Connect with us

ព័ត៌មានអន្ដរជាតិ

ដំណើររឿងរ៉ាវមុន និងក្រោយការប៉ុនប៉ងធ្វើឃាតចាក់កញ្ចឹង ក មេបក្សប្រឆាំងរបស់ កូរ៉េខាងត្បូង

បានផុស

នៅ

នៅព្រឹកថ្ងៃទី២ ខែមករា លោក Lee jae-myung មេដឹកនាំគណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងដ៏ធំរបស់កូរ៉េខាងត្បូងបានអញ្ជើញចុះទៅកាន់ការដ្ឋានសាងសង់អាកាសយានដ្ឋានថ្មីមួយកន្លែងនៅលើកោះ Gadeok ក្នុងទីក្រុង Busan ភាគអាគ្នេយ៍របស់ប្រទេស ខណៈក្រោយពីបញ្ចប់ការដើរមើលរួចហើយ អ្នកនយោបាយរូបនេះក៏បានផ្ដល់បទសម្ភាសន៍មួយចំនួនទៅកាន់អ្នកសារព័ត៌មានផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងអំឡុងឆ្លើយឆ្លងសំណួរចម្លើយជាមួយអ្នកសារព័ត៌មានទាំងទឹកមុខស្រស់ស្រាយ និងឈរក្រោមពន្លឺព្រះអាទិត្យក្នុងសីតុណ្ហភាពប្រមាណ ៥ អង្សាសេនៅទីតាំងមួយកន្លែងក្បែរការដ្ឋាននោះ លោក Lee ក៏ជួបហេតុការណ៍ដ៏ព្រឺព្រួច និងមិននឹកស្មានដល់មួយ ជាពិសេសប៊ិះតែនឹងប៉ះពាល់ដល់អាយុជីវិតរបស់លោកថែមទាំងទៀតផង ។

ទន្ទឹមនោះ បើទោះបីជាមានការចោមរោមពីសំណាក់អ្នកសារព័ត៌មាន និងហែរហមដោយមន្ត្រីគណបក្សប្រជាធិបតេយ្យជាច្រើនរូប រួមជាមួយនឹងកម្លាំងប៉ូលិសប្រមាណ ២៤ នាក់ដែលដាក់ការពារសុវត្ថិភាពរបស់លោក Lee ក៏ដោយ ប៉ុន្តែនៅតែមានការធ្វេសប្រហែស រហូតឈានទៅដល់ផ្ទុះហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានទើបតែបានប៉ុន្មានម៉ាត់ប៉ុណ្ណោះ ពោលនៅម៉ោង ១០ និង ២៧ នាទីព្រឹកថ្ងៃដដែលនោះ លោក Lee ត្រូវបានជនសង្ស័យភេទប្រុសមិនស្គាល់អត្តសញ្ញាណមួយរូបក្លែងបន្លំធ្វើជាអ្នកគាំទ្រផ្កាប់មុខរបស់លោក ហើយបានចូលទៅកៀកអ្នកនយោបាយរូបនេះដើម្បីសុំហត្ថលេខា ។ បន្ទាប់មកជនសង្ស័យបានដកកាំបិតប្រវែងប្រហែល ២០ ទៅ ៣០ សង់ទីម៉ែត្ររត់ទៅចាក់កញ្ចឹង ក មេបក្សប្រឆាំងរូបនេះតែម្ដង ។

ក្រោយការវាយប្រហារចាក់កញ្ចឹង ក នេះហើយ ជនសង្ស័យដែលមានវ័យប្រហែល ៥០ ឬ ៦០ ឆ្នាំព្យាយាមរត់គេចខ្លួន ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចដែលឈរយាមកាមលោក Lee ចាប់ផ្ដួលដើម្បីធ្វើការឃាត់ខ្លួន ខណៈមេបក្សប្រឆាំងដែលមានមុខរបួសប្រវែង ១ សង់ទីម៉ែត្រត្រូវបានមនុស្សជុំវិញនោះដាក់ឲ្យដេកនៅលើដី និងយកកន្សែងបិទឈាមដែលកំពុងហូរច្រាលចេញពី ក របស់លោកដើម្បីធ្វើការសង្គ្រោះបឋម មុនពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

ដេកចាំទាំងឈាមហូរតាមមុខរបួសរហូតដល់ ២០ នាទីទើបមានឧទ្ធម្ភាចក្រហោះមកដឹកលោក Lee ទៅកាន់មន្ទីរពេទ្យសាកលវិទ្យាល័យជាតិសេអ៊ូលដើម្បីធ្វើការវះកាត់មុខរបួស ខណៈខាងក្រុមគ្រូពេទ្យក៏បានបញ្ជាក់ប្រាប់ដែរថា សំណាងល្អហើយដែលរបួសរបស់អ្នកនយោបាយវ័យ ៥៩ ឆ្នាំរូបនេះមិនបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិតនោះ ប៉ុន្តែលោកកំពុងស្ថិតក្នុងបន្ទប់ ICU នៅឡើយ ។

ចំណែកជនសង្ស័យវិញ បន្ទាប់ពីចាប់ឃាត់ខ្លួនហើយក៏មិនទាន់មាត់ ក ឬសារភាពប្រាប់មន្ត្រីសមត្ថកិច្ចនៅឡើយផងដែរ ខណៈអ្នកជំនាញក៏មិនទាន់ធ្វើរោគវិនិច្ឆ័យ ឬពិនិត្យមើលថាតើជនបង្កហេតុមានបញ្ហាផ្លូវចិត្ត សតិមិនគ្រប់ ឬក៏មានគំនុំគុំកួនជាមួយលោក Lee ឬយ៉ាងណានោះទេ ស្របពេលដែលរដ្ឋអាជ្ញាក៏បានបង្កើតក្រុមស៊ើបអង្កេតពិសេសលើករណីនេះដូចគ្នា ហើយអាចឈាននឹងចោទប្រកាន់ពីបទប៉ុនប៉ងធ្វើឃាតផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានចេញការថ្កោលទោសចំពោះការវាយប្រហារនេះផងដែរថា ជាទង្វើមិនអាចទទួលយកបាន ហើយថែមទាំងសង្កត់ធ្ងន់ទៀតថា អំពើហិង្សាបែបនេះគឺដាច់ខាតមិនគួរអត់ឱនឲ្យនោះទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ ជាពិសេសលោកប្រធានាធិបតីក៏បានជំរុញឲ្យមានការយកចិត្តទុកដាក់ថែទាំ និងព្យាបាលលោក Lee ឲ្យឆាប់ជាសះស្បើយផងដែរ ៕

លោកប្រធានាធិបតី Yoon Suk Yeol

អត្ថបទ ៖ ជីវ័ន្ត

ចុចអាន ៖ សាក្សីនៅកន្លែងកើតហេតុរ៉ាយរ៉ាប់ពីដំណើរដើមទង មុនឈានដល់ការចាក់ ក មេបក្សប្រឆាំង កូរ៉េខាងត្បូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម