ព័ត៌មានអន្ដរជាតិ
ហេតុអ្វីលោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅ វៀតណាម ក្នុងពេលនេះ?
តាមការចុះផ្សាយរបស់ Aljazeera បានឲ្យដឹងថា លោក ស៊ី ជីនពីង បានអញ្ជើញទៅដល់ប្រទេសវៀតណាមនៅថ្ងៃអង្គារ ទី១២ ខែធ្នូ សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងក្នុងរយៈពេល ៦ ឆ្នាំ ខណៈក្រុមអ្នកជំនាញអន្តរជាតិមើលឃើញថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន ទៅប្រជាជាតិអាស៊ីអាគ្នេយ៍នាពេលនេះ គឺដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសជិតខាងកុម្មុយនិស្តទាំង២ ហើយប្រឆាំងអាមេរិក ខណៈទីក្រុងហាណូយក៏ទើបតែពង្រឹងទំនាក់ទំនងការទូតជាមួយបណ្តាប្រទេសលោកខាងលិច។

ក្រុមអ្នកវិភាគនិយាយថា នេះជាដំណើរទស្សនកិច្ចមួយរបស់លោក ស៊ី ដើម្បីទាក់ទាញវៀតណាម និងទប់ស្កាត់ឥទ្ធិពលរបស់អាមេរិកនៅក្នុងប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ ហើយទស្សនកិច្ចនេះកើតឡើងត្រឹមតែរយៈពេល ៣ ខែប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ក៏ធ្វើដំណើរទៅវៀតណាមផងដែរ ស្របពេលដែលប្រទេសមហាអំណាច កំពុងប្រកួតប្រជែងគ្នាដណ្តើមឥទ្ធិពលនៅក្នុងប្រជាជាតិអាស៊ីអាគ្នេយ៍ ។
ក្រសួងការបរទេសវៀតណាមនិយាយថា លោក ស៊ី ត្រូវជួបជាមួយអគ្គលេខាបក្សកុម្មុយនិស្ត Nguyen Phu Trong, ប្រធានរដ្ឋ Vo Van Thuong និងនាយករដ្ឋមន្ត្រី Pham Minh Chinh។
ទន្ទឹមនោះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនក៏រាយការណ៍ដែរថា លោក ស៊ី មានការផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើបញ្ហាយុទ្ធសាស្ត្រ នៃទំនាក់ទំនងរវាងភាគីទាំងពីរ។ លើសពីនេះ មេដឹកនាំមកពីភាគីទាំងពីរ ក៏នឹងពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ដែលជាកង្វល់រួមផងដែរ។

វៀតណាម បានអនុវត្តវិធីសាស្ត្រ “ការទូតដើមឫស្សី” ជាយូរមកហើយ ដោយព្យាយាមរក្សាជំហរល្អជាមួយមហាអំណាចទាំងពីរ។ វៀតណាម បានចែករំលែកក្តីបារម្ភជាមួយសហរដ្ឋអាមេរិក អំពីការកើនឡើងនៃឥទ្ធិពលរបស់ទីក្រុងប៉េកាំង នៅក្នុងសមុទ្រចិនខាងត្បូង ប៉ុន្តែវានៅតែមានទំនាក់ទំនងនយោបាយដ៏រលូន និងទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធជាមួយប្រទេសចិនដែរ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin និយាយថា ដំណើរទស្សនកិច្ចរបស់លោក ស៊ី នឹងរួមមានកិច្ចពិភាក្សាស្តីពីការនាំយកទំនាក់ទំនងចិន-វៀតណាម ឲ្យឡើងកាន់តែខ្ពស់មួយកម្រិតទៀត។ លោកបន្តថា របៀបវារៈសម្រាប់ដំណើរទស្សនកិច្ចនេះ រួមមាននយោបាយ សន្តិសុខ កិច្ចសហប្រតិបត្តិការជាក់ស្តែង ការបង្កើតមតិសាធារណៈ បញ្ហាពហុភាគី និងបញ្ហាដែនសមុទ្រ។
ទោះបីជាមានទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធក៏ដោយ ក៏ប្រទេសជិតខាងទាំងពីរនេះ មានជម្លោះជាមួយគ្នាជុំវិញបញ្ហាព្រំដែននៅសមុទ្រចិនខាងត្បូងដែរ។

ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ ចិនបានពង្រីកការកាន់កាប់ទឹកដី នៅសមុទ្រចិនខាងត្បូង ដោយបង្កើតកោះយោធាដែលមានផ្លូវយន្តហោះ កំពង់ផែ និងប្រព័ន្ធរ៉ាដា។ វៀតណាម រួមជាមួយម៉ាឡេស៊ី ព្រុយណេ ហ្វីលីពីន និងកោះតៃវ៉ាន់ សុទ្ធតែទាមទារទឹកដីខ្លះនៅទីនោះ។
ក្នុងដំណើរទស្សនកិច្ចរបស់លោក បៃដិន កាលពីខែកញ្ញា, វៀតណាមនិងអាមេរិក បានព្រមានរួមគ្នាប្រឆាំងនឹងការគំរាមកំហែង ឬការប្រើកម្លាំងនៅសមុទ្រចិនខាងត្បូង។
ចិន គឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមអស់រយៈពេលជាច្រើនឆ្នាំមកនេះ ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីទឹកប្រាក់ ១៧៥.៦ពាន់លានដុល្លារក្នុងឆ្នាំ២០២២។ យោងតាមទិន្នន័យគយវៀតណាម បានបង្ហាញថា ការនាំចូលទំនិញពីចិន មានប្រមាណ ៦៧ ភាគរយ ហើយលើសពីនេះ ចិនមានទុនវិនិយោគជាង ២៦ ពាន់លានដុល្លារនៅវៀតណាម ជាមួយគម្រោងសកម្មចំនួន ៤០០០ គម្រោង ៕
អត្ថបទ៖ Vann Vann
ចុចអាន៖ លោក Xi Jinping អញ្ជើញទៅដល់ វៀតណាម ជាលើកទី ៣ ក្នុងរយៈពេល ៨ ឆ្នាំ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ