ព័ត៌មានអន្ដរជាតិ
កំពុងបាញ់ក្រុមហ៊ូធី ឥតប្រណីដៃ តែអាមេរិក ប្រកាសមិនចង់មានសង្គ្រាមជាមួយ យេម៉ែន
ត្បិតសហរដ្ឋអាមេរិកនិងអង់គ្លេស នៅតែវាយប្រហារក្រុមហ៊ូធី មិនប្រណីដៃក៏ដោយ ប៉ុន្តែអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Kirby បានប្រាប់ CBS កាលពីថ្ងៃអាទិត្យទី១៤ខែមករាថា ទីក្រុងវ៉ាស៊ីនតោន មិនចង់ប្រែក្លាយប្រតិបត្តិការរបស់ខ្លួននៅសមុទ្រក្រហម ទៅជាជម្លោះជាមួយយេម៉ែនទេ។

កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស បានពួតដៃគ្នាបើកប្រតិបត្តិការយោធានៅសមុទ្រក្រហម ដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់ក្រុមឥស្លាមហ៊ូធី ដែលមានមូលដ្ឋាននៅប្រទេសយេម៉ែន បន្ទាប់ពីចលនាសកម្មប្រយុទ្ធមួយនេះ ប្តេជ្ញាឈរជាមួយប៉ាឡេស្ទីន ខណៈសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា មិនមានសញ្ញាធូរស្រាលឡើយ ហើយពួកគេក៏អះអាងបន្តកំណត់គោលដៅលើកប៉ាល់ពាណិជ្ជករ ដែលបើកកាត់ឈូងសមុទ្រ Aden ផងដែរ រហូតដល់អ៊ីស្រាអែលបញ្ឈប់សង្គ្រាមជាមួយក្រុមហាម៉ាស។
សហរដ្ឋអាមេរិក បញ្ជាក់ថា ប្រទេសជាង៥០ត្រូវរងផលប៉ះពាល់ ដោយការវាយប្រហាររបស់ ក្រុមហ៊ូធី ចំនួន២៧លើកលើកប៉ាល់ទាំងអស់គិតត្រឹមពាក់កណ្តាលខែមករាឆ្នាំ២០២៤។ ជាការឆ្លើយតប កងកម្លាំងអាមេរិកនិងអង់គ្លេស ក៏បានបើកការវាយលុកប្រឆាំងនឹងគោលដៅជាច្រើនរបស់ក្រុមហ៊ូធី ក្នុងប្រទេសយេម៉ែន នារយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

នៅពេលត្រូវបានសួរថាតើសហរដ្ឋអាមេរិក កំពុងប្រថុយនឹងការបង្កជាជម្លោះដោយបើកចំហ មួយផ្សេងទៀតនៅក្នុងតំបន់ដែរឬទេ? អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ បានឆ្លើយតបថា “ទីក្រុងវ៉ាស៊ីនតោនចង់ចៀសវាងរឿងបែបនេះណាស់។ គ្មាននរណាចង់មានជម្លោះជាមួយក្រុមហ៊ូធីទេ។ យើងមិនចង់បង្កជម្លោះជាមួយយេម៉ែននៅទីនេះឡើយ។ យើងកំពុងព្យាយាម បញ្ឈប់រាល់ការវាយប្រហារ តាមដែលអាចធ្វើទៅបាន”។
ការអះអាងនេះកើតឡើងមួយថ្ងៃ បន្ទាប់ពី Reuters ចុះផ្សាយថា លោក Tayyip Erdogan ប្រធានាធិបតីតួកគី បានស្តីបន្ទោសខ្លាំងៗទៅលើសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស ដោយចោទសម្ព័ន្ធមិត្តទាំងពីរថា ចង់ប្រែក្លាយសមុទ្រក្រហម ទៅជា “សមុទ្រឈាម”។
ក្រោយពិធីអធិស្ឋានមួយក្នុងទីក្រុងអ៊ីស្តង់ប៊ុល លោក Erdogan ប្រាប់ទៅអ្នកសារព័ត៌មានថា “អាមេរិកនិងអង់គ្លេស បានប្រើកម្លាំងហួសហេតុដូចអ៊ីស្រាអែល ធ្វើដាក់ប៉ាឡេស្ទីនដែរ។ ពេលនេះ ពួកគេចង់ប្រែក្លាយសមុទ្រក្រហមទៅជាសមុទ្រឈាម ព្រោះយេម៉ែន ក៏ប្រតិកម្មមកវិញដែរថា ខ្លួននឹងសងសឹកតាមគ្រប់មធ្យោបាយដែលអាចធ្វើបានទៅលើកងកម្លាំងអាមេរិកនិងអង់គ្លេស”។

សូមបញ្ជាក់ជាថ្មី នៅថ្ងៃសៅរ៍ទី១៣ខែមករា សហរដ្ឋអាមេរិកបានវាយឆ្មក់តែឯងលើទីតាំងរ៉ាដារបស់ក្រុមហ៊ូធីមួយទៀតក្នុងប្រទេសយេម៉ែន ប៉ុន្តែនោះជាការវាយប្រហារទ្រង់ទ្រាយតូចជាង ការវាយប្រហារដែលរួមដៃជាមួយចក្រភពអង់គ្លេស នៅមួយថ្ងៃមុននេះ។
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និយាយថា ការវាយឆ្មក់នេះ គឺដើម្បីឆ្លើយតបទៅនឹង ការវាយប្រហាររបស់ក្រុមហ៊ូធី លើកប៉ាល់ដឹកទំនិញក្នុងសមុទ្រក្រហម ហើយថាទីក្រុងវ៉ាស៊ីនតោនកំពុងអនុវត្តសិទ្ធិការពារខ្លួន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សមាជិកណាតូមួយប្រទេស ចោទអាមេរិកនិងអង់គ្លេស ថា ចង់ប្រែក្លាយសមុទ្រក្រហម ទៅជា “សមុទ្រឈាម”

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ