ព័ត៌មានអន្ដរជាតិ
ការងារជាអ្នកថែរក្សាបង្គោលភ្លើងហ្វារដែនសមុទ្រមួយនៅបារាំង ទទួលបានប្រាក់បៀវត្ស ១០ម៉ឺនដុល្លារ ក្នុងមួយខែ?
អ្នកថែរក្សាបង្គោលភ្លើងហ្វារដែនសមុទ្រ ឬ Lighthouse Keeper គឺជាការងារមួយត្រូវបានគេចាត់ទុកថា ជាការងារគ្រោះថ្នាក់បំផុត ដែលបច្ចុប្បន្នស្ទើរតែមិនមានអ្នកចង់ធ្វើការងារមួយនេះឡើយ ដូច្នេះហើយទើបគេបានបង្វែរពីការធ្វើការដោយប្រើកម្លាំងមនុស្ស មកជាការប្រើប្រាស់បច្ចេកវិទ្យាជំនួយវិញ ។ ប៉ុន្តែយ៉ាងណាក៏ដោយ ការប្រើប្រាស់បច្ចេកវិទ្យាជំនួយនេះ ពុំសូវទទួលបានលទ្ធផលប្រសើរដូចកម្លាំងមនុស្សឡើយ ហើយគេនៅតែមើលឃើញថា មានប្រទេសមួយចំនួនដូចជាសហរដ្ឋអាមេរិក និង កាណាដា ជាដើម នៅតែផ្ដល់ឱកាសការងារសម្រាប់អ្នកដែលមានបំណងចង់ធ្វើការងារជា អ្នកថែរក្សាបង្គោលភ្លើងហ្វារដែនសមុទ្រ ឬ Lighthouse Keeper។
តើការងារជាអ្នកថែរក្សាបង្គោលភ្លើងហ្វារដែនសមុទ្រ ឬ Lighthouse Keeper តម្រូវឱ្យធ្វើអ្វីខ្លះ?
អ្នកថែរក្សាបង្គោលភ្លើងហ្វារដែនសមុទ្រ គឺជាអ្នកជំនាញខាងដែនសមុទ្រដែលជួយណែនាំអ្នកដំណើរតាមកាប៉ាល់ នាវា កុំឱ្យជួបគ្រោះថ្នាក់ ឬវង្វេងផ្លូវ តាមរយៈភ្លើងហ្វា ដែលជាសញ្ញាសម្គាល់ ។ ពួកគេក៏មានទំនួលខុសត្រូវលើការថែរក្សាអគារបង្គោលភ្លើងហ្វារ ភ្លើង និងឧបករណ៍បច្ចេកទេសផ្សេងៗ ។
អ្នកថែរក្សាបង្គោលភ្លើងហ្វារ មានទំនួលខុសត្រូវផ្សេងៗគ្នា អាស្រ័យលើថាតើបង្គោលភ្លើងហ្វារនោះ នៅតែដំណើរការពេញលេញ ឬគ្រាន់តែជាបង្គោលសម្រាប់សម្គាល់ទីតាំងប្រវត្តិសាស្ត្រ។ ក្នុងនាមជាអ្នកថែរក្សាបង្គោលភ្លើងហ្វារ ប្រសិនបើអំឡុងពេលមានព្យុះ ត្រូវតែថែរក្សាពន្លឺភ្លើងជាប់ជានិច្ច សម្រាប់ជាសញ្ញាណែនាំអ្នកធ្វើដំណើរ។ នៅពេលព្រឹកអ្នកថែរក្សាបង្គោលភ្លើងហ្វារត្រូវលើកទង់ជាតិ ពិនិត្យមើលម៉ាស៊ីនភ្លើង ស្តាប់វិទ្យុទាក់ទងដែនសមុទ្រសម្រាប់ការប្រកាសពិសេសណាមួយ។ ហើយអ្វីដែលគេចាត់ទុកថា ការងារជាអ្នកថែរក្សាបង្គោលភ្លើងហ្វារដែនសមុទ្រ ជាការងារគ្រោះថ្នាក់នោះ គឺដោយសារការងារនេះតម្រូវឱ្យទៅរស់នៅលើអគារបង្គោលភ្លើងហ្វារ ដែលសង់នៅលើសមុទ្រដ៏ស្ងប់ស្ងាត់ និងដាច់ស្រយាល ។
ទាក់ទងជាមួយការងារជាអ្នកថែរក្សាបង្គោលភ្លើងហ្វារដែនសមុទ្រ នេះដែរ កន្លងមកធ្លាប់មានព័ត៌មានចចាមរ៉ាមមួយលើកឡើងថា ជាការងារគ្រោះថ្នាក់ ប៉ុន្តែទទួលបានប្រាក់បៀវត្សខ្ពស់ តួយ៉ាងដូចជាអ្នកថែរក្សាបង្គោលភ្លើងហ្វារដែនសមុទ្រ La Jument ស្ថិតនៅ Brittany ភាគពាយព្យនៃ ប្រទេសបារាំង អាចទទួលបានប្រាក់បៀវត្សខ្ពស់ជាងគេបំផុតលើពិភពលោក នោះគឺ ១.២ លានដុល្លារក្នុងមួយឆ្នាំ ឬស្មើនឹង ១០ម៉ឺនដុល្លារ ក្នុងមួយខែ ។
តាមប្រភពមិនច្បាស់ការទាំងនោះបាននិយាយថា អ្នកថែរក្សាបង្គោលភ្លើងហ្វារដែនសមុទ្រ La Jument អាចរស់នៅស្រួលក្នុងអគារបង្គោលភ្លើងហ្វារ អាចដេកបានតាមចិត្តដែលពួកគេចង់បាន អាចមានពេលសម្រាកស្ទួចត្រី និងរីករាយជាមួយបរិយាកាសដ៏ល្អបរិសុទ្ធនៃដែនសមុទ្រ ។ សម្រាប់ការលើកឡើងខាងលើនេះ ហាក់ដូចជាខុសឆ្ងាយពីភាពជាក់ស្ដែងនៃការងារ ជាអ្នកថែរក្សាបង្គោលភ្លើងហ្វារដែនសមុទ្រ ។
យោងតាមអត្ថបទមួយដែលចុះផ្សាយនៅលើគហទំព័រ indeed សរសេរអំពី វិជ្ជាជីវៈរបស់អ្នកថែរក្សាបង្គោលភ្លើងហ្វារដែនសមុទ្រ បានបង្ហាញឱ្យឃើញថា ការងារនេះជាការងារហត់នឿយមួយដែលប្រៀបបាននឹងការរស់នៅក្នុងរោងម៉ាស៊ីនដ៏មមារញឹក ប៉ុន្តែវាអាចនឹងមានពេលសម្រាកច្រើន ប្រសិនបើនៅក្នុងរដូវអាកាសធាតុអំណោយផល មិនមានព្យុះ ឬរលកធំៗ ។ ហើយសម្រាប់ប្រាក់បៀវត្ស បើយោងតាម ការិយាល័យស្ថិតិការងាររបស់សហរដ្ឋអាមេរិក បានឱ្យដឹងថា ជាមធ្យមខ្ទង់ ៤៦,៦៨០ ដុល្លារក្នុងមួយឆ្នាំ ឬ ជិត ៤ពាន់ដុល្លារក្នុងមួយខែ ។ ចំពោះទិន្ន័យ ប្រាក់បៀវត្ស អ្នកថែរក្សាបង្គោលភ្លើងហ្វារដែនសមុទ្រ La Jument មិនមានប្រភពណាមួយបង្ហាញឡើយ ។
សូមជម្រាបផងដែរថា ប្រវត្តិនៃការសាងសង់ បង្គោលភ្លើងហ្វារដែនសមុទ្រ La Jument គឺកើតចេញពីកត្តាតំបន់ Brittany ដែលក្រុមនាវិកស្គាល់ថាជាតំបន់ដ៏គ្រោះថ្នាក់ ។ នាអំឡុងចុងទស្សវត្សរ៍ ១៨០០ និងដើមទស្សវត្សរ៍ ១៩០០ មានកប៉ាល់ចំនួន ៣១ ត្រូវបានលិចនៅតំបន់នោះ ។ ដូច្នេះហើយ នៅឆ្នាំ ១៩០៤ បុរសអ្នកមានទ្រព្យសម្បត្តិជនជាតិបារាំងម្នាក់ ដែលត្រូវបានគេសង្គ្រោះចេញពីគ្រោះថ្នាក់លិចកប៉ាល់នៅក្នុងតំបន់ខាងលើ បានសម្រេចចិត្តផ្តល់ហិរញ្ញប្បទានផ្ទាល់ខ្លួនកសាងបង្គោលភ្លើងហ្វារដែនសមុទ្រ La Jument នេះឡើង ហើយរហូតដល់ឆ្នាំ ១៩១១ ទើបវាបានសាងសង់ចប់ជាស្ថាពរ ៕
ប្រែសម្រួលដោយ៖ កុសល
ប្រភព៖ indeed, ibiblio, stern
-
វប្បធម៌ ជំនឿ៤ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ ចេញកើតពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទឹកជំនន់នៅភាគខាងត្បូងថៃ រឹតតែធ្ងន់ ឯមនុស្សស្លាប់ កើនច្រើនឡើងៗ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
កូនស្រីអតីតកីឡាករបាល់ទាត់ Franck បង្ហោះរូបស្រាត ផ្គើននឹងការព្រមានឪពុក
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់