ព័ត៌មានអន្ដរជាតិ
កើតចេញពីកូនប្រុសក្នុងគ្រួសារក្រីក្រ ទីបំផុតលោក Lai Ching-te ក្លាយជាមេដឹកនាំកំពូល កោះតៃវ៉ាន់
កាលពីថ្ងៃសៅរ៍ ទី១៣ ខែមករា លោក Lai Ching-te ជាអនុប្រធានាធិបតីនៃគណបក្សកាន់អំណាច (គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP)) បានឈ្នះការបោះឆ្នោតសកលយ៉ាងត្រជះត្រចង់ និងត្រៀមខ្លួនឡើងកាន់តំណែងជាប្រធានសធិបតីថ្មី នៅតៃវ៉ាន់ បន្ទាប់ពីលោកស្រី Tsai Ing-wen ។
តើប្រធានាធិបតីថ្មីតៃវ៉ាន់រូបនេះ ជានរណា?

លោក Lai Ching-te មានទីកំណើតនៅស្រុក Wanli ដែលពីមុនវាជាតំបន់ជនបទ មានប្រជាជនក្រីក្ររស់នៅច្រើន ហើយប្រជាពលរដ្ឋក្រីក្រទាំងនោះភាគច្រើនមានការងារជាកម្មកររ៉ែធ្យូងថ្ម ខណៈដែលគ្រួសាររបស់ Lai Ching-te ក៏ស្ថិតនៅក្នុងចំណោមគ្រួសារក្រីក្រផងដែរ ដោយឪពុករបស់លោកជាកម្មកររ៉ែជីកធ្យូងថ្ម ហើយបានស្លាប់តាំងពី Lai នៅតូចម្ល៉េះ ។ លោក Lai ធ្លាប់បាននិយាយថា គាត់ពុំបានស្គាល់មុខឪពុករបស់ខ្លួនឡើយព្រោះតែពេលនោះគាត់នៅមិនទាន់ដឹងក្ដី ហើយក្រោយពេលឪពុកលាចាកលោកទៅ អ្វីដែលបន្សល់ទុក គឺជាភាពក្រីក្របំផុត និងមានម្ដាយជាស្ត្រីមេម៉ាយខិតខំធ្វើការងារយ៉ាងលំបាក ដើម្បីចិញ្ចឹមកូនចំនួន ៥នាក់ក្នុងបន្ទុក ។
នៅក្នុងកម្មវិធីមួយកាលពីឆ្នាំ ២០២៣ Lai បាននិយាយបែបនេះថា “ធំដឹងក្ដីឡើងក្នុងគ្រួសារបែបនេះ (ក្រីក្រ) យើងនឹងកាន់តែចាស់ទុំ មានឆន្ទៈកាន់តែខ្ពស់ និងមានភាពក្លាហានជាងមុនដើម្បីជម្នះការលំបាក” ។
ដោយសារមានមហិច្ឆិតា ចង់ក្លាយជាវេជ្ជបណ្ឌិតម្នាក់ លោក Lai បានជម្នះឧបសគ្គនៃការលំបាក និងទទួលការសិក្សានៅ ទីក្រុងតៃប៉ិ បន្ទាប់មកបានបន្តការសិក្សានៅ សកលវិទ្យាល័យ National Cheng Kung ក្នុងទីក្រុង Tainan និង សកលវិទ្យាល័យ National Taiwan ក្នុងទីក្រុងតៃប៉ិ ហើយសកលវិទ្យាល័យមួយនេះ លោកបានចាប់យកជំនាញផ្នែកស្តារនីតិសម្បទា។ បន្ទាប់មកបុរសដែលមិនចេះបញ្ចប់មហិច្ឆិតារូបនេះ បានបន្តការសិក្សា ថ្នាក់អនុបណ្ឌិតផ្នែកសុខភាពសាធារណៈ នៅសកលវិទ្យាល័យ Harvard School of Public Health សហរដ្ឋអាមេរិក ហើយទីបំផុតលោកក៏បានក្លាយជាវេជ្ជបណ្ឌិតផ្នែកឆ្អឹងខ្នង នៅមន្ទីរពេទ្យ សាកលវិទ្យាល័យ ជាតិចេងកុង កោះតៃវ៉ាន់ ។
យ៉ាងណាមិញ មិនមានប្រភពណាមួយបង្ហាញពីប្រភពធនធាន និងមូលហេតុដែលបណ្ដាលឱ្យ Lai មានឱកាសបានសិក្សា និងបន្តការសិក្សានៅសាលាល្បីៗឡើយ ។
នៅក្នុងអាជីពជាវេជ្ជបណ្ឌិត លោក Lai បានជាប់ឈ្មោះជាគ្រូពេទ្យដែលមានប្រជាប្រិយភាពបំផុត ប្រជនតៃវ៉ាន់ពិតជាគោរពស្រឡាញ់គាត់ណាស់ រហូតដល់នៅឆ្នាំ ១៩៩៤ មន្ត្រីនៃគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) បានមកសុំការចូលរួមពីលោក Lai ដើម្បីធ្វើសកម្មភាពឃោសនា ។ កាលនោះគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ទើបបង្កើតដើម្បីប្រឆាំងនិងការដឹកនាំដ៏ផ្ដាច់ការរបស់គណបក្សប្រឆាំង Kuomintang (KMT) ដែលកាន់អំណាច។
លោក Lai ដែលធ្លាប់ជាអតីតនិស្សិតស្អប់ការជិះជាន់ និងផ្ដាច់ការ ក៏បានយល់ព្រមជាមួយ DPP ។ ក្នុងឆ្នាំ ១៩៩៨ សកម្មជនលទ្ធិប្រជាធិបតេយ្យមួយចំនួនបានអញ្ជើញលោក Lai ឱ្យចូលរួមជាមួយ DPP ដើម្បីឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើស នីតិបញ្ញត្តិ ប៉ុន្តែ Lai បានបដិសេធ ដោយនិយាយថា «ខ្ញុំកើតចេញពីគ្រួសារក្រីក្រ ក្ដីប្រាថ្នារបស់ខ្ញុំគ្រាន់តែចង់ក្លាយជាគ្រូពេទ្យប៉ុណ្ណោះ ហើយទីបំផុតខ្ញុំក៏បានសម្រេចដូចបំណង និងថែមទាំងក្លាយជាប្រធានពេទ្យទៀតផង» ។
យ៉ាងណាក៏ដោយ មិត្តភក្ដិនយោបាយរបស់ Lai នៅតែមិនបោះបង់ការអូសទាញឡើយ រហូតដល់ខែបន្ទាប់ស្របពេលនិងវិបត្តិច្រកសមុទ្រតៃវ៉ាន់ផ្ទុះឡើងដោយសារប្រទេសចិនបានធ្វើសមយុទ្ធបាញ់គ្រាប់ពិត និងបាញ់មីស៊ីលឆ្ពោះទៅកាន់កោះតៃវ៉ាន់ ធ្វើឱ្យលោក Lai ផ្ដាស់ប្ដូរគំនិតចង់បញ្ចប់អាជីពពេទ្យ និងឈោងចាប់ការងារនយោបាយយ៉ាងពេញទំហឹងវិញម្ដង ។ កាលនោះ Lai ក៏បានជាប់ឆ្នោតជា អ្នកតំណាងឱ្យគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យនៅក្នុងសង្កាត់ទីពីរនៃទីក្រុង Tainan ។ ហើយក្រោយមកគាត់ ត្រូវបានជ្រើសរើសឡើងវិញចំនួន៣ដងក្នុង ឆ្នាំ ២០១ , ២០០៤ , និង ២០០៨ ។ សរុបមក Lai បានបម្រើការជាសមាជិកសភាអស់រយៈពេល ១១ ឆ្នាំ ហើយត្រូវបានជ្រើសរើសជា “សមាជិកសភាល្អបំផុត” របស់តៃវ៉ាន់ ៤ ដងជាប់ៗគ្នាដោយ អង្គការ NGO Citizen Congress Watch ដែលមានមូលដ្ឋាននៅ ទីក្រុងតៃប៉ិ ។
នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០១០ Lai បានជាប់ឆ្នោតក្លាយជាអភិបាលក្រុង Tainan ដោយយកឈ្នះបេក្ខភាពពីគណបក្ស Kuomintang (KMT) ។

នៅឆ្នាំ ២០១៧ Lai បានចុះចេញពីតំណែងអភិបាលក្រុង Tainan ហើយក៏បានតែងតាំងជានាយកមន្ត្រី ។
ខែវិច្ឆិកា ឆ្នាំ ២០២២ ប្រធានាធិបតីលោកស្រី Tsai Ing-wen បានលាលែងពីតំណែងជាមេដឹកនាំ DPP បន្ទាប់ពីគណបក្សនេះចាញ់យ៉ាងធ្ងន់ធ្ងរនៅក្នុង ការបោះឆ្នោតក្នុងស្រុក ។ ហើយនៅខែធ្នូ ឆ្នាំដដែលនោះ Lai បានចុះឈ្មោះផ្លូវការជាបេក្ខជនប្រធាន DPP ហើយលោកបានក្លាយជា ប្រធានថ្មីនៃ DPP នៅឆ្នាំ ២០២៣ ។
នៅក្នុងខែមីនា ឆ្នាំ ២០២៣ លោក Lai បានចុះឈ្មោះជាមនុស្សតែម្នាក់គត់ដែលឈរឈ្មោះក្នុងការបោះឆ្នោតបឋមប្រធានាធិបតីឆ្នាំ ២០២៤ របស់ DPP ហើយត្រូវបានតែងតាំងជាផ្លូវការដោយគណបក្សកាន់អំណាចមួយនេះ នៅខែមេសា ។ ហើយទីបំផុតក្ដីស្រម៉ៃដែលមិនធ្លាប់នឹកស្មានដល់នៃកូនប្រុសត្រកូលអ្នកក្ររូបនេះ ទទួលបានជោគជ័យ នៅក្នុងយុទ្ធនាការបោះឆ្នោតសកល ថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២៤ ដោយបានក្លាយជាប្រធានាធិបតីថ្មីនៃកោះតៃវ៉ាន់ ដែលនឹងចូលកាន់តំណែងផ្លូវការណ៍នៅខែឧសភា ខាងមុខនេះ ៕
ប្រែសម្រួលដោយ៖ ប៉ោ កុសល
ប្រភព៖ CNN, scmp, nikkei

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ