Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ដើមចេញពីក្មេងធ្វើការតាមរោងចក្រ រហូតមានវាសនាបានក្លាយជាមេគណបក្សប្រឆាំងធំមួយនៅកូរ៉េខាងត្បូង

បានផុស

នៅ

លោក Lee Jae-myung ប្រធានគណបក្សប្រជាធិបតេយ្យកូរ៉េ ឬ សម្ព័ន្ធនយោបាយថ្មីដើម្បីប្រជាធិបតេយ្យ ដែលជាគណបក្សប្រឆាំងរបស់កូរ៉េខាងត្បូង កាលពីម៉ោង ១០ និង ២៧ ព្រឹក ថ្ងៃអង្គារ នេះ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណរត់ទៅចាក់ចំកញ្ចឹង ក ខាងឆ្វេង អំឡុងពេលដែលលោកកំពុងផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រោយចុះទៅពិនិត្យមើលការដ្ឋានសាងសង់ព្រលានយន្តហោះថ្មីលើកោះ Gadeok របស់ទីក្រុង Busan ។ ហេតុការណ៍វាយប្រហារលើមេដឹកនាំគណបក្សប្រឆាំងរូបនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្តែសំណាងល្អពុំបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតឡើយ ខណៈដែលពេលនេះលោក Lee កំពុងស្ថិតនៅក្រោមការសង្គ្រោះ របស់មន្ទីរមន្ទីរពេទ្យសាកលវិទ្យាល័យជាតិសេអ៊ូល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Lee Jae-myung បច្ចុប្បន្នមានវ័យ ៥៩ឆ្នាំ ដែលគេស្គាល់ថា មិនត្រឹមតែជាប្រធានគណបក្សប្រឆាំងដែលហ៊ានរិះគន់យ៉ាងចាស់ដៃទៅលើប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ប៉ុណ្ណោះទេ គេថែមទាំងដឹងថា លោក Lee គឺជាមេដឹកនាំគណបក្សម្នាក់ ដែលមានកំណើតចេញពីត្រកូលគ្រួសារក្រីក្រ ហើយនេះជាភាពកម្របំផុតមួយក្នុងចំណោមអ្នកនយោបាយនៅប្រទេសកូរ៉េខាងត្បូងដែលបុគ្គលចេញពីវណ្ណៈតូចទាបអាចងើបឡើងក្លាយជាមេដឹកនាំគណៈបក្ស ឬ បេក្ខជនប្រធានាធិបតី ។

កាលពីមុនពេលបោះឆ្នោតសកលឆ្នាំ ២០២២ លោក Lee បានបង្ហាញអតីតកាលដ៏កម្សត់របស់លោកជាសាធារណៈ ដោយរៀបរាប់ថា លោកគឺជាអតីតក្មេងធ្វើការតាមរោងចក្រម្នាក់ ព្រោះតែគ្មានលុយសម្រាប់បង់ថ្លៃសាលារៀន និងមាន ឪពុកម្ដាយជាអ្នកអនាម័យ ។

វ័យកំពុងសិក្សា និងត្រូវការការគាំពារផ្នែកអាហាររូបត្ថម្ភ ប៉ុន្តែលោក Lee បែជាបង្ខំចិត្តចូលធ្វើការងាររោងចក្រជាលើកដំបូងទាំងមិនទាន់មានវ័យគ្រប់គ្រាន់ដើម្បីធ្វើការស្របច្បាប់នៅក្នុងប្រទេសកូរ៉េខាងត្បូងនោះទេ ដូច្នេះហើយគាត់បានធ្វើការក្រោមឈ្មោះក្លែងក្លាយ (ដូរពីឈ្មោះមួយទៅឈ្មោះមួយ) ។

ក្នុងពេលបំពេញការងារនៅរោងចក្រមួយកន្លែងឈ្មោះ Dongma Rubber លោក Lee បានជួបគ្រោះថ្នាក់ធ្វើឱ្យរបួសប៉ះពាល់សន្លាក់ដៃធ្ងន់ធ្ងរ ប៉ុន្តែពុំមានការអើពើពីសំណាក់ភាគីរោងចក្រឡើយ ដូច្នេះហើយទើបលោកសម្រេចចិត្តចាកចេញ ប្ដូរការងារទៅធ្វើការនៅរោងចក្រមួយកន្លែងទៀតឈ្មោះ Daeyang Industry ។​

អំឡុងពេលធ្វើការងារនៅរោងចក្រថ្មីនេះ Lee បានឃើញសិស្សមួយក្រុមពាក់ឯកសណ្ឋានសាលា ហើយគាត់បានបង្កើតបំណងប្រាថ្នាចង់ចូលរៀននៅសកលវិទ្យាល័យ ដូច្នេះគាត់បានចុះឈ្មោះចូលរៀនដើម្បីប្រលង។

ជាលទ្ធផល Lee បានប្រឡងជាប់វិទ្យាល័យ ហើយទទួលបានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ ១៩៧៨។ ពីរឆ្នាំក្រោយមកក្នុងឆ្នាំ ១៩៨០ គាត់បានប្រលងចូលសាកលវិទ្យាល័យ ។

សរុបមក បទពិសោធន៍ផ្ទាល់ខ្លួនរបស់លោក Lee ជាមួយនឹងការបង្ក្រាបភាពក្រីក្របានបំផុសគំនិតនយោបាយរបស់គាត់ ដែលមានគោលបំណងទប់ស្កាត់អភ័យឯកសិទ្ធិ, ភាពលើសលុបនៃអ្នកមានអំណាច និងការគាំពារភាពក្រីក្រ នៃសង្គម។ មានពាក្យមួយឃ្លាលោក Lee បាននិយាយថា «ខ្ញុំបានរួចផុតពីភាពក្រីក្រ ប៉ុន្តែមនុស្សជាច្រើននៅជុំវិញខ្ញុំនៅតែជាប់គាំងក្នុងភាពក្រីក្រដដែល … ខ្ញុំចង់ផ្លាស់ប្តូរវា» ។

គោលនយោបាយរបស់លោក Lee ដែលឈានដល់មានការគាំទ្រពីសំឡេងភាគច្រើន រហូតដល់គេរំពឹងថា លោកអាចនឹងមានឈ្មោះនៅក្នុងតំណែងធំណាមួយនៅថ្ងៃបោះឆ្នោតសកលឆ្នាំ ២០២៧ ខាងមុខនេះ គឺជាការលើកឡើងព្រួយបារម្ភអំពីវិសមភាព តម្លៃផ្ទះខ្ពស់កប់ពពក និងការអត់ការងារធ្វើរបស់យុវជន។ គាត់ធ្លាប់បានប្តេជ្ញាថានឹងពង្រីកគម្រោងប្រាក់ចំណូលមូលដ្ឋានជាសកលរបស់គាត់នៅទូទាំងប្រទេសក្នុងនាមជាប្រធានាធិបតី។

ទន្ទឹមនឹងការគាំទ្រ លោក Lee ក៏ធ្លាប់រងនូវរឿងអាស្រូវពុករលួយផងដែរ ដែលអាចនឹងប្រឈមមុខពីការកាត់ទោសពីបទស៊ីសំណូក ជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនមួយដែលត្រូវបានគេសង្ស័យថាបានផ្ទេរប្រាក់ចំនួន ៨ លានដុល្លារអាមេរិកដោយខុសច្បាប់ទៅឱ្យប្រទេសកូរ៉េខាងជើង។ ជាមួយគ្នានេះ លោក Lee ក៏ត្រូវបានចោទប្រកាន់ពីបទរំលោភលើកាតព្វកិច្ចដែលត្រូវបានចោទប្រកាន់ថាបានធ្វើឱ្យខាតបង់ប្រាក់ចំនួន ២០ ពាន់លានវ៉ុន (១៥ លានដុល្លារអាមេរិក) សម្រាប់ក្រុមហ៊ុនដែលគ្រប់គ្រងដោយទីក្រុង Seongnam នៅពេលគាត់ធ្វើជាអភិបាលក្រុងមួយនេះ ។

សូមបញ្ជាក់ថា លោក Lee Jae-myung កើតនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៦៤ ក្នុងក្រុង Andong ខេត្ត Gyeongsang ប្រទេសកូរ៉េខាងត្បូង ។ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយភរិយាឈ្មោះ Kim Hye-kyung ​ក្នុងឆ្នាំ ១៩៩១ បច្ចុប្បន្នមានកូន ២នាក់ ៕

ប្រែសម្រួលដោយ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម