ព័ត៌មានអន្ដរជាតិ
ក្រុម ហ៊ូធី គំរាមបាញ់កម្ទេចនាវាចម្បាំងអាមេរិក នៅសមុទ្រក្រហម
កាលពីថ្ងៃពុធទី២០ខែធ្នូ មេក្រុមហ៊ូធី បានចេញមុខព្រមានក្តែងៗថា ពួកគេនឹងបាញ់កម្ទេចនាវាចម្បាំងអាមេរិកក្នុងសមុទ្រក្រហម ប្រសិនបើកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ ក្លាយជាគោលដៅរបស់ទីក្រុងវ៉ាស៊ីនតោន។

ក្រុម ហ៊ូធី ត្រូវបានគេស្គាល់ថាជាម្ចាស់ទឹកដីដ៏ធំក្នុងប្រទេសយេម៉ែនក្រោយធ្វើសង្គ្រាមច្រើនឆ្នាំ ហើយចាប់តាំងពីខែមុនមក ចលនានេះ បានបញ្ជូនកងយន្តហោះគ្មានមនុស្សបើក និងបាញ់មីស៊ីលមិនញញើតដៃ ទៅលើកប៉ាល់អន្តរជាតិ ដែលឆ្លងកាត់សមុទ្រក្រហម ក្នុងការវាយប្រហារដែលខ្លួននិយាយថា ដើម្បីឆ្លើយតបទៅនឹងទង្វើរបស់អ៊ីស្រាអែល នៅជ្រោយហ្គាហ្សា។
ហើយការព្រមាននេះផងដែរ កើតឡើង បន្ទាប់ពីសហរដ្ឋអាមេរិក កៀរគរកងកម្លាំងចម្រុះជាតិសាសន៍ ដើម្បីប្រឆាំងនឹងការវាយប្រហាររបស់ក្រុមហ៊ូធី លើកប៉ាល់ពាណិជ្ជកម្មនៅសមុទ្រក្រហម។
ចំពោះគំនិតផ្តួចផ្តើមផ្នែកសន្តិសុខដឹកនាំដោយទីក្រុងវ៉ាស៊ីនតោន, គេនឹងឃើញមានសហរដ្ឋអាមេរិក រួមទាំងប្រទេសចំនួនដប់ផ្សេងទៀត ដែលភាគច្រើនជាសមាជិកអង្គការណាតូ ចេញប្រតិបត្តិការល្បាតនៅសមុទ្រក្រហម ដើម្បីទប់ស្កាត់និងឆ្លើយតបចំពោះការវាយប្រហាររបស់ចលនាហ៊ូធីនាពេលខាងមុខ ព្រោះថា បច្ចុប្បន្ន ដោយសារតែទង្វើរបស់ក្រុមនេះហើយ ទើបខ្សែដឹកជញ្ជូនពិភពលោកធំៗ ត្រូវប្តូរផ្លូវដឹកជញ្ជូនទៅជុំវិញទ្វីបអាហ្វ្រិកជំនួសវិញ។

យ៉ាងណា មេក្រុមហ៊ូធី លោក Abdel-Malek al-Houthi ចេញមកនិយាយថា “យើងមិននៅស្ងៀមឡើយ ប្រសិនបើអាមេរិក បន្តបញ្ឆេះកម្តៅថែមទៀត និងកំណត់គោលដៅប្រទេសរបស់យើង ឬធ្វើសង្រ្គាមប្រឆាំងនឹងយើង ទាំងល្ងង់ខ្លៅ”។
ក្នុងសន្ទរកថាតាមទូរទស្សន៍ លោកបានព្រមានខ្លាំងៗថា “រាល់គោលដៅរបស់អាមេរិកមកលើប្រទេសរបស់យើង មីស៊ីលនិងដ្រូនរបស់យើង នឹងហោះទៅរកនាវាចម្បាំងឬអ្វីដែលជាផលប្រយោជន៍របស់អាមេរិក ជាក់ជាមិនខាន ពួកគេនឹងខ្ទេច!”។

វិបត្តិនៅសមុទ្រក្រហម គឺរីករាលដាលចេញពីសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមឥស្លាមនិយមប៉ាឡេស្ទីននៅហ្គាហ្សា។ នេះត្រូវបានគេមើលឃើញថា ជាជម្លោះចុងក្រោយបង្អស់នៅតំបន់មជ្ឈិមបូព៌ា ដែលដឹកដៃសហរដ្ឋអាមេរិករួមជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ឲ្យចូលមកប្រឆាំងនឹងមហាអំណាចក្នុងតំបន់គឺអ៊ីរ៉ង់ និងក្រុមជីវពលអារ៉ាប់។
ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ រួមទាំងចលនាហ៊ូធី និងហេសបូឡាលីបង់ផងដែរ បានបាញ់រ៉ុកកែតស្រោចដូចទឹកភ្លៀងទៅលើអ៊ីស្រាអែល ចាប់តាំងពីជម្លោះថ្មី ផ្ទុះឡើងកាលពីថ្ងៃទី៧ខែតុលា។ លើសពីនេះ ឧទ្ទាមហ៊ូធី បានបើកការវាយប្រហារឥតដកដៃនៅសមុទ្រក្រហម ដោយគំរាមកំណត់គោលដៅលើកប៉ាល់ទាំងឡាយណា ដែលធ្វើដំណើរទៅប្រទេសអ៊ីស្រាអែល ហើយថែមទាំងព្រមានគ្រប់ក្រុមហ៊ុនដឹកជញ្ជូន កុំឲ្យពាក់ព័ន្ធជាមួយកំពង់ផែអ៊ីស្រាអែល ទៀតផង។
ដោយសារតែការវាយប្រហារនេះហើយ បានធ្វើឲ្យរំខានដល់ផ្លូវពាណិជ្ជកម្មដ៏សំខាន់ដែលភ្ជាប់អឺរ៉ុបនិងអាមេរិកខាងជើង ជាមួយអាស៊ីតាមរយៈព្រែកជីកស៊ុយអេ និងជំរុញឲ្យថ្លៃដឹកជញ្ជូនកុងតឺន័រ កើនឡើងយ៉ាងគំហុក ព្រោះថា ក្រុមហ៊ុននានា ត្រូវប្តូរផ្លូវដឹកជញ្ជូនទំនិញ ធ្វើឲ្យចំណាយពេលធ្វើដំណើរកាន់តែយូរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ក្រុមឧទ្ទាម ហ៊ូធី ប្ដេជ្ញាវាយប្រហារកងកម្លាំងដែនសមុទ្រក្រហមដឹកនាំដោយ អាមេរិក

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?