ព័ត៌មានអន្ដរជាតិ
ប្រភព៖ អាមេរិក ចង់ឲ្យអ៊ីស្រាអែល បញ្ចប់សង្គ្រាមនៅហ្គាហ្សាត្រឹមចុងឆ្នាំ បើមិនដូច្នោះ នឹងបាត់ការគាំទ្រ
ដោយដកស្រង់ប្រភពដែលដឹងអំពីកិច្ចពិភាក្សាការទូតរវាងសម្ព័ន្ធមិត្តទាំងពីរ សារព័ត៌មាន The Economist បានរាយការណ៍ថា អ៊ីស្រាអែលត្រូវតែបញ្ចប់សង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាសត្រឹមចុងឆ្នាំនេះ បើមិនដូច្នោះទេនឹងប្រឈមបាត់បង់ការគាំទ្រពីទីក្រុងវ៉ាស៊ីនតោនសម្រាប់ការវាយលុកនៅហ្គាហ្សា។

ព័ត៌មាននេះកើតឡើង ខណៈការថ្កោលទោសជាអន្តរជាតិចំពោះប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅតំបន់ដែលមានប្រជាជនរស់នៅច្រើនកុះករ បានកើនឡើងជាលំដាប់ ក្នុងរយៈពេលប្រាំបួនសប្តាហ៍ចុងក្រោយ។
មេដឹកនាំពិភពលោកជាច្រើន ក៏បានបង្ហាញក្តីបារម្ភដូចក្រុមផ្តល់ជំនួយដែរ អំពីវិបត្តិមនុស្សធម៌កាន់តែអាក្រក់ទៅៗនៅក្នុងតំបន់ខាងលើ ខណៈការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ក្រោយការវាយប្រហារឆ្លងដែនកាលពីថ្ងៃទី៧ខែតុលា របស់ក្រុមហាម៉ាសកាន់តែខ្លាំងឡើងៗ។

អ៊ីស្រាអែលអះអាងថា ពលរដ្ឋរបស់ខ្លួន១១៤៧នាក់ បានបាត់បង់ជីវិតក្នុងការវាយប្រហារនោះ ចំណែកមនុស្សប្រហែល២៤០នាក់ ត្រូវចាប់ជាចំណាប់ខ្មាំង។
ប៉ុន្តែមានសញ្ញាថា ទីក្រុងវ៉ាស៊ីនតោន ហាក់អស់ភាពអត់ធ្មត់ចំពោះការវាយលុកនេះទៀតហើយ។ ដោយលើកឡើងពីប្រភពមិនបញ្ចេញឈ្មោះ សារព័ត៌មាន The Economist បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានចេញការព្រមានក្នុងអំឡុងដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលថា ត្រូវបញ្ចប់សង្គ្រាមនៅចុងឆ្នាំនេះ បើមិនដូច្នោះទេ ការគាំទ្ររបស់សហរដ្ឋអាមេរិកអាចនឹងបាត់បង់។

មុននេះ លោក Blinken បានថ្លែងទៅកាន់ទូរទស្សន៍ CNN ថា រយៈពេលនៃសង្គ្រាម គឺអាស្រ័យលើអ៊ីស្រាអែល។ ទោះបីជាយ៉ាងណាក៏ដោយ ប្រមុខការទូតអាមេរិករូបនេះ ក៏បានទទួលស្គាល់ដែរថា កិច្ចពិភាក្សាត្រូវបានធ្វើឡើងជាមួយមន្ត្រីអ៊ីស្រាអែល អំពីរបៀបដែលប្រទេសនេះកំណត់យុទ្ធនាការជាមួយក្រុមហាម៉ាស។
លោក Blinken អះអាងថា អ៊ីស្រាអែលមានចេតនាកាត់បន្ថយការរងទុក្ខវេទនារបស់ជនស៊ីវិល ប៉ុន្តែសារភាពថា លទ្ធផលមិនដូចការរំពឹងទុកទេ។

យោងតាមកាសែត The Economist, រដ្ឋបាលលោក បៃដិន បានអំពាវនាវដល់រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ឲ្យកាត់បន្ថយការឈឺចាប់របស់ប្រជាជនប៉ាឡេស្ទីនតាមដែលអាចធ្វើទៅបាន ជាពិសេសនៅតំបន់ ហ្គាហ្សាភាគខាងត្បូង។
គួរបញ្ជាក់ថា ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា បានកើតឡើងជាថ្មីម្ដងទៀតកាលពីថ្ងៃចន្ទទី១១ ខែធ្នូ ខណៈគិតត្រឹមពេលនេះ មានជនជាតិប៉ាឡេស្ទីនជាង ១៨២០០ នាក់ហើយត្រូវបានសម្លាប់ ដែលក្នុងនោះភាគច្រើនជាស្ត្រី និងកុមារ ខណៈទាហានអ៊ីស្រាអែល ១០៤ នាក់ក៏បានបាត់បង់ជីវិតផងដែរ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អ៊ីស្រាអែល-ហាម៉ាស ប្រយុទ្ធគ្នាទ្រង់ទ្រាយធំ ខណៈមនុស្សស្លាប់នៅហ្គាហ្សា កើនលើស ១៨២០០នាក់

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត