ព័ត៌មានអន្ដរជាតិ
ទម្លាប់ពេលព្រឹកមិននឹកស្មានរបស់មហាសេដ្ឋីបច្ចេកវិទ្យាអាមេរិក ២ រូបលើរឿងសុខភាព
សម្រាប់អ្នកមានសេរីភាពផ្នែកហិរញ្ញវត្ថុ ឬអាចហៅយ៉ាងសាមញ្ញថា អ្នកមានលុយចាយលែងអស់ រឿងសុខភាពអាចជាអាទិភាពចម្បងមួយសម្រាប់ពួកគេ ។ ជាមួយគ្នានេះ បើយើងក្រឡេកមើលទម្លាប់មហាសេដ្ឋីក្នុងវិស័យបច្ចេកវិទ្យាល្បី ២ រូប គឺលោក Elon Musk និងលោក Mark Zuckerberg ថាតើលោកទាំងពីរនេះមានទម្លាប់គិតគូរយ៉ាងណាលើរឿងសុខភាព ស្របពេលដែលលុយពុំមែនបញ្ហារបស់ពួកគេនោះ ។

១– នាយកប្រតិបត្តិក្រុមហ៊ុន Tesla
ប្រិយមិត្តអាចនឹងភ្ញាក់ផ្អើលពេលដឹងពីទម្លាប់ញ៉ាំអាហារពេលព្រឹករបស់អ្នកមានលុយមិនខ្វះ Elon Musk។ ស្ថាបនិកក្រុមហ៊ុន SpaceX រូបនេះបានសរសេរក្នុងបណ្ដាញ X ផ្ទាល់ខ្លួនថា “ខ្ញុំតែងតែញ៉ាំនំដូណាត់រាល់ព្រឹក” ។ លោកក៏បានលើកឡើងដែរថា ចំណែករបបអាហារជាទម្លាប់របស់លោក គឺញ៉ាំអាហារតាមចំណូលចិត្ត ដូចជា ស៊ូស៊ី (Sushi), សាច់គោ, ភេសជ្ជៈកាហ្វេ, សូកូឡា និងកូកាកូឡាជាដើម ។
ជារៀងរាល់ឆ្នាំ Musk បានប្រាប់ជាសាធារណៈថា លោកពុំសូវមានទម្លាប់ល្អក្នុងរបបអាហារនោះទេ ។ លោកថែមទាំងនិយាយក្នុងកម្មវិធី Podcast មួយឈ្មោះ Joe Rogan Experience កាលពីឆ្នាំ ២០២០ ទៀតថា “ខ្ញុំសុខចិត្តញ៉ាំអាហារឆ្ងាញ់ៗ ទោះបីរស់មិនបានយូរក៏ដោយ” ។

ទម្លាប់ខាងលើនេះអាចជារឿងភ្ញាក់ផ្អើលមួយសម្រាប់មនុស្សគ្រប់គ្នា ដោយហេតុថា លោក Musk ដែលមានក្រុមហ៊ុនធំៗចំណូលជាច្រើនក្នុងដៃ ជាមហាសេដ្ឋីកំពូល និងមានលទ្ធភាពជួលចុងភៅចម្អិនអាហារផ្ទាល់ខ្លួនបាន ហើយថែមទាំងមានម្តាយជាគ្រូណែនាំ និងជាអ្នកជំនាញខាងផ្នែកជីវជាតិចំណីអាហារនៃសាកលវិទ្យាល័យ Toronto ទៀតនោះ ប៉ុន្តែលោកនៅមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់គិតគូរលើរឿងនេះទៅវិញ ។
គួររំឭកថា ការមានទម្លាប់ញ៉ាំនំដូណាត់រាល់ព្រឹកនេះ ធ្វើឲ្យសាធារណជនភ្ញាក់ផ្អើលមិនតិចឡើយ ដោយហេតុថា ម្ចាស់ក្រុមហ៊ុន X (ពីមុន Twitter) រូបនេះ មានទ្រព្យសម្បត្តិសុទ្ធសរុបដល់ទៅ ២៣៩ ពាន់លានដុល្លារអាមេរិកគិតត្រឹមឆ្នាំ២០២៣ ដែលអាចនិយាយថា លោកអាចជួលអ្នកជំនាញផ្សេងៗសឹងគ្រប់ផ្នែកសម្រាប់ផ្តោតលើសុខភាព ប៉ុន្តែបែរជារលោក Musk មិនមានទស្សនៈបែបនេះទៅវិញ ។
២-នាយកប្រតិបត្តិក្រុមហ៊ុន Meta Plaforms (អតីត Facebook)
ក្រឡេកមកមើល មហាសេដ្ឋីបច្ចេកវិទ្យាបណ្តាញសង្គមឯនេះវិញ គឺលោក Mark Zuckerberg ។ ក្នុងវ័យ ៣៩ ឆ្នាំ លោកក៏មានទ្រព្យសម្បត្តិច្រើនក្រាស់ក្រែល ក្នុងចំណោមអ្នកមានទាំងអស់នៅលើពិភពលោក ដែលស្ថិតនៅចំណាត់ថ្នាក់លេខ ៦ ។ នេះបើយោងតាមទិន្នន័យពីសារព័ត៌មាន Forbes ។
សារព័ត៌មាន New York Post បានឲ្យដឹងពីទម្លាប់ប្រចាំថ្ងៃរបស់មហាសេដ្ឋីរូបនេះ មានចំណូលចិត្តច្រើនទៅលើការហ្វឹកហាត់ប្រកួតគុនចម្រុះ MMA (Mixed Martial Arts) ដោយចំណាយពេលហាត់ ៣ ទៅ ៤ ដង ក្នុងនោះក៏មានការរត់ ៣ ដងក្នុងមួយសប្តាហ៍ផងដែរ ។ បន្ថែមពីនោះគេសង្កេតឃើញថា លោកក៏មានទម្លាប់ចំណាយពេលច្រើនទៅលើការមើលថែកូនស្រីទាំងបី របស់លោក គឺ Maxima, August និងAurelia មិនថាការអានសៀវភៅ ការរៀនពីបច្ចេកវិទ្យាកូដកម្មវិធីកុំព្យូទ័រនោះឡើយ ។

បើគេក្រឡេកទៅមើលរបបអាហាររបស់លោកវិញ លោកច្រើនមិនបើកបង្ហាញនូវអ្វីដែលខ្លួនទទួលទានទេ ប៉ុន្តែលោកប្រាប់ថា ជារៀងរាល់ព្រឹកលោកតែងញ៉ាំអាហារសម្រាប់ជាថាមពលក្នុងបរិមាណ ៤០០០ កាល់ឡូរី ។ ការញ៉ាំនេះ គឺដើម្បីប៉ះប៉ូវទៅលើចំណូលចិត្ត ដែលលោកចូលហ្វឹកហាត់គុនចម្រុះនោះឯង។
នៅក្នុងកម្មវិធីសំនួរ-ចម្លើយរបស់ Business Insider ព័ត៌មានផ្សេងៗទាក់ទិននឹងរឿងទម្លាប់ផ្ទាល់ខ្លួន លោក Mark បានឲ្យដឹងថា ជាទម្លាប់ លោកចំណាយពេលព្រឹកទៅនឹងទូរសព្ទ ។ ដោយទម្លាប់នោះ គឺតាមដានពីព័ត៌មាន ព្រឹត្តិការណ៍នានាលើពិភពលោក ពិសេសទិន្នន័យផ្សេងៗសម្រាប់ការសម្រេចចិត្តនានា របស់ក្រុមហ៊ុនសាវជីវកម្មបច្ចេកវិទ្យារបស់ខ្លួន។

សេដ្ឋីប្រាក់ពាន់លានដុល្លាររូបនេះ ក៏ធ្លាប់បានសារភាពប្រាប់ទៅ កម្មវិធី Podcast Joe Rogan ពីបទពិសោធផ្ទាល់ខ្លួនទៅកាន់សាធារណជនផងដែរថា ទម្លាប់ពេលព្រឹករបស់លោក មិនល្អនោះទេ ពិសេសក្រោកពីម៉ោង ៨ ព្រឹក ពាក់អាវម៉ូដដដែលៗដោយមិនសូវខ្វល់ខ្វាយច្រើន និងចុចមើលទូរសព្ទជាច្រើនម៉ោង ។ ប៉ុន្តែទន្ទឹមនឹងនោះលោកក៏ព្យាយាមញ៉ាំអាហារប៉ះប៉ូវ ចូលហាត់កីឡា ចំណាយពេលជាមួយគ្រួសារ និងព្យាយាមគេងឲ្យបានគ្រប់ ៨ ម៉ោងផងដែរ ៕

អត្ថបទដោយ៖ មាន រតនា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ