ព័ត៌មានអន្ដរជាតិ
WHO ថា មន្ទីរពេទ្យនៅ ហ្គាហ្សា មិនមែនជាសមរភូមិ ឬទីលានប្រយុទ្ធឡើយ
ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បាននិយាយថា “ប្រតិបត្តិការរបស់កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) លើមន្ទីរពេទ្យ Al-Shifa នៅក្នុងតំបន់ហ្គាហ្សា គឺមិនអាចទទួលយកបាននោះទេ ព្រោះថា មន្ទីរពេទ្យមិនមែនមិនជាសមរភូមិ ឬទីលានប្រយុទ្ធឡើយ” ។

លោក Tedros បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវកាលពីថ្ងៃពុធថា ក្រោមច្បាប់មនុស្សធម៌អន្តរជាតិ, គ្រឿងបរិក្ខារពេទ្យ បុគ្គលិកពេទ្យ រថយន្តសង្គ្រោះបន្ទាន់ រួមទាំងអ្នកជំងឺផងដែរនោះ ត្រូវតែការពារប្រឆាំងនូវរាល់អំពើឃោរឃៅនៃសង្រ្គាម ហើយរហូតមកដល់ពេលនេះ WHO មិនអាចទាក់ទងបុគ្គលិកសុខាភិបាលនៅក្នុងមន្ទីរពេទ្យនោះបាននៅឡើយទេ ។
WHO និយាយទៀតថា មន្ទីរពេទ្យចំនួន ២៦ ក្នុងចំណោម ៣៦ នៅក្នុងតំបន់ហ្គាហ្សាត្រូវបានបិទទ្វារ ដោយសារតែការខ្ទេចខ្ចីរចនាសម្ព័ន្ធ ក៏ដូចជាមិនមានប្រេងឥន្ធនៈដើម្បីចាក់បញ្ឆេះម៉ាស៊ីន ខណៈចំនួនគ្រែមន្ទីរពេទ្យសរុបក៏បានធ្លាក់ចុះពី ៣,៥០០ មកនៅត្រឹម ១,៤០០ គ្រែផងដែរ ។

លោក Tedros បានពន្យល់ថា វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាកំពុងធ្វើការទាំងបង្ខំចិត្ត ជាពិសេសគឺការកំណត់ជោគវាសនាលើអ្នកជំងឺរូបណាត្រូវព្យាបាលឲ្យបន្តមានជីវិត និងអ្នកជំងឺរូបណាត្រូវទុកចោលឲ្យស្លាប់ ។ បន្ថែមពីនេះ ប្រមុខ WHO ក៏បានអំពាវនាវឲ្យបញ្ឈប់ការវាយប្រហារលើបរិក្ខារពេទ្យ ហើយងាកមកផ្ដល់ជំនួយសង្គ្រោះបន្ទាន់ផ្សេងៗជំនួសវិញ ។
រហូតមកដល់ពេលនេះ អ៊ីស្រាអែលនៅតែបន្តធ្វើការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោកដោយមិនប្រណីដៃលើតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងមន្ទីរពេទ្យ កន្លែងស្នាក់នៅ និងវិហារឥស្លាមផងដែរ ចាប់តាំងពីក្រុមហាម៉ាសប៉ាឡេស្ទីនបើកការរវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី៧ ខែតុលា និងបានចាប់ចំណាប់ខ្មាំងប្រហែល ២៤០ នាក់ ។

យោងតាមក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាបានឲ្យដឹងថា ចាប់តាំងពីពេលនោះមក ជនស៊ីវិលលើស ១១,៥០០ នាក់ត្រូវបានសម្លាប់ រួមទាំងកុមារ និងស្ត្រីជាង ៧,៨០០ នាក់ ខណៈខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ នាក់បានបាត់បង់ជីវិត ។
ក្រៅពីចំនួនអ្នកស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សជាង ២៩,២០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អាមេរិក ប្រាប់ អ៊ីស្រាអែល កុំឲ្យពង្រីកសង្គ្រាមដល់ លីបង់ ចំពេលមានការព្រមានពី អ៊ីរ៉ង់

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?