ព័ត៌មានអន្ដរជាតិ
ប្រមុខ UN ថា “យើងមិនចង់ឃើញ លីបង់ រលាកភ្លើងសង្គ្រាមដូចនៅតំបន់ហ្គាហ្សាឡើយ”
ជាង ១០០ ថ្ងៃទៅហើយនៃភ្លើងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតែបន្តឆេះរោលរាល ខណៈអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres ក៏បានសម្តែងក្ដីភ័យព្រួយទៅដល់ភាពតានតឹងមួយផ្សេងទៀតដែលកំពុងផ្ទុះឡើងដូចគ្នាគឺរវាងអ៊ីស្រាអែល និងលីបង់ ។ នេះបើយោងតាមការចុះផ្សាយដោយគេហទំព័រផ្លូវការរបស់ UN នៅថ្ងៃទី១៦ ខែមករានេះ ។

លោក Guterres បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯទីស្នាក់ការអង្គការសហប្រជាជាតិថា “យើងមិនចង់ឃើញជម្លោះមួយផ្សេងទៀតដូចក្នុងស្ថានការណ៍នៅជ្រោយហ្គាហ្សា ផ្ទុះឡើងនៅក្នុងប្រទេសលីបង់នោះទេ ហើយយើងក៏មិនចង់ឲ្យភ្លើងសង្គ្រាមបន្តឆេះខ្លោចនៅក្នុងតំបន់ហ្គាហ្សាទៀតនោះដែរ” ។
ប្រមុខ UN រូបនេះបានសង្កត់ធ្ងន់ថា មនុស្សរាប់ម៉ឺននាក់នៅភាគខាងជើងអ៊ីស្រាអែល និងភាគខាងត្បូងលីបង់បានផ្លាស់ទីជម្រក ដោយសារតែការប្រយុទ្ធគ្នានៅក្នុងភ្លើងសង្គ្រាម ស្របពេលដែលជំនួយមនុស្សធម៌ចូលទៅក្នុងប្រទេសលីបង់ក៏មានឧបសគ្គបាំងមុខផងដែរ ។
ទោះយ៉ាងណា សារព័ត៌មាន CNN ក៏បានរាយការណ៍ពីដំណោះស្រាយរបស់លោក Guterres នៅក្នុងភ្លើងសង្គ្រាមមួយនេះដែរថា “ការទម្លាក់អាវុធចុះធ្វើឲ្យមានបទឈប់បាញ់មនុស្សធម៌ភ្លាមៗ ហើយទាមទារឲ្យមានការដោះលែងឈ្លើយសឹកទាំងអស់នៅតំបន់ហ្គាហ្សាជាបន្ទាន់ និងគ្មានលក្ខខណ្ឌ គឺជាផ្លូវដោះស្រាយដ៏ល្អបំផុតដើម្បីឈានទៅដល់សុខសន្តិភាព” ។

ស្ថានភាពតានតឹងបានកើនឡើងតាមបណ្តោយព្រំដែនលីបង់ជាមួយអ៊ីស្រាអែល ចាប់តាំងពីកងទ័ពរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានលើកទ័ពចូលទៅវាយលុកយ៉ាងសាហាវទៅលើតំបន់ហ្គាហ្សាស្ទ្រីប ក្រោយព្រឹត្តិការណ៍វាយឆ្មក់ ៧ តុលា របស់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសចូលទៅក្នុងទឹកដីនៃប្រទេសអ៊ីស្រាអែលដោយបានសម្លាប់មនុស្សប្រមាណ ១,២០០ នាក់ ខណៈពលរដ្ឋប៉ាឡេស្ទីនរស់នៅតំបន់ហ្គាហ្សាប្រមាណ ២៤,០០០ នាក់ក៏ស្លាប់បាត់បង់ជីវិតផងដែរក្រោមកណ្ដាប់ទ័ពអ៊ីស្រាអែល ។
ទន្ទឹមនោះ ក្រោយផ្ទុះភ្លើងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសបានប៉ុន្មានថ្ងៃប៉ុណ្ណោះ ក៏មានការបាញ់បោះឆ្លងព្រំដែនមួយទៀតផ្ទុះឆេះផងដែររវាងក្រុមហេសបូឡា និងកងកម្លាំងអ៊ីស្រាអ៊ែល ហើយនេះជាការប៉ះទង្គិចគ្នាយ៉ាងសាហាវបំផុត ចាប់តាំងពីភាគីទាំងពីរផ្ទុះភ្លើងសង្រ្គាមពេញទីក្នុងឆ្នាំ ២០០៦ ៕

ដោយ ៖ សុខ ជីវ័ន្ត

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ