ព័ត៌មានអន្ដរជាតិ
ម៉ាល់ឌីវ ដាក់ឱសានវាទឲ្យឥណ្ឌា ដកទ័ពចេញត្រឹមថ្ងៃ១៥ខែមីនា ខណៈជម្លោះកាន់តែក្តៅគគុក
ក្រោយទំនាក់ទំនងរវាងប្រទេសម៉ាល់ឌីវនិងឥណ្ឌាធ្លាក់ចុះដល់បាតក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ ឥឡូវជម្លោះកាន់តែក្តៅគគុកហើយដោយ រដ្ឋាភិបាលទីក្រុងម៉ាល បានដាក់ឱសានវាទដល់ទីក្រុង ញូវដែលី ឲ្យដកទ័ពចេញឲ្យអស់ពីប្រទេសរបស់ខ្លួន ត្រឹមថ្ងៃទី១៥ខែមីនា។ នេះបើយោងតាមការចុះផ្សាយរបស់ BBC នៅថ្ងៃចន្ទទី១៥ខែមករា។
ម៉ាល់ឌីវ បានស្នើសុំជាផ្លូវការបែបនេះ ក្នុងកិច្ចប្រជុំកម្រិតខ្ពស់លើកដំបូងរវាងភាគីទាំងពីរ នៅក្នុងរដ្ឋធានី ម៉ាល នៃប្រទេសម៉ាល់ឌីវ កាលពីថ្ងៃអាទិត្យទី១៤ខែមករា។
លោក Abdulla Nazim Ibrahim លេខាធិការគោលនយោបាយសាធារណៈនៃការិយាល័យប្រធានាធិបតី Mohamed Muizzu បាននិយាយថា “យោធាឥណ្ឌា មិនអាចបន្តនៅប្រទេសម៉ាល់ឌីវបានទៀតទេ។ នោះគឺជាគោលនយោបាយរបស់រដ្ឋបាល”។
សូមបញ្ជាក់ មានកងទ័ពឥណ្ឌាប្រហែល៨០នាក់ កំពុងស្ថិតនៅក្នុងប្រទេសម៉ាល់ឌីវ ដោយទីក្រុងដែលីនិយាយថា ពួកគេឈរជើងនៅទីនោះគឺដើម្បីថែទាំ និងបើកឧទ្ធម្ភាគចក្រជួយសង្គ្រោះនិងឈ្លបយកការណ៍ចំនួនពីរគ្រឿង និងយន្តហោះ Dornier មួយគ្រឿង ដែលខ្លួនផ្តល់ជំនួយឲ្យម៉ាល់ឌីវកាលពីឆ្នាំមុន។
ហេតុអ្វីម៉ាល់ឌីវនិងឥណ្ឌាឈ្លោះគ្នា
ពាក់ព័ន្ធរឿងនេះ យើងងាកទៅមើលយុទ្ធនាការឃោសនាបោះឆ្នោតម៉ាល់ឌីវបន្តិចសិន! មុនឡើងកាន់តំណែងកាលពីពាក់កណ្តាលខែវិច្ឆិកាឆ្នាំ២០២៣ លោក Muizzu បានប្តេជ្ញាបណ្តេញកងទ័ពឥណ្ឌា ចេញពីប្រជាជាតិកោះមួយនេះ ហើយលុបបំបាត់ឥទ្ធិពលរបស់ទីក្រុងញូវដែលី។
កិច្ចប្រជុំម៉ាល់ឌីវ-ឥណ្ឌា ធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោក Muizzu ត្រលប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន ដោយនៅទីនោះលោកបានជួបជាមួយប្រធានាធិបតី ស៊ី ជីនពីង និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត។ ក្រោយមក រដ្ឋាភិបាលទីក្រុងប៉េកាំង និងម៉ាល បានព្រមព្រៀងគ្នា លើកកម្ពស់ទំនាក់ទំនង ទៅរកភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
យ៉ាងណា មុនដំណើររបស់លោក Muizzu, ជម្លោះមួយបានផ្ទុះឡើងរវាងប្រទេសឥណ្ឌា និងម៉ាល់ឌីវ បន្ទាប់ពីអនុរដ្ឋមន្ត្រីប្រទេសម៉ាល់ឌីវ៣រូប បាន Comment ប្រមាថនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយក្រោយមានប្រតិកម្ម រដ្ឋមន្ត្រីទាំងបីក៏ត្រូវព្យួរការងារ។
លោក Muizzu មិនបានសម្របសម្រួលទេ ប៉ុន្តែបែរជាផ្គើនលើសដើម នៅពេលលោកថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ ក្រោយវិលត្រលប់ពីទីក្រុងប៉េកាំងវិញ។ លោកនិយាយថា ម៉ាល់ឌីវនឹងធ្វើពិពិធកម្មការនាំចូលអាហាររបស់ខ្លួននិងសេវាថែទាំសុខភាពពីក្រៅប្រទេស ជាក់ស្តែងដើម្បីកាត់បន្ថយការពឹងផ្អែករបស់ប្រទេសលោកលើឥណ្ឌា។
លោក Muizzu ក៏បានប្រកាសផែនការនាំចូលអាហារពីតួកគី ថ្នាំពេទ្យពីអឺរ៉ុប និងអាមេរិកផងដែរ ហើយប្រកាសក្តែងៗថា ប្រជាជនម៉ាល់ឌីវដែលមានសិទ្ធិក្រោមគម្រោងធានារ៉ាប់រងសុខភាពរបស់រដ្ឋ អាចទៅទីក្រុងឌូបៃនិងប្រទេសថៃដើម្បីព្យាបាលបាន ពោលគឺឈប់ទៅប្រទេសឥណ្ឌានិងស្រីលង្កាទៀត។
ដោយសារតែរឿងហេតុទាំងអស់នេះហើយ ទើបធ្វើឲ្យជម្លោះរវាងប្រទេសទាំងពីរ ក្តៅគគុកឈានដល់ដំណាក់កាលនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តើប្រធានាធិបតី ម៉ាល់ឌីវ ដែលសម្ដេចតេជោ ហ៊ុន សែន កំពុងជួបពិភាក្សា មានសាវតារយ៉ាងណា?
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់