមួយក្រុមហាម៉ាសដែលយកតំបន់កាហ្សា និងប្រជាពលរដ្ឋប៉ាឡេស្ទីន ធ្វើជាទីលានប្រយុទ្ធគ្នា។ លោក ចូ បាយដិន ថែមទាំងបានប្រកាសនៅទីក្រុងTel Aviv ប្រទេសអ៊ីស្រាអែលទៀតថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងផ្តល់អ្វីគ្រប់បែបយ៉ាងទាំងអស់ដែលអ៊ីស្រាអែលត្រូវការ ដើម្បីការពារខ្លួនក្នុងពេលកំពុងបន្តសង្រ្គាមនៅក្នុងតំបន់កាហ្សា។

បើគិតជាកញ្ចប់ថវិកាពិតប្រាកដដែលអាមេរិកចង់ផ្តល់ទៅឱ្យអ៊ីស្រាអែលនៅពេលនេះ គឺមិនទាន់កំណត់ច្បាស់ទេ ប៉ុន្តែ គ្រាន់តែមានការស្នើឡើងជាកញ្ចប់ក្នុងរង្វង់១០០ពាន់លានដុល្លារ។ ក្នុងនោះ ៦០ពាន់លានដុល្លារ គឺអាមេរិក នឹងផ្តល់ទៅអ៊ុយក្រែន និង៤០ពាន់លានដុល្លារទៀតសម្រាប់ផ្តល់ទៅឱ្យអ៊ីស្រាអែល និងតៃវ៉ាន់។
ដ្បិតថា កញ្ចប់ថវិកាណាមួយរបស់អាមេរិកមិនទាន់ទៅដល់ដៃអ៊ីស្រាអែលក្នុងពេលនេះមែន ប៉ុន្តែ ការប្រកាសគាំទ្រ និងការការពារអ៊ីស្រាអែលពីសំណាក់សហរដ្ឋអាមេរិក គឺលោក ចូ បាយដិន មិនមែននិយាយឱ្យតែរួចពីមាត់ និងមិនធ្វើសកម្មភាពអ្វីសោះនោះឡើយ។ រដ្ឋបាលលោក ចូ បាយដិន បានបញ្ជូនរួចរាល់ហើយនូវគ្រឿងសព្វាវុធ និងនាវាផ្ទុកយន្តហោះទៅកាន់តំបន់សមុទ្រមេឌីទែរ៉ាណា ខាងកើត ដើម្បីតៀមជួយអ៊ីស្រាអែល បើសិនស្ថានភាពមានការប្រែប្រួល ឬការវិវត្តណាមួយភ្លាមៗ ដែលមិនអាចស្មានដល់។
- ប្រធានាធិបតីអាមេរិក ហាក់យកចិត្តទុកដាក់ពីសន្តិសុខអ៊ីស្រាអែល ជាជាងមហន្តរាយនៅក្នុងតំបន់កាហ្សា
ខុសពីការរំពឹងរបស់សហគមន៍អន្តរជាតិ ក៏ដូចជា អ្នកតាមដានបញ្ហាអន្តរជាតិនានា គឺលោកប្រធានាធិបតីអាមេរិក ចូ បាយដិន មិនបានអំពាវនាវឱ្យមានបទឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅក្នុងតំបន់កាហ្សាឡើយ។ ផ្ទុយទៅវិញ លោក ចូ បាយដិន បានលើកឡើង និងបារម្ភខ្លាំងតែពីសន្តិសុខរបស់អ៊ីស្រាអែលនៅក្នុងតំបន់មជ្ឈឹមបូព៌ាប៉ុណ្ណោះ។ អ្វីដែលលោក មានការបារម្ភខ្លាំងនោះ គឺខ្លាចក្រែងក្រុមប្រដាប់អាវុធនៅក្នុងតំបន់មជ្ឈឹមបូព៌ា ជាអាទិ៍ ក្រុម Hezbollah ដែលមានអ៊ីរ៉ង់នៅពីក្រោយ វាយប្រហារអ៊ីស្រាអែលពីមុខម្ខាងទៀតតាមបន្ទាត់ព្រំដែនជាមួយប្រទេសលីបង់។

ជំនួសឱ្យការមិនអំពាវនាវឱ្យមានបទឈប់បាញ់ លោក ចូ បាយដិន ក៏បានបង្ហាញពីយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋប៉ាឡេស្ទីននៅក្នុងតំបន់កាហ្សាខ្លះៗដែរ មិនអត់ទេ។ មុនឡើងយន្តហោះទៅកាន់អាមេរិកវិញ លោក ចូ បាយដិន បានប្រកាសផ្តល់ជំនួយ១០០លានដុល្លារអាមេរិកសម្រាប់ជួយដល់ប្រជាពលរដ្ឋនៅក្នុងតំបន់កាហ្សា និងWest Bank។ មិនតែប៉ុណ្ណោះ លោកបានធានាថា រដ្ឋាភិបាលអ៊ីស្រាអែលនឹងផ្តល់អាហារ ទឹក និងថ្នាំសង្កូវដល់ប្រជាពលរដ្ឋនៅតំបន់កាហ្សាតាមច្រកព្រំដែនអេហ្ស៊ីប។ ព័ត៌មានចុងក្រោយ គឺអេហ្ស៊ីប បានអនុញ្ញាតឱ្យក្បួនរថយន្តជំនួយមនុស្សធម៌មួយចំនួនបានចូលទៅតំបន់កាហ្សា តាមការអំពាវនាវរបស់លោកប្រធានាធិបតីអាមេរិក។
- លោក ចូ បាយដិន«លក់មុខ»នៅមជ្ឈឹមបូព៌ា ព្រោះរឿងទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យកាហ្សា?
មុនទៅកាន់ប្រទេសអ៊ីស្រាអែលកាលពីថ្ងៃពុធ តាមគម្រោង លោក ចូ បាយដិន ក្រៅពីជួបលោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល ក៏គ្រោងជួបជាមួយមេដឹកនាំហ្ស៊កដានី និងមេដឹកនាំក្នុងតំបន់មជ្ឈឹមបូព៌ាដទៃទៀត។ ប៉ុន្តែ ហេតុការណ៍ទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យនៅតំបន់កាហ្សាសម្លាប់ជីវិតមនុស្សប្រមាណ៥០០នាក់ បានធ្វើឱ្យមេដឹកនាំទាំងអស់នោះសម្រេចលុបចោលជំនួបជាមួយលោក ចូ បាយដិន ភ្លាមៗតែម្តង។ ដូច្នេះហើយ បញ្ហាផ្ទុះមន្ទីរពេទ្យនេះ ធ្វើឱ្យមានផលវិបាកផ្នែកការទូតសម្រាប់លោក ចូ បាយដិន នៅតំបន់មជ្ឈឹមបូព៌ា។

ព្រះអង្គម្ចាស់ Abdullah II
ប្រទេសហ្សកដានី ដែលជាអ្នកផ្តើមគំនិតរៀបចំឱ្យមានជំនួបកំពូលរវាងលោក ចូ បាយដិន ជាមួយព្រះអង្គម្ចាស់ Abdullah II ជាមួយប្រធានាធិបតី អេហ្ស៊ីប លោក Abdel Fattah el-Sisi និងលោក Mahmoud Abbas ប្រធានាធិបតីរដ្ឋប៉ាឡេស្ទីននោះ បានលុបចោលទៅវិញ។ មានន័យថា លោក ចូ បាយដិន លែងត្រូវបានទទួលស្វាគមន៍នៅក្នុងរាជធានី Amman ប្រទេសហ្ស៊កដានីទៀតហើយ។ ការណ៍នេះ ធ្វើឱ្យលោក ចូ បាយដិន ប្រឈមមុខនឹងភាពអាម៉ាស ដោយសារតែមេដឹកនាំនៃប្រទេសហ្ស៊កដានី អេហ្ស៊ីប និងរដ្ឋប៉ាឡេស្ទីនថា ពួកគេគ្មានទំនុកចិត្តលើសមត្ថភាពរបស់លោកប្រធានាធិបតីអាមេរិកក្នុងការបញ្ចប់អំពើហិង្សានៅក្នុងតំបន់កាហ្សា ដែលពួកគេចាត់ទុកថា ជាទង្វើរំលោភបំពានច្បាប់អន្តរជាតិ៕

ប្រធានាធិបតី អេហ្ស៊ីប លោក Abdel Fattah el-Sisi

ដោយ៖ វណ្ណ សុគន្ធា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ