ព័ត៌មានអន្ដរជាតិ
អឺរ៉ុប ព្រមានពីការវាយប្រហារភេរវកម្ម អំឡុងពេលបុណ្យណូអែល
ស្នងការកិច្ចការមហាផ្ទៃសហភាពអឺរ៉ុប (EU) លោកស្រី Ylva Johansson បានព្រមានខ្លាំងៗថា ប្លុកនេះ ត្រូវប្រឈមមុខនឹងការវាយប្រហារភេរវកម្មអំឡុងពេលបុណ្យណូអែល ដោយសារតែការបំផុសគំនិតពាក់ព័ន្ធសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស។
ការព្រមាននេះកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីបុរសសញ្ជាតិបារាំងអាយុ២៦ឆ្នាំម្នាក់ មកពីគ្រួសារអ៊ីរ៉ង់គ្មានសាសនា បានចាក់សម្លាប់អ្នកទេសចរកូនកាត់អាល្លឺម៉ង់-ហ្វីលីពីន ក្នុងទីក្រុងប៉ារីស។ មនុស្ស២នាក់ទៀតក៏រងរបួសផងដែរ ក្រោយត្រូវវាយប្រហារដោយញញួរ។
លោកស្រី Johansson ប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារទី៥ខែធ្នូ មុនកិច្ចប្រជុំរដ្ឋមន្ត្រីមហាផ្ទៃ EU ក្នុងទីក្រុងព្រុចសែល នៃប្រទេសបែលហ្ស៊ិកថា “ដោយសារសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស និងការបែកបាក់ក្នុងសង្គម, រដូវកាលវិស្សមកាលខាងមុខនេះ ពិតជាមានហានិភ័យដ៏ធំ នៃការវាយប្រហារភេរវកម្មនៅ EU។ យើងបានឃើញវានាពេលថ្មីៗ ក្នុងទីក្រុងប៉ារីសរួចទៅហើយ។ តាមពិតទៅរឿងបានកើតឡើងមុនយើងគិតទៅទៀត”។
ឥទ្ធិពលពីការវាយប្រហារឆ្លងដែនថ្ងៃទី៧ខែតុលារបស់ចលនាហាម៉ាស ក៏ដូចជាការទម្លាក់គ្រាប់បែកសងសឹកជាបន្តបន្ទាប់របស់អ៊ីស្រាអែល បានធ្វើឲ្យទ្វីបអឺរ៉ុប ស្ថិតក្នុងភាពប្រុងប្រយ័ត្នអស់រយៈពេលជាច្រើនខែកន្លងមកនេះ។
បាតុកម្មទ្រង់ទ្រាយធំដែលគាំទ្រប៉ាឡេស្ទីន ក៏ដូចជាការដើរដង្ហែគាំទ្រអ៊ីស្រាអែល បានអង្រួនទីក្រុងអឺរ៉ុបជាច្រើន ចំពេលនៃអ្វីដែលត្រូវបានគេមើលឃើញថា ជាសកម្មភាពកើនឡើងប្រឆាំងនឹងជនជាតិជ្វីហ្វនៅទូទាំងទ្វីបអឺរ៉ុប។
ការអត្ថាធិប្បាយរបស់លោកស្រី Johansson គឺដូចទៅនឹងការគូសបញ្ជាក់ដោយរដ្ឋមន្ត្រីមហាផ្ទៃអាល្លឺម៉ង់ Nancy Faeser ដែរ ដែលបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារក្នុងទីក្រុង ព្រុចសែល ថា ឧប្បត្តិហេតុនៅប៉ារីស នាពេលថ្មីៗនេះ គឺបង្ហាញថា ការគំរាមកំហែងដែលបង្កឡើងដោយភេរវករឥស្លាមនៅ EU នាពេលបច្ចុប្បន្ន ស្រួចស្រាវនិងធ្ងន់ធ្ងរប៉ុនណា។
តាមការអះអាងពីលោកស្រី “សង្រ្គាមនៅហ្គាហ្សា និងអំពើភេរវកម្មរបស់ក្រុមហាម៉ាស កំពុងធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរទៅៗ។ ខ្ញុំបានពិភាក្សាអំពីបញ្ហានៃការកើនឡើង ការគំរាមកំហែងភេរវកម្ម ជាមួយសមភាគីក្នុងប្រទេសអូទ្រីស បែលហ្ស៊ិក បារាំង អេស្ប៉ាញ និងស៊ុយអែត។ យើងត្រូវតែតាមដានយ៉ាងយកចិត្តទុកដាក់ ជាពិសេសទៅលើការគំរាមកំហែងរបស់ក្រុមឥស្លាមនៅពេលនេះ ហើយចាត់វិធានការប្រឆាំងនឹងការឃោសនារបស់ក្ករុមរដ្ឋឥស្លាមជាមួយប្រទេសជិតខាង”។
ប្រទេសអាល្លឺម៉ង់ ក៏ស្ថិតក្នុងភាពប្រុងជើងការខ្ពស់ផងដែរ សម្រាប់ការវាយប្រហារភេរវកម្ម។ ក្រុមមន្ត្រីនិយាយថា កាលពីសប្តាហ៍មុន ក្មេងជំទង់ពីរនាក់ដែលមានអាយុប្រហែល ១៥-១៦ឆ្នាំ ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទរៀបផែនការវាយប្រហារជនស៊ីវិល ហើយកំណត់គោលដៅលើសាលប្រជុំ និងផ្សារបុណ្យណូអែល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ បែលហ្ស៊ិក ចាប់ខ្លួនមនុស្ស ៨នាក់ សង្ស័យរៀបគម្រោង វាយប្រហារភេរវកម្ម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ