ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ថា សង្គ្រាមនឹងចាយពេលរាប់ខែទៀត ក្រោយការសម្លាប់មន្ត្រីកំពូល អ៊ីរ៉ង់ និងមានអ្នកទី ៣ លូកដៃ
សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសនឹងចាយពេលរាប់ខែទៀត ស្របពេលដែលនៅខាងក្រៅតំបន់ហ្គាហ្សាស្ទ្រីបក៏មានការបាញ់បោះដាក់គ្នាយ៉ាងសន្ធាប់ផងដែរ ជាពិសេសគឺការវាយប្រហារទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលសម្លាប់ឧត្តមសេនីយ៍កំពូលអ៊ីរ៉ង់លោក Sayyed Razi Mousavi នៅជិតរដ្ឋធានីដាម៉ាសរបស់ប្រទេសស៊ីរីកាលពីថ្ងៃចន្ទកន្លងទៅ ។
នាយអគ្គសេនាធិការកងទ័ពអ៊ីស្រាអែលលោក Herzi Halevi បានប្រាប់អ្នកសារព័ត៌មាននៅក្នុងសេចក្ដីថ្លែងការណ៍តាមកញ្ចក់ទូរទស្សន៍ចេញពីតំបន់ព្រំដែនហ្គាហ្សាកាលពីថ្ងៃពុធថា “សង្គ្រាមនាពេលបច្ចុប្បន្ននេះនឹងបន្តអូសបន្លាយពេលជាច្រើនខែទៀត ដោយសារតែយើងមិនអាចប្រើវេទមន្តយកមកដោះស្រាយជម្លោះនោះឡើយ” ។
លោក Halevi បានលើកឡើងទៀតថា “ដំណោះស្រាយសង្គ្រាមជាមួយក្រុមហាម៉ាស គឺមិនអាចប្រើពេលត្រឹមប៉ុន្មានសប្ដាហ៍ ឬប៉ុន្មានខែឡើយ ដោយសារតែយើងមិនអាចប្រើផ្លូវកាត់ក្នុងការរុះរើក្រុមប្រដាប់អាវុធមួយនេះនោះទេ ដូច្នេះយើងមានតែការប្ដេជ្ញាចិត្ត និងការតស៊ូប្រយុទ្ធតែប៉ុណ្ណោះ” ។
ជាក់ស្ដែង ក្រៅតែពីជាប់ដៃប្រយុទ្ធជាមួយក្រុមហាម៉ាសនៅក្នុងតំបន់ហ្គាហ្សាហើយ អ៊ីស្រាអែលក៏កំពុងបាញ់បោះដាក់គ្នាជាមួយក្រុមហេសបូឡានៅតាមតំបន់ព្រំដែន លីបង់-អ៊ីស្រាអែល ផងដែរ ខណៈការបាញ់រះគ្រាប់រ៉ុកកែតទាំងនោះ គឺដើម្បីជួយទៅដល់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនដែលកំពុងទប់ទល់នឹងការវាយសន្ធាប់ពីសំណាក់កងកម្លាំងរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ជាពិសេសដើម្បីកុំឲ្យជម្លោះមួយនេះកាន់តែរីកសាយភាយទៅដល់ប្រទេសភូមិផងរបងជាមួយ ។
មិនត្រឹមតែបាញ់បោះជាមួយក្រុមហេសបូឡាប៉ុណ្ណោះទេ អ៊ីស្រាអែលក៏នៅទប់ទល់ជាមួយក្រុមឧទ្ទាមហ៊ូធីរបស់យេម៉ែនផងដែរ ។ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងមកនេះ ក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់មួយនេះបានបើកការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកទៅលើនាវាជាច្រើនគ្រឿងនៅសមុទ្រក្រហម ខណៈការវាយប្រហារនោះក៏ជាការឆ្លើយតបទៅអ៊ីស្រាអែលចំពោះទង្វើសម្លាប់រង្គាលមកលើតំបន់ហ្គាហ្សាផងដែរ ។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាស និងដីគោកលើតំបន់ហ្គាហ្សាស្ទ្រីប ជាការសងសឹកចំពោះការវាយឆ្មក់របស់ក្រុមហាម៉ាស ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនដល់ ២១,១១០ នាក់ហើយ ដែលភាគច្រើនជាកុមារ និងស្ត្រី និងជាង ៥៤,០០០ នាក់ផ្សេងទៀតរងរបួស ។ ចំណែកខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ បានបាត់បង់ជិវិត ខណៈចំណាប់ខ្មាំងជាង ១៣០ នាក់នៅតែស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាសដដែល ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Daily Sabah
ចុចអាន ៖ អ៊ីស្រាអែល ទម្លាក់គ្រាប់បែកសម្លាប់ឧត្តមសេនីយ៍កំពូលមួយរូបរបស់ អ៊ីរ៉ង់ ប្រចាំនៅ ស៊ីរី
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ