ព័ត៌មានអន្ដរជាតិ
រដ្ឋសភាអាមេរិក បោះឆ្នោត បើកការស៊ើបអង្កេត ដើម្បីប្តឹងលោក បៃដិន ពាក់ព័ន្ធអំពើពុករលួយ
នៅទីបំផុត សភាតំណាងរាស្រ្តសហរដ្ឋអាមេរិកដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ បានបោះឆ្នោតបើកដំណើរការស៊ើបអង្កេត ដើម្បីប្តឹងចោទប្រកាន់លោក ចូ បៃដិន ពាក់ព័ន្ធអំពើពុករលួយនិងការប្រើប្រាស់អំណាចប្រធានាធិបតី។ សេចក្តីសម្រេចកាលពីថ្ងៃពុធទី១៣ខែធ្នូមួយនេះ ត្រូវបានអនុម័តដោយសំឡេង ២២១ ទល់នឹង២១២។
រាល់អ្នកសាធារណរដ្ឋសុទ្ធតែបានបោះឆ្នោតគាំទ្រការស៊ើបអង្កេត ខណៈអ្នកប្រជាធិបតេយ្យទាំងអស់បានបោះឆ្នោតប្រឆាំង ប៉ុន្តែមានអ្នកប្រជាធិបតេយ្យម្នាក់ អវត្តមាន។
មិនបង្អស់យូរ លោក បៃដិន ក៏ចេញសេចក្តីថ្លែងការណ៍មួយទាក់ទងនឹងការស៊ើបអង្កេតនេះ ដោយនិយាយថា សមាជិករដ្ឋសភាមកពីគណបក្សសាធារណរដ្ឋ កំពុងខ្ជះខ្ជាយពេលវេលាលើភាពមិនច្បាស់លាស់ខាងនយោបាយ ទាំងដែលគ្មានការពិត។
អ្នកសាធារណរដ្ឋ បានចាប់ផ្តើមស៊ើបអង្កេតការប្រព្រឹត្តខុសដោយលោក បៃដិន តាំងតែពីគណបក្សបានឡើងគ្រប់គ្រងរដ្ឋសភាសាជាថ្មី បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០២០មកម្ល៉េះ ដោយមានគណៈកម្មាធិការត្រួតពិនិត្យសភា និងគណៈកម្មាធិការតុលាការសភា ជាអ្នកដឹកនាំការស៊ើបអង្កេត។
អតីតប្រធានរដ្ឋសភា លោក Kevin McCarthy បានប្រកាសពីការស៊ើបអង្កេតដើម្បីប្តឹងចោទប្រកាន់នៅក្នុងខែកញ្ញា ដោយអះអាងថា គណៈកម្មាធិការបានរកឃើញរឿងរ៉ាវនៃអំពើពុករលួយក្នុងរង្វង់គ្រួសារលោក បៃដិន។
ដោយលើកឡើងពីសក្ខីកម្មសាក្សី និងឯកសារដែលយកបានពីកុំព្យូទ័រយួរដៃរបស់កូនប្រុសលោក បៃដិន ឈ្មោះ ហាន់ធើ, គណបក្សសាធារណរដ្ឋ បានចោទប្រកាន់ថា គ្រួសារលោក បៃដិន បានទទួលប្រាក់ប្រហែល២៤លានដុល្លារក្នុងការទូទាត់តាមរយៈក្រុមហ៊ុនក្លែងក្លាយ ពីឥស្សរជននិងអ្នកនយោបាយនៅក្នុងប្រទេសចិន កាហ្សាក់ស្ថាន រូម៉ានី រុស្ស៊ី និងអ៊ុយក្រែន ពេលដែលលោក បៃដិន កាន់តំណែងជាអនុប្រធានាធិបតី។ ប្រតិបត្តិការផ្ទេរប្រាក់ចំនួន១៥០ក្នុងចំណោមប្រតិបត្តិការទាំងអស់ ត្រូវបានក្រសួងរតនាគារសហរដ្ឋអាមេរិក ចាត់ទុកថា “គួរឲ្យសង្ស័យ”។
លោក ហាន់ធើ បៃដិន បានដើរតួយ៉ាងសំខាន់ក្នុងរឿងនេះ ដោយកូនប្រុសរបស់ប្រធានាធិបតី ត្រូវបានចោទប្រកាន់ពីបទធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអតិថិជនបរទេសជាច្រើន ជាថ្នូរនឹងការចូលទៅទាក់ទងជាមួយឪពុកគាត់។ អតីតដៃគូអាជីវកម្មរបស់លោក ហាន់ធើ គឺលោក Devon Archer បានប្រាប់គណៈកម្មាធិការត្រួតពិនិត្យកាលពីខែកក្កដាថា មុខតំណែងរបស់លោក ហាន់ធើ នៅក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Burisma ដែលជាក្រុមហ៊ុនថាមពលអ៊ុយក្រែន បាននាំឲ្យគាត់ហ៊ានធានាថា ក្រុមហ៊ុននេះនឹងមានឥទ្ធិពលលើគោលនយោបាយរបស់សហរដ្ឋអាមេរិក។
ទោះបីជាយ៉ាងណាក៏ដោយ លោក បៃដិន បានបដិសេធរាល់ការចោទប្រកាន់ទាំងអស់ ហើយអះអាងថា ខ្លួនមិនដឹងរឿងអ្វីទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក ចូ បៃដិន ប្រកាសផ្តល់ជំនួយ ២០០លាន ដុល្លារ ទៀត ឲ្យអ៊ុយក្រែន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់