ព័ត៌មានអន្ដរជាតិ
លម្អិតដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលជិត ៣០ ម៉ោងរបស់ប្រធានាធិបតីចិន Xi Jinping នៅវៀតណាម
អគ្គលេខាបក្សកុម្មុយនីស្ត និងជាប្រធានាធិបតីចិន លោក Xi Jinping និងភរិយាគឺលោកស្រី Peng Liyuan បានអញ្ជើញត្រឡប់ទៅមាតុប្រទេសវិញហើយកាលពីរសៀលថ្ងៃពុធ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ ថ្ងៃមកកាន់ប្រទេសវៀតណាមជាលើកដំបូងក្នុងរយៈពេល ៦ ឆ្នាំ ។
លោក Xi និងភរិយាបានអញ្ជើញមកដល់អាកាសយានដ្ឋាន Noi Bai ក្នុងទីក្រុងហាណូយនៅវេលាថ្ងៃត្រង់ថ្ងៃអង្គារ ទី១២ ខែធ្នូ ខណៈយន្តហោះរបស់ប្រធានាធិបតីចិនរូបនេះបានចុះចតក្នុងសីតុណ្ហភាពប្រហែល ២៧ អង្សារសេ ហើយនេះក៏ជាដំណើរទស្សនកិច្ចលើកទី ៣ របស់លោក Xi ផងដែរ មកកាន់ទឹកដីនៃប្រទេសវៀតណាម ក្នុងឋានៈជាប្រធានបក្ស និងជាប្រធានាធិបតីរបស់ប្រទេសចិន ខណៈ ២ លើកដំបូងគឺនៅឆ្នាំ ២០១៥ និងឆ្នាំ ២០១៧ ។
ភ្លាមៗក្រោយលោក Xi ចុះពីលើជណ្ដើរយន្តហោះ, នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានដឹកនាំគណៈប្រតិភូវៀតណាមទទួលស្វាគមន៍លោក Xi នៅអាកាសយានដ្ឋាន ខណៈនៅថ្ងៃដដែលនោះអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong ក៏បន្តទទួលបដិសណ្ឋារកិច្ចលោក Xi នៅវិមានប្រធានាធិបតីនាវេលាម៉ោង ៤ រសៀល ។
ទន្ទឹមនោះ ក្នុងដំណើរលើកម្រាលព្រំក្រហមអមដោយការបាញ់កាំភ្លើងចំនួន ២១ ដើម ជំទាវទីមួយរបស់ប្រទេសចិនលោកស្រី Peng Liyuan និងលោក Xi រួមទាំងលោក Phu Trong និងភរិយាលោកស្រី Ngo Thi Man ក៏បានអញ្ជើញថតរូបនៅមុខវិមានប្រធានាធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចដ៏កក់ក្ដៅមួយ មុនពេលមេដឹកនាំទាំងពីរចូលរួមកិច្ចសន្ទនាជាមួយមន្ត្រីវៀតណាម និងចិនផ្សេងទៀតនៅទីស្នាក់ការកណ្ដាលនៃគណៈកម្មាធិការមជ្ឈិមបក្សក្នុងទីក្រុងហាណូយ ខណៈមេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីទិសដៅសម្រាប់ទំនាក់ទំនងទ្វេភាគីផងដែរ ។
នៅថ្ងៃដដែលនោះលោក Xi និងលោក Trong ក៏បានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងចំនួន ៣៦ សម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍផ្លូវដែកផងដែរ នៅទីស្នាក់ការកណ្ដាលនៃគណៈកម្មាធិការមជ្ឈិមបក្សនៅទីក្រុងហាណូយ ។
ក្នុងចំណោមឯកសារដែលត្រូវបានចុះហត្ថលេខាងដោយភាគីនៃប្រទេសទាំងពីរ និងអង្គភាពក្រសួងការបរទេស មាន ៤ ឯកសារពាក់ព័ន្ធនឹងនយោបាយ និងកិច្ចការបរទេស ។ ឯកសារ ៤ ទៀត គឺពាក់ព័ន្ធនឹងសន្តិសុខ និងការពារជាតិ, ការទប់ស្កាត់ឧក្រិដ្ឋកម្ម, កិច្ចសហប្រតិបត្តិការដែនសមុទ្រ និងប្រព័ន្ធតុលាការ ។ លើសពីនេះ ឯកសារចំនួន ២៤ គឺទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើវិស័យនៅថ្នាក់រដ្ឋាភិបាល និងក្រសួង ចំណែកឯកសារ ៤ ទៀតគឺទាក់ទងនឹងកិច្ចសហប្រតិបត្តិការរវាងថ្នាក់មូលដ្ឋាននៃប្រទេសទាំងពីរ ។
បន្ទាប់ពីសម្រេចបានលើកិច្ចព្រមព្រៀងទាំងនោះហើយ នៅល្ងាចថ្ងៃអង្គារលោក Xi និងលោក Trong ក៏បង្ហាញក្ដីសប្បាយរីករាយក្នុងពិធីទទួលទានទឹកតែនៅទីស្នាក់ការកណ្តាលរបស់បក្ស ។ មេដឹកនាំវៀតណាមបានអញ្ជើញសមភាគីចិនឲ្យសាកល្បងតែវៀតណាមចំនួន ៣ ប្រភេទផ្សេងគ្នា ខណៈក្នុងពិធីទទួលទានទឹកតែ គឺជាពិធីការទូតដ៏ពិសេសមួយបង្ហាញពីទំនាក់ទំនងជិតស្និទ្ធរវាងមេដឹកនាំនៃប្រទេសទាំងពីរ ។
លុះឈានមកដល់ព្រឹកថ្ងៃពុធ ដែលជាថ្ងៃទី២ នៃដំណើរទស្សនកិច្ច, លោក Xi បានអញ្ជើញដាក់កម្រងផ្កានៅវិមានប្រធានាធិបតីហូជីមិញ មុនពេលជួបពិភាក្សាការងារជាមួយប្រធានាធិបតីវៀតណាមលោក Vo Van Thuong នៅវិមានប្រធានាធិបតី និងជួបជាមួយលោកនាយករដ្ឋមន្ត្រី Pham Minh Chinh នៅការិយាល័យរដ្ឋាភិបាល ។
ក្នុងដំណើរជាហូរហែមកទៀត លោក Xi បានអញ្ជើញជួបជាមួយប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue រួមជាមួយនឹងសមាជិកការិយាល័យជាច្រើនផ្សេងទៀតនៅឯការិយាល័យរដ្ឋសភា មុនពេលលោក Xi បន្តជួបជាមួយអ្នកជំនាញការ និងសិស្សនិស្សិតដែលមានទេពកោសល្យនៃប្រទេសទាំងពីរនៅរសៀលថ្ងៃពុធ ។
នៅថ្ងៃចុងក្រោយនោះ ប្រទេសទាំងពីរក៏បានចេញសេចក្ដីថ្លែងការណ៍រួមដើម្បីបន្តធ្វើឲ្យស៊ីជម្រៅ និងលើកម្ពស់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ និងកសាងសហគមន៍ វៀតណាម-ចិន ជាមួយនឹងអនាគតរួមដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ។
ក្រោយបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលជិត ៣០ ម៉ោងនោះ លោក Xi និងភរិយាបានអញ្ជើញទៅដល់អាកាសយានដ្ឋាន Noi Bai និងចាកចេញពីប្រទេសវៀតណាមនៅវេលាម៉ោង ៥ និង ១០ នាទីល្ងាចថ្ងៃពុធ ខណៈក្នុងដំណើរទស្សនកិច្ចនេះ ស្ត្រីទីមួយរបស់ប្រទេសចិនក៏បានអញ្ជើញទៅទស្សនាសារមន្ទីរស្ត្រីវៀតណាម និងជួបសំណេះសំណាលជាមួយនិស្សិតសាកលវិទ្យាល័យជាតិ វៀតណាម-ហាណូយ ផងដែរ ។
បើយោងតាមគយវៀតណាមបានឲ្យដឹងថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ខណៈដែលវៀតណាមគឺជាដៃគូធំបំផុតរបស់ចិននៅក្នុងអាស៊ាន ។ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឈានដល់ ១៧៥.៦ ពាន់លានដុល្លារកាលពីឆ្នាំមុន ដោយក្នុងនោះការនាំចេញរបស់វៀតណាមឈានដល់ ៥៧.៧ ពាន់លានដុល្លារ ហើយការនាំចូលវិញឈានដល់ ១១៧.៨៧ ពាន់លានដុល្លារ ។
សរុបមក រហូតមកដល់ថ្ងៃទី២០ ខែតុលា ប្រទេសចិនបានជាប់ចំណាត់ថ្នាក់ទី ៦ ក្នុងចំណោមប្រទេស និងដែនដីចំនួន ១៤៣ ដែលមានការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅវៀតណាម ជាមួយនឹងគម្រោងសកម្មចំនួន ៤,១០៥ និងមានដើមទុនចុះបញ្ជីសរុបជាង ២៦.៥ ពាន់លានដុល្លារ ៕
អត្ថបទ ៖ ជីវ័ន្ត
ចុចអាន ៖ វៀតណាម ប្រកាន់យកគោលការណ៍ “ចិនតែមួយ” និងគោលនយោបាយ ការបរទេសឯករាជ្យ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២៤ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ