ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ប្រឈម ហានិភ័យធំ ៥យ៉ាង បើវាយលុកចូល ហ្គាហ្សា
ប្រទេសអ៊ីស្រាអែល កំពុងប្រឈមនឹងហានិភ័យយ៉ាងសម្បើម ខណៈខ្លួនត្រៀមរៀបចំសម្រាប់ការលុកលុយទឹកដីហ្គាហ្សាទ្រង់ទ្រាយធំ តាមជើងគោក។

តាមការចុះផ្សាយរបស់គេហទំព័រ CW39, ប្រតិបត្តិការបោសសម្អាតពីកងកម្លាំងការពារអ៊ីស្រាអែល (IDF) ចូលទៅក្នុងតំបន់ឆ្នេរនោះ ពិតណាស់ នឹងបង្កឲ្យមានវិបត្តិមនុស្សធម៌កាន់តែខ្លាំង ខណៈជនស៊ីវិលនឹងបាត់បង់ជីវិតក្នុងចំនួនយ៉ាងច្រើនក្រាស់ក្រែល។ វាក៏ប្រថុយនឹងការបាត់បង់អាយុជីវិតរបស់ទាហានអ៊ីស្រាអែល, បង្វែរអារម្មណ៍ពិភពលោកនិងក្នុងស្រុកប្រឆាំងអ៊ីស្រាអែល ក៏ដូចជាអាចបណ្តាលឲ្យមានអន្តរាគមន៍ពីសំណាក់ភាគីផ្សេងទៀតផងដែរ។
ខាងក្រោមនេះ គឺជាហានិភ័យចំនួន៥យ៉ាង ដែលអ៊ីស្រាអែលនឹងប្រឈមមុខ ពេលដែលបើកការវាយលុកជើងគោក ចូលទៅតំបន់ហ្គាហ្សា៖
១. ការស្លាប់ជនស៊ីវិល កើនឡើងខ្ពស់
ប្រតិបត្តិការជើងគោកណាមួយ អាចមានរយៈពេលវែង បង្ហូរឈាមខ្លាំង និងពាក់ព័ន្ធការប្រយុទ្ធគ្នាពីកន្លែងមួយទៅកន្លែងមួយ ដែលជាហេតុបង្កហានិភ័យខ្ពស់ ដល់ប្រជាជនស៊ីវិលនៅតំបន់ហ្គាហ្សាស្ទ្រីប។

គ្រាន់តែការវាយប្រហារតាមអាកាស បានសម្លាប់ជនស៊ីវិលប៉ាឡេស្ទីនជាង៣០០០នាក់រួចទៅហើយ ដែលក្នុងនោះមានជាង១៥០០នាក់ជាកុមារ ចុះទម្រាំការវាយលុកជើងគោកទៀត! លើសពីនេះ មនុស្សជាងមួយលាននាក់ដែលត្រូវបានបង្ខំឲ្យភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ គឺគ្មានកន្លែងណាទៅឡើយ ពោលគឺត្រូវជាប់នៅភាគខាងត្បូងតំបន់ហ្គាហ្សាដោយពុំមានច្រកចេញ។
នៅក្នុងសង្គ្រាមហ្គាហ្សាឆ្នាំ២០១៤ កងវរសេនាតូចថ្មើរជើងរបស់អ៊ីស្រាអែល បានប្រយុទ្ធក្នុងសង្កាត់ភាគខាងជើងទីក្រុងហ្គាហ្សា ដែលជាសមរភូមិមួយបានសម្លាប់ជនស្លូតត្រង់ជាង ១៦០០នាក់ និងរងរបួសជាង១០០០០នាក់ ក្នុងរយៈពេលជាងមួយខែ។
២. យោធាអ៊ីស្រាអែលត្រូវបង់ជីវិត
ក្នុងឆ្នាំ២០១៤ អ៊ីស្រាអែលបានបាត់បង់ទាហានចំនួន៦៦នាក់ ក្នុងការប្រយុទ្ធជាមួយក្រុមហាម៉ាស់។
កងទ័ពបានតស៊ូនៅពេលនោះ ដើម្បីប្រយុទ្ធក្នុងព្រៃ ក្នុងទីក្រុង ផ្លូវរូងក្រោមដី និងជាប់អន្ទាក់ ពាសពេញតំបន់ ហ្គាហ្សា។ កងទ័ពអ៊ីស្រាអែល ត្រូវប្រល័យដោយគ្រាប់មីន ការវាយឆ្មក់ និងអ្នកលបបាញ់ (Sniper)។ នោះគ្រាន់តែជាជម្លោះត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ហើយពេលនោះ កងកម្លាំងអ៊ីស្រាអែល បានចូលតែផ្នែកខ្លះនៃទឹកដីដែលក្រុមហាម៉ាស់កាន់កាប់ប៉ុណ្ណោះ។

លើកនេះ អ៊ីស្រាអែលសន្យាថា នឹងធ្វើប្រតិបត្តិការពេញបន្ទុក ដើម្បីកម្ទេចក្រុមហាម៉ាស់ ដោយកេនទាហានបម្រុងចំនួន៣៦០០០០នាក់ មកជួយ។ ប្រតិបត្តិការធំជាងនេះ ទំនងជាត្រូវការពេលវេលានិងធនធានកាន់តែធំ ដែលអាចប្រថុយជីវិតកាន់តែច្រើន។
យ៉ាងណា ក្រុមហាម៉ាស់ ក៏មានបណ្តាញផ្លូវរូងក្រោមដីយ៉ាងទូលំទូលាយផងដែរ ដែលអាចប្រើដើម្បីវាយប្រហារកងទ័ពអ៊ីស្រាអែល បានគ្រប់ពេល។
៣. បាត់ការគាំទ្រពីប្រជាជន
ប្រជាជនអ៊ីស្រាអែលមួយចំនួន ខឹងសម្បាចំពោះការស្លាប់មនុស្សជិត១៤០០នាក់នៅក្នុងកណ្តាប់ដៃក្រុមហាម៉ាស់ និងចំណាប់ខ្មាំងប្រហែល ២០០ នាក់ដែលត្រូវចលនានេះ ចាប់យកទៅ ជាហេតុជំរុញឲ្យមានការគាំទ្រយ៉ាងធំធេងសម្រាប់កិច្ចខិតខំប្រឹងប្រែង ដើម្បីកម្ចាត់ក្រុមសកម្មប្រយុទ្ធនៅតំបន់ហ្គាហ្សា។
ប៉ុន្តែប្រសិនបើយោធាអ៊ីស្រាអែល ទទួលរងការខាតបង់ធ្ងន់ធ្ងរនៅក្នុងជម្លោះអូសបន្លាយដោយគ្មានទីបញ្ចប់មែននោះ រឿងនេះអាចផ្លាស់ប្តូរ។

ការស្ទង់មតិដោយកាសែតប្រចាំថ្ងៃរបស់អ៊ីស្រាអែល Maariv ដែលចេញផ្សាយកាលពីថ្ងៃសុក្រទី២០ខែតុលា បានបង្ហាញថា ៦៥%នៃពលរដ្ឋ គឺគាំទ្រការវាយលុកដីគោក ខណៈ២១%ប្រឆាំង។
អ៊ីស្រាអែល ក៏បានធ្វើសង្គ្រាមចំនួន៤លើករួចមកហើយផងដែរ ជាមួយក្រុមហាម៉ាស់ ប៉ុន្តែរាល់ការប៉ុនប៉ងកម្ចាត់ក្រុមនេះ តែងតែបរាជ័យជានិច្ច។
៤. មានភាគីផ្សេងចូលមកប្រយុទ្ធដែរ
ចាប់តាំងពីការវាយប្រហាររបស់ចលនាហាម៉ាស់មក អ៊ីស្រាអែល បានបាញ់តបតជារៀងរាល់ថ្ងៃជាមួយក្រុមសកម្មប្រយុទ្ធ ហេសបូឡា ក្នុងប្រទេសលីបង់ នៅតាមព្រំដែនភាគខាងជើង។

ការបាញ់ដាក់គ្នានៅព្រំដែនលីបង់-អ៊ីស្រាអែលលើកនេះ គឺមានសភាពបង្ហូរឈាមខ្លាំងបំផុតមិនធ្លាប់មានសោះក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយ ហើយទំនងជាបង្កឲ្យមានសង្គ្រាមរីករាលដាល។
ថ្មីៗនេះ មេដឹកនាំក្រុមហេសបូឡា បានជួបជាមួយអ៊ីរ៉ង់ ដែលជាអ្នកគាំទ្រយោធារបស់ពួកគេ ក៏ដូចជាក្រុមហាម៉ាស់ផងដែរ ខណៈការប្រយុទ្ធគ្នាបានកើតឡើង។ មន្ត្រីអ៊ីរ៉ង់បានព្រមានម្តងហើយម្តងទៀតថា ពួកគេអាចនឹងចាត់វិធានការ ប្រសិនបើការវាយប្រហារលើតំបន់ហ្គាហ្សានៅតែបន្ត។ ទីក្រុងតេហេរ៉ង់ ចាត់ទុកការវាយប្រហាររបស់អ៊ីស្រាអែលលើប្រជាជនប៉ាឡេស្ទីនថាជាទង្វើប្រល័យពូជសាសន៍។
៥. ទំនាក់ទំនងជាមួយពិភពអារ៉ាប់ ត្រូវចុះខ្សោយ
ពិភពអារ៉ាប់ បានផ្ទុះកំហឹងរួចទៅហើយ ចំពោះវិបត្តិនៅតំបន់ហ្គាហ្សា និងបានបង្ហាញសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន ចំពេលមានយុទ្ធនាការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលឥតឈប់ឈរ។

កំហឹងរបស់អារ៉ាប់ កាន់តែពុះកញ្ជ្រោលបន្ទាប់ពីការផ្ទុះដ៏សាហាវក្បែរមន្ទីរពេទ្យក្នុងទីក្រុង ហ្គាហ្សា បានសម្លាប់មនុស្សរាប់រយនាក់ ថ្វីបើមន្ត្រីអាមេរិកនិយាយថា ព័ស្តុតាងចង្អុលទៅគ្រាប់រ៉ុកកែតរបស់ក្រុមជីហាតឥស្លាមប៉ាឡេស្ទីន ដែលបាញ់ខុសបច្ចេកទេសក៏ដោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CW39
ចុចអាន៖ សេចក្តីរាយការណ៍៖ អាមេរិក ណែនាំឲ្យអ៊ីស្រាអែល ពន្យារពេលការវាយលុកហ្គាហ្សា តាមជើងគោកសិន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ